នៅ ថ្ងៃចន្ទ នេះ ថ្ងៃទី ១១មេសា គឺគម្រប់មួយខែគត់ ក្រោយគ្រោះរញ្ជួយដី ដែលបង្កជារលកយក្សស៊ូណាមី ប្រជាជនជប៉ុនទូទាំងប្រទេសបានឈរស្ងៀមស្ងាត់ មួយនាទី ដើម្បី គោរពវិញ្ញាណក្ខន្ធរបស់អ្នកដែលបានបាត់បង់ជីវិត។ នាយករដ្ឋមន្រ្តីជប៉ុន លោកណាអូតូ កាន បានធ្វើដំណើរទៅខេត្តFukushima នៅថ្ងៃនេះ និងបានសន្យាថា ប្រជាជនជប៉ុននឹងមិនត្រូវគេបោះបង់ចោលទេ។ នៅចំថ្ងៃកាន់ទុក្ខ គ្រោះរញ្ជួយដីថ្មី កម្រិត ៦,៦មាត្រដ្ឋានរិចទែរបានសម្លាប់បុរសម្នាក់ នៅភាគឦសានជប៉ុន។
នៅគម្រប់ មួយខែក្រោយគ្រោះរញ្ជួយដីកម្រិត ៩ មាត្រដ្ឋានរិចទែរ ទាំងប្រមុខដឹកនាំរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន Tepco ម្ចាស់រោងចក្រនុយក្លេអ៊ែរ Fukushima បានលេចមុខ នៅកន្លែងជួបគ្រោះថ្នាក់ នៅខេត្ត Fukushima។ ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់ខ្លួន ទៅFukushima នាយករដ្ឋមន្រ្តី ជប៉ុន លោកណាអូតូ កានបានលើកទឹកចិត្តប្រជាជនឲ្យតស៊ូ ជំនះវិបត្តិលើកនេះ ដែលលោកធ្លាប់បានចាត់ទុកថា ជាគ្រោះមហន្តរាយជាតិ ធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ។
គ្រោះថ្នាក់រញ្ជួយដី បានធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជិតបីម៉ឺននាក់។ ទាហានជប៉ុន និងអាមេរិកាំងជាង ពីរម៉ឺននាក់ នៅបន្តរុករកអ្នកដែលអាចរួចរស់ជីវិត ឬសាកសពដែលអាចកប់ក្រោមផ្ទះរលំបាក់បែក។ មនុស្សជាង ១សែននាក់ពេលនេះកំពុងរស់ គ្មានជម្រក និងអាចប្រឈមមុខនឹងការរងធាតុវិទ្យុសកម្ម ដែលសាយភាយចេញពីម៉ាស៊ីនប្រតិកម្មមានបញ្ហា របស់រោងចក្រFukushima។
ក្នុងការបូកសរុបព្រឹត្តិការណ៍មួយខែក្រោយ គ្រោះរលកយក្សស៊ូណាមី អ្នកនាំពាក្យ រដ្ឋាភិបាលបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ជាតិថា លទ្ធភាពកើតមានគ្រោះថ្នាក់នុយក្លេអ៊ែរនៅរោងចក្រFukushima អាចតិចតួចប៉ុណ្ណោះ ព្រោះថា ពេលនេះ គេអាចគ្រប់គ្រងស្ថានភាពបាន នៅម៉ាស៊ីនប្រតិកម្មទាំងប្រាំមួយរបស់Fukushima។ គេបានជួសជុល ម៉ាស៊ីនបូមទឹកត្រជាក់ដែលមានបញ្ហា ដើម្បីរក្សាកំដៅស្នូលម៉ាស៊ីនប្រតិកម្មពីទីមួយ ដល់ទី ៣។ ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាល វាសឹងតែផ្ទុយពីប៉ុន្មានថ្ងៃមុន នៅពេលដែលអ្នកនាំពាក្យដដែលបាននិយាយថា ម៉ាស៊ីនប្រតិកម្មនៅមិនទាន់មានស្ថានភាពនឹងន នៅឡើយ។
