Sunday, April 24, 2011

ថៃ​បើក​ការ​វាយប្រហារ​ថ្ងៃទី៣​មកលើ​កម្ពុជា

នៅព្រឹក​ថ្ងៃ​អាទិត្យទី​២៤មេសា​នេះ ​ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បន្តទៀត​មក​លើ​កងទ័ពនិង​ជន ​ស៊ីវិល​កម្ពុជា​ នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​តា​ក្របី ​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ​ការ​វាយ​ប្រហារ​ថ្ងៃ​នេះ​ក៏មាន​សភាព​ធ្ងន់ធ្ងរ​ដូច​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែរ គឺ​ទាហានថៃ​បាន​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ធុនធំបាញ់ផ្លោងចូល​ក្នុង​ទឹកដី​ កម្ពុជា​ ជាពិសេស ចូលក្នុងគោលដៅ​ប្រជាជនស៊ីវិល។ មានពលរដ្ឋ​ភៀស​សឹក​មក​ប្រមូល​ផ្តុំ​គ្នា​កាន់តែច្រើនក្នុង​ជំរំ​ក្នុង​​ ក្រុង​សំរោង ទីរួម​ខេត្ត​ឧត្តរមានជ័យ​។ ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មាន​ទាហាន​កម្ពុជា​៣នាក់​បាន​ស្លាប់​ និង​៦​នាក់​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍។


ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៣​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ នៅ​ចំណុច​ប្រាសាទ​តាមាន់​ ហើយ​បាន​រាលដាល​ជា​បន្ត​បន្ទាប់​ដល់​ចំណុច​ថ្មដូន ​និង​តាក្របី​ តាម​បណ្តោយ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។​ ក៏ដូច​ជា​ថ្ងៃ​ម្សិលមិញ​ដែរ​ ទាហាន​ថៃ​បាន​បាញ់​សន្ធាប់​ដោយ​កាំភ្លើង​ផ្លោង​ចូល​ទឹកដី​កម្ពុជា​ពេញ​មួយ​ព្រឹក។ ​គ្រាប់​ផ្លោង​រាប់ពាន់​គ្រាប់​បាន​ធ្លាក់​ចូល​ក្នុង​ភូមិ​ប្រជាពលរដ្ឋ ​និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង ​និង​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​ជាច្រើន​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ កងទ័ព​ឈ្លានពាន​ថៃ​បាន​ផ្តើម​វាយលុក​យ៉ាង​ព្រៃផ្សៃ​ ដោយ​បាញ់​កាំភ្លើង​ធំ​រាប់ពាន់​គ្រាប់​ចូល​ទឹកដី​កម្ពុជា​ ជាពិសេស ​ចូល​ក្នុង​តំបន់​គោកមន​ ស្រុក​បន្ទាយអំពិល​ ខេត្ត​ឧត្តរមានជ័យ ​ដែល​ជា​ចំណុច​មាន​ជន​ស៊ីវិល​ជាច្រើន​រស់​នៅ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បន្ត​ថា ​កងទ័ព​ថ្មើរជើង​ថៃ​ក៏បាន​វាយ​លុក​ ប៉ុនប៉ង​កាន់កាប់​ប្រាសាទ​តាមាន់​របស់​កម្ពុជា​ផង​ដែរ។

ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភៀសសឹក​រាប់ពាន់​គ្រួសារ​បាន​ចាក​ចេញ​ពី​ភូមិ​កាន់​តែ​ច្រើន​ឡើងៗ ​ដោយ​សារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​ជំរំ​ជនភៀសសឹក​ចំនួន​៣​ នៅ​ក្នុង​ក្រុង​សំរោង ​ទីរួមខេត្ត​ឧត្តរមានជ័យ​ បាន​ទទួល​ជន​ភៀស​ខ្លួន​យ៉ាង​កកកុញ​ នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​សូម​បញ្ជាក់​ថា​ ពី​ក្រុង​សំរោង​ ទៅ​កាន់​ច្រក​ព្រំដែន​អូរស្មាច់​ មាន​ចម្ងាយ​ប្រហែល​ជាង​៤០​គម។ ​គ្រាប់​ផ្លោង​របស់​ថៃ​ ដែល​ធ្លាក់​ចូល​ជ្រៅ​មក​ក្នុង​ដី​ខ្មែរ​បាន​លាន់ឮ​យ៉ាង​ច្បាស់​ដល់​ក្រុង​សំរោង ​ដែល​ជា​ជំរំជន​ភៀសសឹក។ ​លោក​ញ៉ឹម វណ្ណដា ​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា​ អាជ្ញាធរ​កំពុង​តែ​ស្វែងរក​ទីតាំង​ថ្មី​ ដើម្បី​បង្កើត​ជំរំ​ជន​ភៀសសឹក​ផ្សេង​ទៀត​ ដែល​មាន​សុវត្ថិភាព​ជាង​នេះ។

