Sunday, April 10, 2011

ពួក​អ្នក​រងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមី​ចំនួន​ជាង​ពាក់​កណ្តាល​មាន​អាយុ​ជាង​៦៥​ឆ្នាំ

ស្រប​តាម​កាសែត​Asahi​ ​ អ្នក​រង​គ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមី​ចំនួន​ជាង​ពាក់​កណ្តាល​ កាល​ពី​ថ្ងៃ​១១មីនា​មុន​ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប៉ែក​ឦសាន​ប្រទេស​ជប៉ុន​ប្រវែង​ជាង​ ៦០០​គីឡូ​ម៉ែត្រ​​ ​ មាន​អាយុ​ជាង​៦៥ឆ្នាំ​។​គឺ​ជា​តួលេខ​ផ្តល់​ដោយ​ប៉ូលិស​ដែល​បាន​មើល​បញ្ជាក់​ អាយុ​អ្នក​ស្លាប់​ជាង​៨០០០នាក់​ដែល​មាន​ចំនួន​៥៤%​នៃ​ចំនួន​អ្នក​រង​គ្រោះ​។


មុន​រលក​យក្ស​ស៊ូណាមី​ ថ្ងៃ​១១មីនា​ ​ មនុស្ស​ចាស់​នៅ​Tohoku​ ខាង​ប៉ែក​ឦសាន​ប្រទេស​ជប៉ុន​មាន​ចំនួន​២៥%​នៃ​ចំនួន​បណ្តាជន​។​ប្រសិន​បើ​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​អ្នក​រង​គ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមី​មាន​អាយុ​ជាង​៦៥ឆ្នាំ​ ​ ពីព្រោះ​តែ​ជន​ទាំង​នេះ​គ្មាន​ពេល​នឹង​រត់​គេច​ខ្លួន​ឬ​ពីព្រោះ​តែ​គេ​ជា​ជន​ពិការ​និង​ពុំ​អាច​ទៅ​ណា​មក​ណា​ ដោយ​គ្មាន​ជំនួយ​ពី​នរណា​ម្នាក់​។

ស្រប​តាម​កាសែត​Asahi​ ​ ចំនួន​អ្នក​រង​គ្រោះ​ប្រមាណ​ជា​បីម៉ឺន​នាក់​ប្រហែល​អាច​នឹង​កើន​ឡើង​ថែម​ទៀត​ ​ ពីព្រោះ​គ្រួសារ​ទាំង​មូល​ៗ​ត្រូវ​បាន​លិច​លង់​ពាំ​នាំ​យក​ទៅ​ដោយ​រលក​យក្ស​ស៊ូណាមី​ ​ ដោយ​គ្មាន​នរណា​អាច​និយាយ​ប្រាប់​ប៉ូលិស​អំពី​ការបាត់​ខ្លួន​របស់​គេ​។

សាកសព​រាប់​ជា​ច្រើន​ពាន់​នាក់​ នៅ​តែ​ពុំ​ទាន់​អាច​ត្រូវ​រក​ឃើញ​។​នៅ​ជុំវិញ​រោង​ចក្រអគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ នៅ​Fukushima​ ​ សាកសព​ជិត​មួយ​ពាន់​នាក់​នៅ​តែ​ពុំ​ទាន់​ត្រូវ​បាន​រើស​ប្រមូល​នាំ​យក​ទៅ​ នៅ​មណ្ឌល​ហាម​ប្រាម​រង្វង់​២០​គីឡូម៉ែត្រ​ជុំវិញ​រោង​ចក្រ​។

ប៉ូលិស​ទើប​តែ​ចាប់​ផ្តើមរើសប្រមូល​សាកសព​ទាំងនេះ ប៉ុន្តែ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ពីព្រោះ​សាកសព​ទាំងនេះ បាន​ទទួល​រង​ធាតុ​វិទ្យុ​សកម្ម​ខ្លាំង​ណាស់ និង​ត្រូវ​តែ​ទទួលរង​ការ​បន្សាប​ធាតុ​វិទ្យុសកម្ម​ទាំងនេះ៕

No comments:

Post a Comment