Wednesday, April 6, 2011

ភាពស៊ាំ​នឹង​ថ្នាំ​សម្លាប់​មីក្រុប ៖ បញ្ចេញ​សកម្មភាព​ថ្ងៃនេះ ដើម្បី​​រក្សា​ប្រសិទ្ធិភាព​ថ្ងៃ​អនាគត


ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​មីក្រុប​ មិន​មែន​ជា​បញ្ហា​ថ្មី​ទេ តែ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​កាន់​តែ​ព្រួយ​បារម្ភ។ គេ​ត្រូវ​តែ​ប្រឹង​ប្រែង​​គិត​គូរ​អំពី​បញ្ហា​នេះ ជា​​​បន្ទាន់​ ដើម្បី​កុំ​ឲ្យ​ហួស​ពេល និង​លែង​មាន​លទ្ធភាព​ធ្វើ​អ្វី​កើត ដូច​សម័យ​ដែល​គេ​ពុំ​ទាន់​រកឃើញ​ថ្នាំ​ពេទ្យ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​អង្គការ​សុខភាព​ពិភពលោក ​ជ្រើស​រើស​យក “ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​មីក្រុប” មក​ធ្វើ​ជា​ប្រធានបទ​​ ក្នុង​ឱកាសទិវាសុខភាព​​ពិភព​លោក​ នៅ​ថ្ងៃ​ ​ទី ៧ មេសាឆ្នាំ ២០១១។

ការ​រីក​រាល​ដាល​នៅ​លើ​ពិភពលោក នៃ​ភាព​ធន់​នឹង​ថ្នាំ​សម្លាប់​មីក្រុប

បច្ចុប្បន្ន​នេះ យើង​រស់​នៅ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ថ្នាំ​ផ្សះ(Antibiotique) ថ្នាំ​សម្លាប់​មីក្រុប (Antimicrobiens) ដើម្បី​ព្យាបាល​ជំងឺ។ ព្យាបាល​បាន​ជា​សះ​ស្បើយ ហើយ​ជំងឺ​ខ្លះ​ដែល​កាល​ពីទសវត្ស​មុន ឬ កាលពី​មុន​ ដូច​ករណី​ជំងឺ​ស៊ីដា បើ​ឈឺ​គឺ​មាន​តែ​រង់​ចាំ​ថ្ងៃ​ស្លាប់ ក៏​អាច​ទទួល​ការ​ព្យាបាល​ពន្យារ​ជីវិត​បាន​។ ប៉ុន្តែ​ដោយ​ឥទ្ធិពល​នៃ​ភាព​ស៊ាំ ឬ​ធន់​ ថ្នាំ​ខ្លះ​លែង​មាន​ប្រសិទ្ធិភាព​សោះ។

អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​សេចក្តី​អំពាវ​នាវ​ ឲ្យ​ពិភពលោក​ទាំងមូល​សន្យា​រួម​គ្នា​ ចូល​រួម​ចំណែក​ជួយ​ថែ​រក្សា​​គុណភាព​ថ្នាំ​ ដើម្បី​ជា​ប្រយោជន៍​​ដល់​​ក្មេង​ជំនាន់​ក្រោយ។ ភាព​ធន់​នឹង​ថ្នាំសម្លាប់​មីក្រុប ដែល​ជា​ប្រធានបទ​នៃ​ទិវា​សុខភាព​ពិភពលោក​ឆ្នាំ​២០១១ កំពុង​បន្ត​រីក​រាល​ដាល និង​គំរាម​ប្រសិទ្ធិភាព​ថ្នាំ​ជា​ច្រើន​ដែល​គេ​ប្រើ​ប្រាស់​រាល់​ថ្ងៃ​សម្រាប់​ព្យាបាល​ជំងឺ​ឆ្លង។

តើ​អ្វី​ទៅ​ជា​ភាព​ធន់​នឹង​ថ្នាំ​សម្លាប់​មីក្រុប ?


ជា​បឋម​ សូម​ជម្រាប​ជូន​ថា ថ្នាំ​សម្លាប់​មីក្រុប Antimicrobien គឺ​ជា​ពពួក​ថ្នាំ ដែល​មាន​ប្រសិទ្ធិភាព​ទៅ​សម្លាប់ ឬ​ទៅ​កាត់​បន្ថយ​សកម្មភាព​របស់ បាក់តេរី (bactéricide) ឬ​(bactériostatique) វីរ៉ុស (antivirale) ផ្សិត (antimycosique) ប៉ារ៉ាស៊ីត (antiparasitaire)។ ថ្នាំ​Antibiotique ជា​ក្រុម​ថ្នាំ​ដែល​អាច​ទៅ​សម្លាប់ ទប់​ស្កាត់​​ពពួក​បាក់តេរី គឺ​ជា​ចំណែក​មួយ​នៃ​ក្រុម​ថ្នាំ សម្លាប់​មីក្រុប Antimicrobien ដែល​គេ​ស្គាល់​ខ្លាំង​ជាង​គេ។

