Tuesday, April 12, 2011

ថ្ងៃ​ទី​១១ មេសា ជប៉ុន​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​ដែល​បានស្លាប់​​ក្នុង​គ្រោះ​រលក​យក្ស​ស៊ូណាមី

នៅ ​ថ្ងៃ​ចន្ទ នេះ ថ្ងៃ​ទី ១១​មេសា គឺ​គម្រប់​មួយខែ​គត់ ក្រោយ​គ្រោះរញ្ជួយដី ដែល​បង្ក​ជា​រលកយក្ស​ស៊ូណាមី ប្រជាជន​ជប៉ុន​ទូទាំង​ប្រទេស​​បាន​ឈរ​ស្ងៀមស្ងាត់ មួយ​នាទី ដើម្បី គោរពវិញ្ញាណក្ខន្ធ​របស់​អ្នកដែល​បាន​​បាត់បង់​ជីវិត។ នាយក​រដ្ឋមន្រ្តី​ជប៉ុន លោកណាអូតូ កាន ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​Fukushima នៅថ្ងៃ​នេះ និង​បាន​សន្យា​ថា ប្រជាជន​ជប៉ុន​នឹង​មិន​ត្រូវ​គេ​បោះបង់​ចោលទេ។ នៅចំថ្ងៃ​កាន់ទុក្ខ គ្រោះរញ្ជួយដី​ថ្មី កម្រិត ៦,៦​មាត្រដ្ឋាន​រិចទែរ​បាន​សម្លាប់​បុរសម្នាក់ នៅភាគឦសាន​ជប៉ុន។

នៅ​គម្រប់​ មួយខែ​ក្រោយ​គ្រោះរញ្ជួយដីកម្រិត ៩ មាត្រដ្ឋាន​រិចទែរ ទាំង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន និងក្រុមហ៊ុន Tepco ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ Fukushima បាន​លេចមុខ នៅ​កន្លែង​ជួបគ្រោះថ្នាក់ នៅ​ខេត្ត Fukushima។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកទីពីរ​របស់ខ្លួន ទៅ​Fukushima នាយករដ្ឋមន្រ្តី ជប៉ុន លោក​ណាអូតូ កាន​បាន​លើកទឹកចិត្ត​ប្រជាជនឲ្យ​តស៊ូ ជំនះ​វិបត្តិ​លើកនេះ ដែល​លោក​ធ្លាប់​បាន​ចាត់ទុក​ថា ជា​គ្រោះ​មហន្តរាយជាតិ ធំបំផុត ចាប់តាំងពី​សង្រ្គាម​លោក​លើក​ទីពីរ។

គ្រោះថ្នាក់​រញ្ជួយដី បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​បាត់ខ្លួន​ជិត​បីម៉ឺននាក់។ ទាហាន​ជប៉ុន និង​អាមេរិកាំង​ជាង ពីរម៉ឺននាក់ នៅបន្តរុករក​អ្នកដែល​អាច​រួចរស់ជីវិត ឬ​សាកសព​ដែល​អាច​កប់ក្រោម​ផ្ទះរលំបាក់បែក។ មនុស្ស​ជាង ១សែន​នាក់ពេលនេះ​កំពុង​រស់ គ្មាន​ជម្រក និង​អាច​ប្រឈមមុខ​នឹង​ការរងធាតុ​វិទ្យុសកម្ម ដែល​សាយភាយ​ចេញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​មាន​បញ្ហា របស់​រោងចក្រ​Fukushima។

ក្នុង​ការបូកសរុប​ព្រឹត្តិការណ៍​មួយខែ​ក្រោយ គ្រោះរលកយក្ស​ស៊ូណាមី អ្នកនាំពាក្យ រដ្ឋាភិបាល​បញ្ជាក់​តាម​កញ្ចក់ទូរទស្សន៍​ជាតិ​ថា លទ្ធភាព​កើតមាន​គ្រោះថ្នាក់​នុយក្លេអ៊ែរនៅរោងចក្រ​Fukushima អាច​តិចតួច​ប៉ុណ្ណោះ ព្រោះថា ពេលនេះ គេ​អាច​គ្រប់គ្រង​ស្ថានភាព​បាន នៅម៉ាស៊ីន​ប្រតិកម្ម​ទាំងប្រាំមួយ​របស់​Fukushima។ គេ​បាន​ជួសជុល ម៉ាស៊ីន​បូមទឹកត្រជាក់​ដែល​មាន​បញ្ហា ដើម្បី​រក្សា​កំដៅ​ស្នូល​ម៉ាស៊ីន​ប្រតិកម្ម​ពីទីមួយ ដល់​ទី ៣។ ការអះអាងរបស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ វា​សឹងតែ​ផ្ទុយ​ពីប៉ុន្មាន​ថ្ងៃ​មុន នៅពេល​ដែល​អ្នកនាំពាក្យ​ដដែល​បាន​និយាយ​ថា ម៉ាស៊ីន​ប្រតិកម្ម​នៅ​មិន​ទាន់​មាន​ស្ថានភាព​នឹងន នៅឡើយ។

