Tuesday, March 22, 2011

ប្រតិបត្តិការ​យោធា​នៅ​លីប៊ី​ធ្វើ​ហួស​ពីអ្វី​ដែល​បាន​សម្រេច​ដោយ​ក្រុមប្រឹក្សា​

ពីរថ្ងៃ​កន្លងមក​ហើយ ដែល​កងទ័ព​សម្ព័ន្ធមិត្ត​ ដឹកនាំ​ដោយ​បារាំង អង់គ្លេស និង​អាមេរិក បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី។ ក្រុមសម្ព័ន្ធមិត្ត​បាន​ប្រើ​យន្តហោះ និង​មីស៊ីល​ទំនើបៗ​រាប់រយ​ដើម ​វាយប្រហារ​ទៅលើ​កងរថក្រោះ ទីតាំង​រ៉ាដា ទីតាំង​មីស៊ីល​ប្រឆាំង​យន្តហោះ និង​ទីបញ្ជាការ​នៃ​កងកម្លាំង​របស់​លោក​កាដាហ្វ៊ី។ សហព័ន្ធ​អារ៉ាប់ ដែល​ជា​អ្នក​បាន​ស្នើសុំ​ឲ្យ​មាន​អន្តរាគមន៍​យោធា​​នៅលីប៊ី​នោះ បែរ​ជា​បានរិះគន់​​ប្រតិបត្តិការ​យោធា​របស់​កងទ័ព​សម្ព័ន្ធមិត្ត​ទៅវិញ ដោយ​លើកឡើង​ថា ប្រតិបត្តិការ​យោធា​នេះ​បាន​ធ្វើ​ហួស​ពី​ការកំណត់​របស់​ក្រុមប្រឹក្សា​សន្តិសុខ។

ប្រតិបត្តិការ​យោធា​នៅលីប៊ី​បាន​ចាប់ផ្តើម​ធ្វើ​ឡើង កាល​ពីថ្ងៃ​សៅរ៍ ១៩ មីនា ២០១១។ កងទ័ព​ដែល​ចេញ​ធ្វើ​សកម្មភាព​មុនគេ គឺ​កងទ័ព​អាកាស​របស់​បារាំង។ យន្តហោះ​ចម្បាំង​របស់​បារាំង​ប្រមាណ​ ២០​គ្រឿង​បាន​ហោះ​ក្រវែល​ពីលើ​ទីក្រុង Benghazi ដែល​ជា​ជម្រក​ចុងក្រោយ​របស់​ចលនា​បដិវត្តន៍​លីប៊ី។ នៅពេល​ល្ងាច យន្តហោះ​បារាំង​ក៏​បាន​ធ្វើការ​វាយប្រហារ​ទៅលើ​កងរថក្រោះ​របស់​លោក​ កាដាហ្វ៊ី ដែល​ព្យាយាម​វាយលុក​ចូល​ក្នុង​ក្រុង​ Benghazi ។
នៅយប់ថ្ងៃ​សៅរ៍ កងទ័ព​អាមេរិក និង​កងទ័ព​អង់គ្លេស​ក៏​បាន​ចាប់ផ្តើម​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​រ៉ាដា និង​ទីតាំង​មីស៊ីល​បាញ់​យន្តហោះ​របស់​លោក​កាដាហ្វ៊ី ដែល​ស្ថិត​នៅ​ជុំវិញ​រដ្ឋធានី​ទ្រីប៉ូលី។ ​មីស៊ីល​ ប្រភេទ​ Tomahawk ជាង​មួយរយ​ដើម ត្រូវ​បាន​កងទ័ព​អាមេរិក​បាញ់​ចេញ​ពី​នាវា​ពិឃាដ (Destroyer) និង​នាវា​មុជទឹក ដែល​កំពុង​ឈរជើង នៅក្នុង​សមុទ្រ​មេឌីទេរ៉ានេ។

