ការពិភាក្សាស្តីពីបញ្ហាអាកាសធាតុ បានចាប់ផ្តើមជាផ្លូវការទៀតហើយ ពីថ្ងៃអង្គារទី ៥មេសា ម្សិលមិញ រហូតដល់ថ្ងៃសុក្រទី ៨ មេសា ២០១១ នៅទីក្រុងបាងកក និង ដោយមានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន១៩០ប្រទេសចូលរួម។ ជំនួបចរចានេះ គឺការត្រៀមរៀបចំ ជំនួបកំពូលប្រចាំ នាដំណាច់ឆ្នាំនេះនៅប្រទេសអាហ្វ្រិកខាងត្បូង ឲ្យបានជោគជ័យ ប៉ុន្តែគេសង្កេតឃើញមានឧបសគ្គជាច្រើនកំពុងរាំងមុខស្រេចទៅហើយ មានអាទិ៍វិបត្តិនុយក្លេអ៊ែរជប៉ុន។
ជំនួបកំពូលប្រចាំឆ្នាំ ស្តីពីអាកាសធាតុ នៅប្រទេសអាហ្វ្រិកខាងត្បូង អាចទទួលជោគជ័យបាន លុះណាតែគេហ៊ានលើកឡើងអំពីបញ្ហានយោបាយ ដោះស្រាយមិនរួចកាលពីជំនួបកំពូលក្រុងកង់គូនប្រទេសម៉ិចស៊ិក កាលពីបួនខែមុន។ នេះជាការព្រមានរបស់អ្នកទទួលខុសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអាកាសធាតុ ពីទីក្រុងបាងកក។
កិច្ចព្រមព្រៀង ក្រុងកង់គូន បានត្រឹមតែបង្កើតឲ្យមានស្ថាប័នបរិស្ថាន ឬមូលនិធិ សម្រាប់ជួយប្រទេសកី្រក្រឲ្យប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុប៉ុណ្ណោះ ប៉ុន្តែនៅសល់សំណុំរឿងក្តៅៗជាច្រើនទៀត ដែលត្រូវដោះស្រាយ។ មហិច្ឆតានិងចេតនាពិតរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិស្ថាន (ពាក្យបច្ចេកទេសជាភាសាខ្មែរ "ឧស្ម័នផ្ទះកញ្ចក់”) ដើម្បីប្រឆាំងនឹងការកើនកំដៅនេះភពផែនដី ស្ថិតនៅឆ្ងាយពីការសន្យា និងពីកម្មវត្ថុដែលបានកំណត់ណាស់។ ពិធីសារក្យូតូ ដែលមានសុពលភាពត្រឹមថ្ងៃទី ៣១ធ្នូ ២០១២ នៅតែជាកិច្ចព្រមព្រៀងអាកាសធាតុផ្លូវការតែមួយគត់។
ហើយនៅពេលនេះ វិបត្តិនុយក្លេអ៊ែរនៅជប៉ុន បាននិងកំពុងតែធ្វើឲ្យការចរចាអាកាសធាតុកាន់តែជួបការលំបាក។ វិបត្តិនុយក្លេអ៊ែរ ដែលបានជះផលវិបាកជាអវិជ្ជមានយ៉ាងខ្លាំងបំផុត ដល់ការប្រយុទ្ធប្រឆាំងនឹងការកើតកំដៅនៃភពផែនដី។
សេដ្ឋវិទូម្នាក់នៃភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (AIEA) បានអះអាងថា ការបោះបង់ចោលថាមពលនុយក្លេអ៊ែរស៊ីវិលមួយផ្នែក អាចនឹងបង្កើនឧស្ម័នកាបូនិច បន្ថែមប្រមាណ០,៥ពាន់លានតោន នៅឆ្នាំ ២០៣៥ គឺស្មើនឹង៥ឆ្នាំនៃការបញ្ចេញឧស្ម័នបំពុលបរិស្ថានរបស់ពិភពលោកទាំងមូល។ វិបត្តិនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ានេះ ក៏ទំនងជានឹងធ្វើឲ្យជប៉ុនសិក្សាឡើងវិញការសន្យារបស់ខ្លួន និងសម្រេចមិនបានកម្មវត្ថុ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់២៥% ពីពេលនេះដល់ឆ្នាំ២០២៥ទេ។
អ្នកសង្កេតការណ៍ទូទៅ យល់ថាវិបត្តិនុយក្លេអ៊ែរជប៉ុននេះ កំពុងតែរុញច្រានទស្សនវិស័យ លើពិធីសារក្យូតូ ដែលមានតិចតួច ស្រាប់ទៅហើយនោះឲ្យ កាន់តែស្តួចស្តើងបន្ថែមទៀត៕
Link:http://www.khmer.rfi.fr/Climat%20summith%20Bangkok
No comments:
Post a Comment