ទោះជាគ្រោះថ្នាក់នុយក្លេអ៊ែរកាត់បន្ថយ ប៉ុន្តែ រដ្ឋាភិបាលក៏បានសម្រេចនៅថ្ងៃនេះ ពង្រីកតំបន់គ្រោះថ្នាក់ជុំវិញ រោងចក្រ Fukushima ពី២០ គីឡូម៉ែត្រ ទៅ ៣០ គីឡូម៉ែត្រ បន្ទាប់ពីអ្នកជំនាញនុយក្លេអ៊ែររកឃើញថា ធាតុវិទ្យុសកម្ម បានសាយភាយ និងមានកម្រិតកាន់តែខ្ពស់ នៅជុំវិញរោងចក្រ។
អង្គការបរិស្ថាន Green Peace ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលពង្រីកតំបន់ ជម្លៀសប្រជាជន ឲ្យច្រើនជាង ២០គីឡូម៉ែត្រ ហើយ គេត្រូវបិទតំបន់ហាមឃាត់ទាំងស្រុងកុំឲ្យប្រជាជនត្រលប់ចូលទៅផ្ទះសម្បែងរបស់ខ្លួន ដូចពេលនេះទេ។ ប៉ុន្តែ កន្លងមក រដ្ឋាភិបាលបានបដិសេធមិនចេញបញ្ជាឲ្យជម្លៀសប្រជាជន ច្រើនជាង ២០គីឡូម៉ែត្រពីរោងចក្រFukushimaទេ ព្រោះថា ការពង្រីកតំបន់មិនឲ្យប្រជាជនរស់នៅ ត្រឹម២០គីឡូម៉ែត្រ នឹងធ្វើឲ្យប្រជាជនជាង ១សែននាក់ បាត់បង់ជំរក ក្នុងពេលដែលបច្ចុប្បន្ននេះ មានប្រជាជនជាង ៧ម៉ឺននាក់រួចទៅហើយ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយខ្លាចរងធាតុវិទ្យុសកម្ម។ ទាំងប្រជាជនជម្លៀស ដោយធាតុវិទ្យុសកម្ម និងប្រជាជនដែលមានផ្ទះសម្បែងបាក់បែកដោយគ្រោះរញ្ជួយដី កំពុង រស់នៅ ក្នុងអគារសាលារៀន និងជួបប្រទះការខ្វះខាតសព្វគ្រប់ ទាំងចំណីអាហារ និងថ្នាំពេទ្យ។
រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ទំហំខូចខាតដោយគ្រោះមហន្តរាយលើកនេះ មានតម្លៃជាង១០០ពាន់លានដុល្លារ ហើយ គេត្រូវការថវិកាជាង ៣០៩ពាន់លានដុល្លារ ដើម្បីអាចស្រោចស្រង់ប្រទេសឡើងវិញ។ ហើយ បើតាមធនាគារពិភពលោក គេត្រូវការពេលដល់ទៅ៥ឆ្នាំ ដើម្បីកសាងតំបន់ខាងជើងជប៉ុនឡើងវិញ។
យោងតាម រដ្ឋាភិបាល ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកតំបន់គ្រោះថ្នាក់ដោយធាតុវិទ្យុសកម្មរឹតតែគំរាមសេដ្ឋកិច្ចជប៉ុនដែលកំពុងផុយស្រួយ តាំងពីមុនគ្រោះរញ្ជួយដីទៅទៀត។ សេដ្ឋកិច្ចជប៉ុនពឹងផ្អែកខ្លាំងទៅលើការនាំចេញផលិតផលបច្ចេកវិទ្យា។ ដូច្នេះ បើផលិតកម្មគ្រឿងអេឡិចត្រូនិក និងរថយន្តត្រូវជាប់គាំងដោយអន្លើ ដោយខ្វះថាមពលអគ្គិសនី គេរំពឹងថា ប្រទេសជប៉ុន នឹងរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងយូរពេលជាង កាលដែលខេត្តKobe ធ្លាប់ជួបគ្រោះរញ្ជួយដី កាលពី១៦ ឆ្នាំ មុនទៅទៀត៕
No comments:
Post a Comment