ទោះជា​គ្រោះថ្នាក់​នុយក្លេអ៊ែរ​កាត់បន្ថយ ប៉ុន្តែ រដ្ឋាភិបាល​ក៏​បាន​សម្រេច​នៅ​ថ្ងៃ​នេះ ពង្រីក​តំបន់​គ្រោះថ្នាក់​ជុំវិញ រោងចក្រ Fukushima ពី​២០ គីឡូម៉ែត្រ ទៅ ៣០ គីឡូម៉ែត្រ បន្ទាប់ពី​អ្នកជំនាញ​នុយក្លេអ៊ែរ​រកឃើញ​ថា ធាតុ​វិទ្យុសកម្ម បាន​សាយភាយ និង​មាន​កម្រិត​កាន់តែ​ខ្ពស់ នៅ​ជុំវិញ​រោងចក្រ។

អង្គការ​បរិស្ថាន Green Peace ធ្លាប់​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពង្រីក​តំបន់ ជម្លៀស​ប្រជាជន ឲ្យ​ច្រើន​ជាង ២០​គីឡូម៉ែត្រ ហើយ គេ​ត្រូវ​បិទ​តំបន់​ហាមឃាត់​ទាំងស្រុង​កុំ​ឲ្យ​ប្រជាជន​ត្រលប់​ចូលទៅ​ផ្ទះសម្បែង​របស់ខ្លួន ដូចពេលនេះទេ។ ប៉ុន្តែ កន្លងមក រដ្ឋាភិបាល​បាន​បដិសេធ​មិនចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន ច្រើន​ជាង ២០​គីឡូម៉ែត្រ​ពី​រោងចក្រ​Fukushima​ទេ ព្រោះថា ការពង្រីក​តំបន់​មិន​ឲ្យ​ប្រជាជន​រស់នៅ ត្រឹម​២០គីឡូម៉ែត្រ នឹង​ធ្វើ​​ឲ្យ​ប្រជាជន​ជាង ១សែននាក់ បាត់បង់ជំរក ក្នុងពេល​ដែល​បច្ចុប្បន្ននេះ មាន​ប្រជាជន​ជាង ៧ម៉ឺន​នាក់​រួចទៅហើយ ដែលត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះសម្បែង​ដោយ​ខ្លាច​រងធាតុវិទ្យុសកម្ម។ ទាំងប្រជាជន​ជម្លៀស ដោយ​ធាតុវិទ្យុសកម្ម និង​ប្រជាជន​ដែល​មាន​ផ្ទះសម្បែង​បាក់បែក​ដោយ​គ្រោះរញ្ជួយដី កំពុង​ រស់នៅ ក្នុង​អគារ​សាលារៀន និង​ជួប​ប្រទះ​ការខ្វះខាតសព្វគ្រប់ ​ទាំង​ចំណី​អាហារ និង​ថ្នាំពេទ្យ។

រដ្ឋាភិបាល​ជប៉ុន ​បាន​បង្ហាញ​ថា ទំហំ​ខូចខាត​ដោយ​គ្រោះមហន្តរាយ​លើកនេះ មាន​តម្លៃ​ជាង​១០០​ពាន់​លានដុល្លារ ហើយ គេ​ត្រូវការ​ថវិកា​ជាង ៣០៩​ពាន់​លាន​ដុល្លារ ដើម្បី​អាច​ស្រោចស្រង់​ប្រទេស​ឡើងវិញ។ ហើយ​ បើតាម​ធនាគារ​ពិភពលោក គេ​ត្រូវការ​ពេល​ដល់​ទៅ​៥​ឆ្នាំ ដើម្បី​កសាង​តំបន់​ខាងជើង​ជប៉ុន​ឡើងវិញ។

យោងតាម រដ្ឋាភិបាល ការខូចខាត​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការពង្រីកតំបន់​គ្រោះថ្នាក់ដោយ​ធាតុវិទ្យុសកម្ម​រឹតតែ​គំរាម​សេដ្ឋកិច្ច​ជប៉ុន​ដែល​កំពុង​ផុយស្រួយ តាំងពី​មុន​គ្រោះរញ្ជួយដី​ទៅទៀត។ សេដ្ឋកិច្ច​ជប៉ុន​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការនាំចេញ​ផលិតផល​បច្ចេកវិទ្យា។ ដូច្នេះ បើផលិតកម្ម​គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​ត្រូវ​ជាប់គាំង​ដោយ​អន្លើ ដោយខ្វះ​ថាមពល​អគ្គិសនី គេ​រំពឹង​ថា ប្រទេស​ជប៉ុន នឹង​រង​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​យូរពេល​ជាង កាល​ដែល​ខេត្ត​Kobe ធ្លាប់​ជួប​គ្រោះរញ្ជួយដី កាលពី​១៦ ឆ្នាំ មុនទៅទៀត៕

No comments:

Post a Comment