ភាព​ធន់​នៃ​ថ្នាំ​​ប្រឆាំង​-សម្លាប់​មីក្រុប ឬ​ភាពធន់​នៃ​ថ្នាំ “Pharmaco-résistance” លេច​ឡើង​នៅ​ពេល​ដែល​មីក្រូសរីរាង្គ​(សរីរាង្គ​តូចៗ) មាន​ជា​អាទិ៍​មីក្រុប វីរ៉ុស បាក់តេរី ពពួក​ផ្សិត ឬ ពពួក​ប៉ារ៉ាស៊ីត ទទួល​រង​ការ​ប្តូរ​ផ្លាស់ ថ្នាំ​ដែល​អ្នក​ជំងឺ​លេប​ទៅ​ដើម្បី​សម្លាប់​មេរោគ​ ក្លាយ​ទៅ​ជា​គ្មាន​ប្រសិទ្ធិភាព។ នេះ​ហើយ​ដែល​ហៅថា​ ភាព​ធន់​នឹង​ថ្នាំ ! ភាព​ធន់​ដែល​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន​ប្រសិន​បើ​មេរោគ​ស៊ាំ​ខ្លាំង​ពេក គ្មាន​ថ្នាំ​ទប់​ទល់។

ការ​ធន់​នឹង​ថ្នាំ​ គឺ​បណ្តាល​មក​ពី ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ ដោយ​មិន​គោរព​តាម​កំរិត​បញ្ជា​ឲ្យ​ប្រើ​ប្រាស់ ៖ ​ពេល​ខ្លះ​ប្រើ​តិច​ជាង​កំរិត​ធម្មតា ជួន​មក​ពី​ការ​បញ្ឈប់​ការ​ប្រើ​ប្រាស់​កណ្តាល​ទី​ ជួនបណ្តាលមក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មាន​គុណភាព​មិន​ល្អ មិន​គ្រប់​គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង។

ជួន​កាល​ទៀត​គឺ​បណ្តាល​មក​ពី​ការ​ឲ្យ​​ថ្នាំ​​មិន​ត្រឹម​ត្រូវ។ ឧទាហរណ៍​នៅ​មាន​អាការៈ​គ្រុន​ផ្តាសាយ​បន្តិច​បន្តួច ដែល​បង្ក​ឡើង​ដោយ​វីរ៉ុស គេ​មិន​ត្រូវ​លេប​ថ្នាំ​ពពួក​អង់ទីប៊ូយូទិក​ជា​ដាច់​ខាត។ បណ្តា​ជន​ភាគ​ច្រើន​ ច្រើន​តែ​យល់​ច្រឡំ​ថា រាល់​ពេល​មាន​រោគ​សញ្ញា​ ឬ​អាការៈ​ជំងឺ​ បង្កឡើង​ដោយ​មេរោគ ត្រូវ​តែ​​ប្រើ​ថ្នាំ​ Antibiotique ថ្នាំ​ផ្សះ។ ជាទូទៅ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​​ បង្ក​ឡើង​ដោយ​មេរោគ​ ពេល​បាន​លេប​ថ្នាំ​​ពពួក​ ​Antibiotique (Amoxicilline) ហាក់​មាន​អារម្មណ៍​ធូរស្រាល។ តែ​នេះ​ការ​គំនិត​ខុស​ទាំង​ស្រុង ព្រោះ​អ្នក​ជំងឺ​បាន​ធូរស្រាល​មែន ប៉ុន្តែ​មិន​មែន​ដោយ​សារ​ថ្នាំ​ទេ គឺ​ដោយសារ​ការ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធូរស្រាល​តាម​ដំណើរ​​របស់​ជំងឺ​តែ​ប៉ុណ្ណោះ។

ពេល​នេះ​វិទ្យាសាស្ត្រ​ជឿន​លឿន​គ្រប់​គ្រាន់​ល្មម​នឹង​អាច​ឲ្យ​គេ​ដឹង និ​ង​កំណត់​បាន​យ៉ាង​ច្បាស់​លាស់​ណាស់ អំពី​​ថ្នាំ​ Antibiotique ៖ រយៈ​ពេល​នៃ​ការ​ប្រើ​ប្រាស់ ប្រភេទ​ថ្នាំ​ Antibiotique ណា​ត្រូវ​ព្យាបាល​ជំងឺ​មួយ​ណា៕
Link:http://www.khmer.rfi.fr/Healht%20word%20day%20%3A%20Antimicrobien

No comments:

Post a Comment