​នៅ​មិន​ទាន់​មានសេចក្តីរាយការណ៍អំពីអ្នក​ស្លាប់ ​អ្នករបួស ​និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ឡើយ​ទេ​ សម្រាប់​ការ​វាយ​ប្រហារ​របស់​ទាហាន​ថៃ ​ក្នុង​ថ្ងៃ​ទី​៣​នេះ ​ប៉ុន្តែ ​ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ឱ្យដឹង​ថា ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​បណ្តាល​ឱ្យ​ទាហាន​កម្ពុជា​៣​នាក់​ស្លាប់ ​និង​៦​នាក់​រងរបួស។ ​ដូច្នេះ គិត​​ជា​សរុប​ មក​ទល់​ថ្ងៃ​ម្សិលមិញ ក្នុង​ការ​ប្រយុទ្ធគ្នា​ចុងក្រោយ​នេះ​ ​មាន​ទាហាន​កម្ពុជា​ស្លាប់​៦​នាក់​ ​និង​របួស​ជាង​១០​នាក់​។ ​យ៉ាង​ណា​ក៏​ដោយ​ ទាហាន​ឈ្លានពាន​ថៃ​មិន​អាច​ចូល​កាន់កាប់​ទីតាំង​ណាមួយ​បាន​ទេ។

សេចក្តី​រាយការណ៍​ពី​សមរភូមិ​ជួរមុខ​ឱ្យដឹង​ថា ​ទោះបី​ជា​ថៃ​មាន​ប្រៀប​ខាង​សព្វាវុធ និង​ចំនួន​ទ័ព​ច្រើន​លើស​កម្ពុជា​យ៉ាង​ខ្លាំង​ក៏ដោយ ​តែ​ទាហាន​ថៃ​បាន​ស្លាប់ ​របួស​និង​រត់ចោល​ជួរ​យ៉ាង​ច្រើន​នៅ​ពេល​ប្រយុទ្ធ។ ​រីឯ​ទាហាន​កម្ពុជា​នៅ​តែ​មាន​ស្មារតី​យ៉ាងរឹង​មាំ​ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួនដដែល។

ព័ត៌មាន​ចុងក្រោយ

ទាហាន​ថៃ​នៅតែ​បន្ត​បាញ់ផ្លោង​លើ​កម្ពុជា នៅ​វេលាម៉ោង​៥ និង១៥​នាទី ល្ងាចនេះ​ នៅ​តំបន់​​ប្រាសាទ​តាក្របី និង​មាន​គ្រាប់​ផ្លោង​រប៉េះរប៉ោះ​មិនដាច់​ នៅ​ឯ​ប្រាសាទ​តាមាន់​ផងដែរ។

កងទ័ព​កម្ពុជា​បាន​ចាប់​ចារបុរស​ពីរ​នាក់ និង​ចារនារី​ពីរ​នាក់​ ​រួមទាំង​ឆ្កែ​មួយ​ក្បាល​ផង​ ដែល​ថៃ​​បាន​ប្រើប្រាស់ សម្រាប់​ធ្វើ​ចារកិច្ច ក្នុង​មូលដ្ឋាន​កងទ័ព​កម្ពុជា។ ចារនារី​ថៃ​ទាំងពីរ​បាន​ក្លែងខ្លួន​​ជា​មនុស្ស​ឆ្កួត ប៉ុន្តែ ពួកគេ​ត្រូវបាន​បំពាក់​ដោយ​ចិញ្ចៀន ដែល​បង្កប់​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ​​ជាប់​នឹង​ដៃ។ ចំណែកឯ​សត្វឆ្កែ​មួយ​ក្បាល ដែល​ដើរ​ចូល​ក្នុង​មូលដ្ឋាន​ទ័ព​របស់​កម្ពុជា​នោះ​​ក៏​មាន​បំពាក់ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិនៅ​នឹង​ ក​ របស់​វា​ដែរ។ ដោយឡែក​ជនសង្ស័យ​ថា ជា​ចារបុរស​ពីរ​នាក់​ទៀត ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ ចេះ​ភាសា​ថៃ និង​ជា​អ្នក​រកស៊ី​ឈើ​គ្រញូង​​ជាមួយ​ថៃ។ ពួកគេ​បាន​ដើរ​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព​កម្ពុជា ក្នុង​របៀប​ជា​អ្នក​សុំទាន។ នេះ​បើ​យោង​តាម​ការ​ឱ្យដឹង​ពី​សមរភូមិមុខ៕
RFI

No comments:

Post a Comment