នៅថ្ងៃ​អាទិត្យ នៅក្នុងពេល​ដែល​យន្តហោះ​បារាំង​ហោះល្បាត​ដែន​អាកាស​លីប៊ី យន្តហោះ​ប្រភេទ B-2 របស់​អាមេរិក និង​យន្តហោះ​ប្រភេទ Tornado របស់​អង់គ្លេស បាន​ទម្លាក់​គ្រាប់បែក​រាប់សិប​គ្រាប់ ​​ទៅលើ​ព្រលានយន្តហោះ​យោធា​លីប៊ី។ នៅយប់ថ្ងៃ​អាទិត្យ ទីបញ្ជាការ​យោធា ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​កាដាហ្វ៊ី​ត្រូវ​បាន​កម្ទេច​ដោយ​ មីស៊ីល​របស់​អាមេរិក។

កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ អគ្គលេខា​ធិការ​សហព័ន្ធ​អារ៉ាប់​បាន​រិះគន់​​ប្រតិបត្តិការ​យោធា​របស់​លោក​ ខាងលិច​ថា បាន​ធ្វើ​ហួស​ពី​​ការកំណត់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ ក៏ប៉ុន្តែ មន្រ្តីយោធា​អាមេរិក​បាន​ធ្វើការ​ឆ្លើយតប​មកវិញ​ដោយ​ប្រយោលថា សេចក្តីសម្រេច​លេខ ១៩៧៣ របស់​ក្រុមប្រឹក្សា​សន្តិសុខ​​បាន​អនុញ្ញាត​ឲ្យ​ "ចាត់រាល់​វិធានការ​ចាំបាច់” ដើម្បី​ការពារ​ជនស៊ីវិល ដែល​មានន័យថា អាច​ជាការ​បង្កើត​តំបន់​ហាមឃាត់​ការហោះហើរ និង​អាច​ជា​ប្រតិបត្តិការ​យោធា​ក្នុង​រូបភាពផ្សេងទៀត លើកលែង​តែ​ការ​ប្រើ​កងទ័ព​ជើងគោក​ចូល​កាន់កាប់​ប្រទេស​លីប៊ី ដែល​ត្រូវ​ហាមឃាត់។ បារាំង និង​អង់គ្លេស​ក៏​បាន​ថ្លែងការពារ​ខ្លួន​ស្រដៀងគ្នា​ដែរ​ថា ប្រតិបត្តិការ​យោធា​នៅលីប៊ី គឺ​ធ្វើ​ស្របតាម​សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ទាំងស្រុង។

គួរ​បញ្ជាក់ថា ក្នុងពេល​ដែល​អគ្គលេខាធិការ​សហព័ន្ធ​អារ៉ាប់​រិះគន់​លោកខាងលិច ប្រទេស​កាតារ និង​អេមីរ៉ាត​អារ៉ាប់រួម ដែល​ជា​សមាជិក​សហព័ន្ធ​អារ៉ាប់​ បាន​គាំទ្រ និង​សន្យា​ចូល​រួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី។ កាតារ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ៤​គ្រឿង ឲ្យ​មក​ចូលរួម​ហោះល្បាត​ដែន​អាកាស​លីប៊ី ជាមួយ​យន្តហោះ​បារាំង។

នៅថ្ងៃចន្ទ​នេះ ក្នុង​​ពេល​ជួប​​​ជាមួយ​លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប. លោក​អគ្គលេខាធិការ​​សហព័ន្ធ​អារ៉ាប់​ហាក់ដូចជា​បាន​កែប្រែជំហរ​មកវិញ ដោយ​បាន​​​ថ្លែង​ថា សហព័ន្ធអារ៉ាប់​គាំទ្រ​ទាំងស្រុង​នូវ​សេចក្តីសម្រេច​លេខ ១៩៧៣ របស់​ក្រុមប្រឹក្សា​សន្តិសុខ។ លោក​ក៏បាន​បញ្ជាក់ផងដែរ​ថា ពាក្យសម្តី​របស់​លោក កាលពីថ្ងៃ​អាទិត្យ ត្រូវ​បាន​គេ​យក​ទៅ​បកស្រាយ​ខុស​។ អ្វី​ដែល​លោក​ចង់​និយាយ គឺ​​គ្រាន់តែ​ចង់​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ជនស៊ីវិល​ត្រូវ​ រងគ្រោះ ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​កងកម្លាំង​សម្ព័ន្ធមិត្ត​តែប៉ុណ្ណោះ៕
Link: http://www.khmer.rfi.fr/arab-league-criticizes-air-strike-on-libya

No comments:

Post a Comment