Monday, April 25, 2011

ថៃ​ចាប់​ផ្តើម​ប្រើ​យន្តហោះ​សង្គ្រាម

ការ​វាយប្រហារ​របស់​កងទ័ព​ថៃ​ទៅ​លើ​កម្ពុជា​បាន​ឈាន​ដល់​ថ្ងៃ​ទី៤​ហើយ។ ការ​វាយប្រហារ​របស់​កងទ័ព​ថៃ​នៅ​ថ្ងៃ​នេះ មិន​ខ្លាំងក្លា​ដូច​ថ្ងៃទី៣​ម្សិលមិញ​ឡើយ ប៉ុន្តែ​ទាហាន​ថៃ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​យន្តហោះ​យោធា​ហោះ​តាម​បណ្តោយ​ ព្រំដែន លើ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ធ្វើ​អោយ​ស្ថានការណ៍​សង្គ្រាម​កាន់​តែ​តានតឹង​ថែម​ទៀត។ នៅ​ថ្ងៃ​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ដែល​មាន​គម្រោង​មក​កម្ពុជា​នៅ​ថ្ងៃ ​នេះ ត្រូវ​លុប​ចោល​ដំណើរ​នេះ​វិញ​ហើយ ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ។

នៅ​ម៉ោង១ និង​៤៥នាទី​រសៀល​ថ្ងៃ​ចន្ទ ទី២៥​នេះ កងទ័ព​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ប្រយុទ្ធ​យោធា​២គ្រឿង ហោះ​តាម​បណ្តោយ​ព្រំដែន​អន្តរជាតិ​កម្ពុជា ថៃ លើ​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី ដែល​សកម្មភាព​នេះ​ត្រូវ​បាន​យោធា​កម្ពុជា​វាយ​តម្លៃ​ថា ជា​សកម្មភាព​ញុះញង់ និង​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខជាតិ​កម្ពុជា និង​បាន​ធ្វើ​អោយ​ស្ថានភាព​សឹក​កាន់​តែ​តានតឹង​ថែម​ទៀត។ ក្រោយ​មក​បន្តិច នៅ​ម៉ោង១ និង៥៥នាទី ទាហាន​ក៏​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​ធុន​១៥៥មីល្លីម៉ែត្រ ចំនួន​៦គ្រាប់​ចូល​តំបន់​គោក​មក​​ជម្រៅ​២២គម​ក្នុង​ទឹក​ដី​កម្ពុជា​ដែល​មាន​ប្រជាជន​ស៊ីវិល​កំពុង​រស់​នៅ។ ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​ថា គ្រាប់​ផ្លោង​ទាំង​នោះ​បាន​ប៉ះពាល់​ដល់​ជីវិត​របស់​ទាហាន និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា កងទ័ព​កម្ពុជា​នៅ​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ទាហាន​ថៃ ហើយ​បាន​ឈរ​ជើង​នៅ​មូលដ្ឋាន​ប្រាសាទ​តាមាន់ និង​តាក្របី​ដដែល។ របាយការណ៍​ក្រសួង​ការពារជាតិ​បាន​បង្ហាញ​ថា គ្រាន់​តែ​ថ្ងៃ​អាទិត្យ ទី២៤ មេសា​ម្សិលមិញ មាន​ការ​បាញ់ផ្លោង​ជាង១០០០គ្រាប់​ពី​កងទ័ព​ថៃ មក​លើ​កងទ័ព​ខ្មែរ​ដែល​ឈរជើង​នៅ​​តំបន់​ប្រាសាទ​តាមាន់ និង​តាក្របី​ក្នុង​គោលបំណង​ចូល​កាន់កាប់​តំបន់​ទាំង​នេះ។ ក្នុង​នោះ​មាន​ការ​បាញ់ផ្លោង​គ្រាប់​កាំភ្លើង​ធំ​ច្រើន​ប្រភេទ​ជាង​៣០០គ្រាប់​ចូល​ក្នុង​ភូមិ​ប្រជាពលរដ្ឋ​ស៊ីវិល​ដែល​ស្ថិត​នៅ​ប្រមាណ២០គម​ចូល​ក្នុង​ទឹកដី​កម្ពុជា។

នៅ​តែ​មិន​មាន​ពន្លឺ​នៃ​ភាព​ស្ងប់ស្ងាត់ និង​ការ​ឈប់​បាញ់​នៅ​តាម​បណ្តោយ​ព្រំដែន នៅ​ពេល​ដែល​កងទ័ព​ថៃ​នៅ​បន្ត​រុល​ចូល និង​វាយឆ្មក់​មក​លើ​កងទ័ព​កម្ពុជា​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ភាគី​ទី៣​ណា​ចេញ​មុខ​ដោះស្រាយ​នោះ​ឡើយ។ ប្រធាន​អាស៊ាន ដែល​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោកMarty Natalegawa បាន​លុប​ចោល​គម្រោង​មក​កម្ពុជា​នៅ​ព្រឹកមិញ​នេះ។ ជា​គម្រោង​ដែល​ត្រូវ​ចុះ​ហត្ថលេខា​លើ​ការ​ដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​នៅ​តាម​ព្រំដែន។ លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​សោកស្តាយ​ចំពោះ​ការ​ខកខាន​មិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្តីពី​ល័ក្ខខ័ណ្ឌ​ការងារ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​នេះ ដែល​ប្រការ​នេះ នឹង​ផ្តល់​ឱកាស​អោយ​ទាហាន​ថៃ​បន្ត​ការ​ឈ្លានពាន​មក​លើ​កម្ពុជា​ទៀត៕

No comments:

Post a Comment