Saturday, April 9, 2011

ឥណ្ឌូណេស៊ី៖ អតិផរណា​អាចជា​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច​អាស៊ាន


នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃ​សុក្រ ៨ មេសា ២០១១​នេះ លោក​ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ (Susilo Bambang Yudhoyono) ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​សង្កត់​ធ្ងន់​ជាពិសេស​ទៅលើ​បញ្ហា​អតិផរណា ដែល​អាច​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច​​អាស៊ាន។ ក្រៅ​ពី​បញ្ហា​អតិផរណា រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ទាំង​១០​​របស់​អាស៊ាន​ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ​ អំពី​ការ​គ្រប់គ្រង​លំហូរ​ទុនវិនិយោគ​បរទេស។
ហេតុអ្វី​អាស៊ាន​ត្រូវ​បារម្ភ​ពី​លំហូរទុនវិនិយោគ​ពី​​បរទេស?

“ផ្ទុយ​ពី​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​​បាន​ងើបចេញ​ពីវិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ​បាន​លឿន​ជាងគេ និង​កំពុង​តែ​ដើរតួ​ជា​កម្លាំង​ចលករ​មួយ​ដ៏សំខាន់ នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ក៏ប៉ុន្តែ យើង​ក៏​មិនត្រូវ​សប្បាយ​ភ្លេចខ្លួន​នឹង​ជោគជ័យ​នេះ​ពេកដែរ”។ នេះ គឺ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ជា​ប្រធានផ្លាស់វេន​របស់​អាស៊ាន ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន នៅ​​ឥណ្ឌូណេស៊ី នៅថ្ងៃ​សុក្រ​នេះ។ ការឡើងថ្លៃ​ចំណីអាហារ និង​ប្រេងកាត គឺ​ជា​បញ្ហា​ ដែល​អាស៊ាន​ត្រូវ​ប្រឈមមុខ។ គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាស​ធាតុ ក៏​អាច​​ជា​ចំណោទ​មួយ​ដ៏ធំ​ដែរ សម្រាប់​អាស៊ាន។
អត្រាអតិផរណា​នៅ​ឥណ្ឌូណេស៊ី​កំពុង​មាន​កម្រិត​ខ្ពស់​​គួរ​ឲ្យ​បារម្ភ (៦,៥%)។ រូពី (រូបិយប័ណ្ណ​របស់​​ឥណ្ឌូណេស៊ី) ​ក៏​បាន​ឡើង​ថ្លៃ​ខ្ពស់​មិនធ្លាប់​ឃើញ​មាន ក្នុងរយៈពេល ៤ឆ្នាំ​ចុងក្រោយ​នេះ។ ទាំងនេះ​ជា​សញ្ញា​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី ដែល​​ជា​មហាអំណាច​សេដ្ឋកិច្ច​​ទី១​របស់​អាស៊ាន ទំនង​ជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា។ នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​ ក៏​គេ​សង្កេត​ឃើញ​មាន​អត្រា​អតិផរណា​ខ្ពស់​ដែរ។

យោងតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ កំណើនសេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១១​នេះ នឹង​នៅតែ​មាន​កម្រិត​ខ្ពស់ ក៏ប៉ុន្តែ មិនខ្ពស់​ដូច​កាល​ពី​ឆ្នាំ​២០១០​កន្លងទៅនេះ​ទេ។ ក្រៅ​ពី​បញ្ហា​អតិផរណា អាស៊ាន​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយទៀត គឺ​លំហូរទុនវិនិយោគ​ពី​បរទេស។

វិបត្តិ​បំណុល​សាធារណៈ​នៅ​អឺរ៉ុប​កំពុង​តែ​រាលដាល​​ពី​ប្រទេសក្រិក និង​អៀរឡង់ ឈាន​ទៅ​ដល់​ប្រទេស​ព័រទុយហ្កាល់ ដែល​ជា​ហេតុធ្វើ​ឲ្យ​អ្នកវិនិយោគ​បាត់បង់​ទំនុក​ចិត្ត​លើ​ទីផ្សារ​អឺរ៉ុប។ អាស៊ី​កំពុង​តែ​ក្លាយ​ជា​ទិសដៅ​វិនិយោគ​​ ដែល​អាច​ទទួល​បាន​ផល​ចំណេញ​ជាងគេ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទឡើង​ សម្រាប់​អាស៊ាន គឺ​នៅត្រង់ថា វិនិយោគ​បរទេស ដែល​ហូរ​ចូល​មក​ក្នុង​ប្រទេស​អាស៊ាន ភាគច្រើន​ជា​វិនិយោគ​រយៈពេលខ្លី (ដែល​គេ​ច្រើន​ហៅ​តាមភាសា​អង់គ្លេសថា Hot Money) ដែល​គេ​ងាយ​នឹង​ដកចេញ​ទៅវិញ​ភ្លាមៗ។ លំហូរ​ទុនវិនិយោគ​ចេញចូល​ងាយស្រួល​​បែបនេះ​អាច​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ ស្ថិរភាព​សេដ្ឋកិច្ច​អាស៊ាន។

គួរ​បញ្ជាក់ថា នៅក្នុង​ការវិនិយោគ​​បរទេស​រយៈពេលខ្លី (Hot Money) អ្នក​វិនិយោគ​ច្រើន​តែ​ផ្តោត​ទៅលើ​ការ​បង្វែរ​ដើមទុន​ទៅ​រក​កន្លែង​ដែល​មាន​ អត្រា​​ការប្រាក់​ខ្ពស់, ​ការ​​ទិញដូរ​ដើម្បី​យក​ចំណេញ​ភ្លាមៗ ឬ​ទិញ​ដើម្បី​គ្រាន់តែ​ចាំលក់​ទៅវិញ​យក​ចំណេញ (Speculation) ។ ផ្ទុយ​ពី​ការវិនិយោគ​រយៈពេលវែង​ (ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ, ការ​បង្កើត​រោងចក្រ​សហគ្រាស ឬ​ការ​បង្កើត​មុខជំនួញ​ផ្សេងៗ) ដែល​ផ្តល់​ផលប្រយោជន៍​ដល់​​សេដ្ឋកិច្ច​របស់​ម្ចាស់ស្រុក ការវិនិយោគ​រយៈពេលខ្លី​​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ទៅវិញ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក​បាន​លើកឡើង​ថា វិនិយោគ​បរទេស​នៅ​​អាស៊ី នៅតែ​មាន​កម្រិត​ខ្ពស់។ ក៏ប៉ុន្តែ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ការវិនិយោគនេះ គេ​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ ធ្វើ​យ៉ាងណា​កម្រិត​ការ​វិនិយោគ​រយៈពេល​ខ្លី ហើយ​​បង្វែរ​​ទុន​ទាំងនេះ​ ទៅ​ជា​ការ​វិនិយោគ​រយៈពេលវែងវិញ។

បញ្ហា​អតិផរណា និង​ការ​គ្រប់គ្រង​លំហូរ​ទុនវិនិយោគ​បរទេស​នេះ គឺ​ជា​ប្រធានបទ​ដ៏ចម្បង ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃ​សុក្រ​នេះ។ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​សមាជិក​អាស៊ាន​ពន្លៀន​ ដំណើរការ​សមាហរ័ណកម្ម​សេដ្ឋកិច្ច ដើម្បី​ឈាន​ទៅ​បង្កើត​ទីផ្សារ​រួម​អាស៊ាន នៅ​ឆ្នាំ​២០១៥​ខាងមុខ៕
Link:http://www.khmer.rfi.fr/indonesia-says-inflation-may-threaten-growth

No comments:

Post a Comment