ផលវិបាកសេដ្ឋកិច្ចដែលកើតមានក្រោយពីគ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ា អាចជំរុញឲ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ទៅក្នុងសភាពដើរថយក្រោយនៅរយៈប៉ុន្មានខែខាងមុខនេះ។រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យប្រទេសជប៉ុន បាត់បង់អស់២៥ ០០០ពាន់លានយេនឬត្រូវជា២៩៧ពាន់លានដុល្លារ។
បើយោងតាមអ្នកសេដ្ឋសាស្ត្រជាច្រើនដែលបានថ្លែងពន្យល់សារព័ត៌មានសេដ្ឋកិច្ចជប៉ុនNikkeiថា៖ គ្រោះមហន្តរាយទាំងបីពោលគឺ គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យបាត់បង់អស់នូវទំនុកចិត្តពីសំណាក់វិនិយោគិន ពីសំណាក់ឧស្សាហករនិងពាណិជ្ជករដែលនាំទំនិញចេញទៅលក់ក្រៅប្រទេស ហើយនិងការទិញដូរហូបចុកផ្ទៃក្នុង។
នៅក្នុងបរិបទនេះ សន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសជប៉ុននឹងពុំអាចកើតមានមុនត្រីមាសទីបីឆ្នាំ២០១១ឡើយ។
ជាមធ្យម ផលិតផលដុលក្នុងប្រទេសនៃមហាអំណាចសេដ្ឋកិច្ចទីបីពិភពលោកអាចនឹងធ្លាក់បាត់បង់អស់ប្រមាណ០,៦%ក្នុង១ឆ្នាំនៅត្រីមាសទី១ឆ្នាំ២០១១ បន្ទាប់មកនឹងត្រូវបាត់បង់អស់២,៦%សម្រាប់រយៈកាលនៃត្រីមាសទី២។ ប៉ុន្តែបើយោងតាមអ្នកសេដ្ឋសាស្ត្រទុទិ្ទដ្ឋិនិយមខ្លះ នៅត្រីមាសទីពីរឆ្នាំ២០១១ ផលិតផលដុលក្នុងប្រទេសជប៉ុនអាចធ្លាក់បាត់បង់អស់ប្រមាណ៧,១%។
ក្រោយពីគ្រោះមហន្តរាយរញ្ជួយផែនដីនិងមហារលកយក្សនៅថ្ងៃទី១១មីនាឆ្នាំ២០១១ អ្នកសេដ្ឋសាស្ត្រជាច្រើនយល់ឃើញថា ការទិញដូរហូបចុកផ្ទៃក្នុងនិងការនាំចេញរបស់ជប៉ុនអាចស្គាល់ការធ្លាក់ស្រុតចុះបន្ថែមទៀតនៅចន្លោះខែមេសានិងខែមិថុនាឆ្នាំ២០១១។
ការនាំចេញរបស់ប្រទេសជប៉ុននឹងស្គាល់ការធ្លាក់ស្រុតចុះខ្លាំងនៅក្នុងវិស័យរថយន្តនិងក្នុងវិស័យអេឡិចត្រូនិក ហើយនិងក្នុងវិស័យដទៃទៀតដែលមានជាប់ពាក់ព័ន្ធនឹងការទទួលរងគ្រោះដោយមហន្តរាយរញ្ជួយផែនដីនិងមហារលកយក្សនៅថ្ងៃទី១១មីនាឆ្នាំ២០១១។
រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យប្រទេសជប៉ុនបាត់បង់អស់២៥ ០០០ពាន់លានយេនឬត្រូវជា២៩៧ពាន់លានដុល្លារ។ នេះគេពុំទាន់គិតរាប់បញ្ចូលការខូចខាតនៅក្នុងវិស័យកសិកម្មដែលបានទទួលរងគ្រោះដោយវិទ្យុសកម្មនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូហ្ស៊ីម៉ា៕
No comments:
Post a Comment