សមាជិកសភាកូរ៉េខាងជើងត្រូវជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ ទី ៧ មេសា។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង។ សម័យប្រជុំលើកនេះ ទំនងធ្វើឡើងដើម្បីគិតគូរដំឡើងឋានៈបន្ថែមដល់គីម ជុងអ៊ុន កូនប្រុសរបស់ អគ្គមគ្គទេសន៍ គីម ជុងអ៊ីល។ ការបន្ថែមតួនាទី ដែលគេមើលឃើញថា ជាការពង្រឹងអំណាចដល់គីម ជុងអ៊ុន ដែលនឹងអាចត្រូវស្នងតំណែងបន្តពីឪពុក ដែលជាមេដឹកនាំ កូរ៉េខាងជើងបច្ចុប្បន្ន។
សភាប្រជាជនកូរ៉េខាងជើង បើកសម័យប្រជុំលើកទីបួនរបស់ខ្លួន នៅទីក្រុងព្យុងយ៉ាង ដើម្បីអនុម័តគាំទ្រ សេចក្តីសម្រេចចិត្តរបស់ប្រមុខរដ្ឋគីម ជុងអ៊ីល។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA សភាត្រូវពិចារណាពីការដែលគីម ជុងអ៊ុន កូនប្រុសពៅរបស់គីម ជុងអ៊ីល អាចត្រូវតែងតាំងជាអនុប្រធានគណៈកម្មាការការពារជាតិដែលជាស្ថាប័នកំពូលរបស់ប្រទេស។
បើតាមរដ្ឋធម្មនុញ្ញ ឆ្នាំ ២០០៩ តំណែងប្រធានគណៈកម្មាការ ការពារជាតិ ដែល លោកគីម ជុងអ៊ីលកំពុងកាន់បច្ចុប្បន្ន គឺជាតំណែងមេដឹកនាំខ្ពស់ជាងគេបំផុតរបស់របបកុម្មុយនិស្ត កូរ៉េខាងជើង។
ការដំឡើងឋានៈបន្ថែម ដល់គីម ជុងអ៊ុន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេស នៅក្រោយ ពីមានដំណឹងសុខភាពមិនល្អរបស់លោក គីម ជុងអ៊ីល។ នៅក្នុងសម័យប្រជុំសភា ពិសេស កាលពីខែ មិថុនាឆ្នាំ ២០១០ គីម ជុងអ៊ុន ត្រូវបានបំពាក់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ ផ្កាយបួន និងបានតែងតាំងជាអនុប្រធានគណៈកម្មាការយោធា មជ្ឈិមបក្ស។ តំណែងចុងក្រោយនេះអាចធ្វើឲ្យគីម ជុងអ៊ុន ដែល បច្ចុប្បន្ន មានវ័យ ប្រមាណ ២៨ ឬ ២៩ ឆ្នាំប៉ុណ្ណោះ មានអំណាចគ្រប់គ្រងទាហាន ១ លានពីរសែននាក់។
អ្នកវិភាគមួយចំនួនមើលឃើញថា ការពង្រឹងអំណាចរបស់គីម ជុងអ៊ុន ធ្វើឡើង ក្នុងយុទ្ធសាស្រ្តផ្ទេរអំណាចក្នុងគ្រួសារត្រកូលគីម។ ប្អូនស្រីរបស់លោកគីម ជុងអ៊ីលក៏ត្រូវបានដំឡើងឋានៈខ្ពស់ ដើម្បីធ្វើការអមជាមួយក្មួយប្រុសរបស់ខ្លួន។
សម្រាប់អ្នកវិភាគផ្សេងទៀត គីម ជុងអ៊ុន គ្រាន់តែជាតុក្កតា ដែលគេលើកបន្តុប ដើម្បីតែល្អមើលបុណ្ណោះ គឺមិនមានអំណាចអ្វីនោះទេ។ គីម ជុងអ៊ុន ដែលត្រូវស្នងតំណែងបន្តពីឪពុក ត្រូវជួរបក្សកុម្មុយនិស្តជ្រើសរើស ដោយសារ គីម ជុងអ៊ុន នៅក្មេង មិនមានបទពិសោធន៍ច្រើនក្នុងនយោបាយ។ គេវាយតម្លៃថា ថ្នាក់ដឹកនាំមួយចំនួន របស់បក្សកុម្មុយនិស្តកូរ៉េខាងជើងមិនចង់បានអ្នកណាដែលមានបទពិសោធន៍ច្រើន ដើម្បីមកស្នងតំណែងបន្តពីលោកគីម ជុងអ៊ីលទេ។ ពួកគេចង់បន្តគ្រប់គ្រងអំណាចបច្ចុប្បន្នរបស់ពួកគេ និងរកបេក្ខជនណា ដែលខ្សោយបំផុតសម្រាប់មកបន្តវេនពីលោក គីម ជុងអ៊ីលទៅអនាគត៕
Link: http://www.khmer.rfi.fr/Kim%20Jong%20Il%20%27s%20son%20steps%20closer%20to%20power
No comments:
Post a Comment