បន្ទាប់ពីបានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃ កនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមក កិច្ចព្រមព្រៀងស្តីពីថវិកាជាតិសម្រាប់ឆ្នំា ២០១១ ត្រូវបានអនុម័តនៅយប់ថ្ងៃសុក្រ ទី៨ មេសា រវាងក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋ។ ប៉ុន្តែគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ តម្រូវឲ្យមានការកាត់បន្ថយការចំណាយរហូតដល់ទៅ ៣៩ពាន់លានដុល្លារ។ លោកប្រធានាធីបតីអូបាម៉ាបានចាត់ទុកវិធានការសន្សំសំចៃនេះថា មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកទេ។
គម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០០១ ត្រូវបានរកឃើញនៅវេលាម៉ោង ១១យប់ថ្ងៃសុក្រ ទី៨ មេសា ពោលគឺ ១ម៉ោងមុនការផុតកំណត់នៃថវិកាឆ្នំា ២០១០។ ប្រសិនបើគ្មានការអនុម័តលើគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ ឲ្យបានមុនអធ្រាត្រយប់មិញទេ នោះដំណើរការរបស់រដ្ឋាភិបាលនឹងត្រូវជាប់គំាងទំាងស្រុង។ ក្រៅពីការបិទទ្វាររម្មណីយដ្ឋានទេសចរណ៍មួយចំនួន សេវាសាធារណៈក៏ត្រូវជាប់គំាង ហើយរដ្ឋក៏គ្មានលុយសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីរដ្ឋការរបស់ខ្លួនប្រមាណជា ៨០ម៉ឺននាក់។ អ្វីជាការកត់សម្គាល់ ក្រុមអ្នកសាធារណរដ្ឋ និងក្រុមអ្នកប្រជាធិបតេយ្យបានព្រមព្រៀងគ្នាលើគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ ដែលមានការកាត់បន្ថយការចំណាយរហូតដល់ទៅ ៣៩ពាន់លានដុល្លារ។ ក្រៅពីការបង្ខំចិត្តទទួលយកវិធានការសន្សំសំចៃ លោកប្រធានាធិបតីអូបាម៉ាក៏បានប្រកាសទទួលស្គាល់ជាផ្លូវការថា នេះជាវិធានការសន្សំសំចៃមួយដែលអាមេរិកមិនធ្លាប់មានទេ ពីពេលមុន៖
កត្តាខ្វែងគំនិតគ្នារវាងក្រុមអ្នកប្រជាធិបតេយ្យនិងក្រុមអ្នកសាធារណរដ្ឋ
បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ក្រុមអ្នកប្រជាធិបតេយ្យរបស់លោកអូបាម៉ាមានសំឡេងភាគច្រើននៅឯព្រឹទ្ធសភា ចំណែកក្រុមអ្នកសាធារណរដ្ឋមានសម្លេងភាគច្រើននៅរដ្ឋសភា។ អ្វីដែលក្រុមទំាងពីរបានប្រទាញប្រទង់គ្នា គឺនៅក្នុងខ្ទង់សន្សំសំចៃ។ ក្រុមអ្នកសាធារណរដ្ឋដែលមានសឡេងភាគច្រើននៅរដ្ឋសភា ចង់ឲ្យរដ្ឋកាត់បន្ថយខ្ទង់ចំណាយរហូតដល់ទៅ ៦០ពាន់លានដុល្លារ តែក្រុមអ្នកប្រជាធិបតេយ្យរបស់លោកអូបាម៉ាដែលមានសំឡេងភាគច្រើននៅព្រឹទ្ធសភា មិនព្រម។ អ៊ីចឹងឃើញថា អ្នកដែលយកជើងរាទឹក គឺក្រុមអ្នកសាធារណរដ្ឋ។ ករណីដូចគ្នានេះ គេធ្លាប់ឃើញមានម្តង នៅក្នុងឆ្នំា ១៩៩៦ ជំនាន់លោកប្រធានាធិបតី Bill Clinton។ កាលណោះពួកគេបានជជែកដេញដោលគ្នាអស់រយៈពេល ២១ថ្ងៃ ទម្រំារកបានកិច្ចព្រមព្រៀងរវាងគ្នា។
នៅក្នុងជំនាន់លោក អូបាម៉ា ក្រៅពីបញ្ហាកាត់បន្ថយការចំណាយដែលជាកត្តាចម្រូងចម្រាសចម្បង គេសម្លឹងឃើញការប្រឈមមុខដាក់គ្នារវាងក្រុមគណបក្សប្រឆំាងពីរនៅក្នុងរដ្ឋសភា គឺគណបក្សសាធារណរដ្ឋ និងគណបក្ស Tea Party ដែលជាក្រុមអភិរក្សនិយមជ្រុល។ គឺក្រុមគណបក្ស Tea Party ដែលបានជម្រុញគណបក្សសាធារណរដ្ឋឲ្យកាត់បន្ថយលើគម្រោងចំណាយសង្គមដែលស្នើឡើងដោយក្រុមអ្នកប្រជាធិបតេយ្យ និងទាមទារឲ្យលុបចោលនូវគម្រោងកំណែទម្រង់មួយចំនួន ដូចយ៉ាងគម្រោងកំណែទម្រង់លើប្រព័ន្ធសុខាភិបាល ដែលជាអាទិភាពរបស់លោក អូបាម៉ា។
គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់
ទំាងក្រុមអ្នកប្រជាធិបតេយ្យ ទំាងក្រុមអ្នកសាធារណរដ្ឋអាចប្រកាសថា ខ្លួនជាអ្នកឈ្នះ។ តែអ្នកដែលឈ្នះពិតប្រាកដនៅក្នុងវិបត្តិថវិកាលើកនេះប្រហែលជាលោកប្រធានាធិបតី អូបាម៉ា ព្រោះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកអូបាម៉ាបានបញ្ចេញសកម្មភាពខ្លំាងណាស់ ដោយបានទទូចឲ្យក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋព្យាយាមបញ្ឈប់ការខ្វែងគំនិតគ្នា។ ទង្វើរបស់លោក អូបាម៉ានេះ មិនមែនជារឿងមួយចៃដន្យទេ ព្រោះថា ប្រសិនបើអាមេរិកទំាងមូលត្រូវជាប់គំាងមែននោះ លោក អូបាម៉ាក៏នឹងបាក់មុខ បាក់មាត់មិនតិចដែរ ពិសេស ជួនចំពេលដែលលោកទើបបានថា នឹងឈរឈ្មោះមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នំា ២០១២ ខាងមុខ៕
No comments:
Post a Comment