Wednesday, April 13, 2011
ប្រមុខការទូតអាមេរិករម្លឹកពីទំនាក់ទំនងអាមេរិក-កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ប្រមុខការទូតអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើសារជូនពរប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសដែលកម្ពុជាកំពុង ត្រៀមរៀបចំចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃស្អែកនេះ។ នៅក្នុងលិខិតជូនពរដ៏កម្រពីមេដឹកនាំអាមេរិកនៅក្នុងពិធីបុណ្យ ប្រពៃណីជាតិខ្មែរ លោកស្រីគ្លីនតុន បានរម្លឹកអំពីការភ្ញាក់ផ្អើលរបស់លោកស្រី ក្នុងអំឡុងពេលដែលលោកស្រីបំពេញទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជា ចំពោះយុវជនខ្មែរជំនាន់ក្រោយដ៏ស្វាហាប់។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុនបានធ្វើសារជូនពរប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិ។ នៅក្នុងសារជូនពរដែលត្រូវបានផ្សព្វផ្សាយដោយស្ថានទូតអាមេរិកប្រចាំកម្ពុជានោះ លោកស្រីគ្លីនតុនចង់សម្តែងការសរសើរដល់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ ដែលលោកស្រីជឿជាក់ថា នឹងក្លាយទៅជាមធ្យោបាយធ្វើអោយចំណងទាក់ទងអាមេរិកកម្ពុជាកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសជូនពរពលរដ្ឋកម្ពុជាទាំងមូលនេះ លោកស្រីប្រមុខការទូតអាមេរិកបានរម្លឹកអំពីចំណាប់អារម្មណ៍របស់លោកស្រីខ្លះ នៅពេលដែលលោកស្រីកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងកាលពីប៉ុន្មានខែមុន។ លោកស្រីគ្លីនតុនបានសរសេរថា ខ្ញុំបានទទួលអារម្មណ៍លើកទឹកចិត្តដោយភាពតស៊ូរបស់ប្រជាជនកម្ពុជា និងភាពសុទិដ្ឋិនិយមរបស់អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលវានឹងជាឱកាសសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការធ្វើទំនាក់ទំនង អោយកាន់តែជ្រាលជ្រៅ និងរីកធំឡើង។ លោកស្រីគ្លីនតុនបានបន្តថា អាមេរិក និងកម្ពុជាកំពុងធ្វើសហប្រតិបត្តិការគ្នាលើវិស័យមួយចំនួនរាប់ចាប់តាំងពីបញ្ហាកង្វល់ផ្នែកសុខភាពសាធារណៈ រហូតដល់ការថែរក្សាសន្តិភាពអន្តរជាតិ ហើយថាប្រទេសទាំងពីរនឹងរកវិធីថ្មីៗថែមទៀត ក្នុងការពង្រឹងភាពជាដៃគូនៃប្រទេសទាំងពីរ។
គួររម្លឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជាកន្លងទៅ មានការរៀបចំអោយលោកស្រីជួបពិភាក្សាគ្នាជាមួយក្រុមនិស្សិត ហើយលោកស្រីគ្លីនតុនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពក្លាហាន និងចំណេះដឹងរបស់យុវជនកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment