Tuesday, March 1, 2011

សេអ៊ូល​បើក​ទ្វារ​ចំហ​ទទួល​ព្យុងយ៉ាង​ជា​ថ្មី


កូរ៉េខាង​ត្បូង​ត្រៀម​ជា​ស្រេច​នឹង​បើក​ជំនួប​ចរចា​ ព្រម​ទាំង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ ដល់​កូរ៉េ​ខាង​ជើង​ភ្លាម​ នៅ​ពេល​ណាដែល​​​ព្យុងយ៉ាង​ បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ នេះ​ជា​ការ​អះអាង​របស់​លោក​ លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ នៅ​ថ្ងៃ​អង្គារ​ទី ១ មីនា នេះ​ គឺ​ជួន​ចំ​ពេល​ដែល​ឧបទ្វីបកូរ៉េ​​កំពុង​ប្រឈម​នឹង​ភាព​តាន​តឹង​ខ្លាំង។
សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

“សេអ៊ូល​​​ត្រៀម​ចូល​តុ​​ចរចា​ជាមួយ​ព្យុងយ៉ាង​ នៅ​ពេល​ណា​ក៏​បាន” ឲ្យ​តែ​កូរ៉េ​ខាង​ជើង ស្ម័គ្រ​ចិត្តចូល​ចរចា​ដោយ​ហ្មត់ចត់ ដោយ​ឈរ​លើ​ស្មារតី​សហប្រតិបត្តិការ​ល្អរវាង​គ្នា​​ និង​បញ្ឈប់​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ។ នេះ​ជា​ការ​ប្រកាសរបស់​លោក​ប្រធានាធិបតី​ លី ម្យ៉ុងបាក់ ​ ក្នុង​​​ឱកាសប្រារព្ធ​ថ្ងៃ​​បុណ្យ​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​អង្គារ​នេះ។

មិន​តែ​ប៉ុណ្ណោះ កូរ៉េ​ខាងត្បូង​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​បង​ប្អូន​បង្កើត​គូ​សត្រូវ​នឹង​គ្នា​ខាង​ជើង​ទៀត ព្រោះ​សម្រាប់​​​លោក​ប្រធានាធិបតី​ កូរ៉េ​ខាង​ត្បូង​អាច​ជួយ​ប្រទេស​ផ្សេងៗ​ទៀត​បាន​ច្រើន​ណាស់ ដូច្នេះ​វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​សេអ៊ូល​​ត្រូវ​​​ឈរ​អោប​ដៃ​មើល​ជនរួម​ជាតិ​ខាង​ជើង​ក្រខ្សត់​អត់​ឃ្លាន មិន​ផ្តល់​ជំនួយ​នោះ​បាន​ឡើយ។

ជា​មួយ​នឹង​ប្រសាសន៍​ផ្សះ​ផ្សា បើក​ទ្វារ​ទទួល​កូរ៉េខាង​ជើង លោក​ប្រធានាធិបតី​ក៏​បាន​សំណូម​ពរ​ឲ្យ​​ភាគី​ព្យុងយ៉ាង​សម្រប​សម្រួល​កាយ​វិការ​ខ្លះ​ដែល​ចាំ​បាច់ ដូច​ជា​ត្រូវ​ចាត់​វិធានការ​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ឧប្បត្តិហេតុកាលពី​ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាង​ត្បូង​៥០​នាក់​ស្លាប់បាត់​បង់​ជីវិត។

សុន្ទរកថារបស់​លោក​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​ថ្ងៃ​នេះ​​ ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានភាព​​តាន​តឹង​ បាន​ឆេះ​រោល​ឡើង​ជា​ថ្មី​​ទៀតក្នុង​ឧបទ្វីប​កូរ៉េ។ តាន​តឹង​ព្រោះ​តែ​តាំង​ពី​​ម្សិលមិញ​មក កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​លំហាត់​សឹក​រួម​គ្នា ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ និង​ការ​គំរាម​កំហែង​ពី​សំណាក់​កូរ៉េ​ខាង​ជើង សំឡុត​ចង់​ធ្វើ​ “សង្គ្រាម​ទាំង​ស្រុង” ក្នុង​ករណី​មាន​ការ​បង្ក​រឿង​ហេតុ។​

សូម​បញ្ជាក់​ថា តាំង​ពី​ចុង​ឆ្នាំ​២០១០​មក​ កូរ៉េ​ខាង​ជើង​និង​ត្បូង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តាន​តឹង​បំផុត​មិន​ធ្លាប់​មាន​។ សេអ៊ូល​បាន​ចោទ​ប្រកាន់​ព្យុងយ៉ាង​ថា​បាន​បាញ់​នាវា​មុជ​ទឹក​របស់​ខ្លួន​រហូត​ស្លាប់​នាវិក​៤៦​នាក់ ប៉ុន្តែ​ព្យុងយ៉ាង​បដិសេធ ហើយ​បាន​បាញ់​ផ្លោង​មក​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង​ កាលពី​ចុង​ខែ​វិច្ឆិកា​២០១០ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​បួន​នាក់។​ បន្តិចម្តងៗ ​ប្រទេស​ទាំង​ពីរ​បាន​ខិត​ខំ​បន្ធូរបន្ថយ​ភាព​តាន​តឹង​តាម​រយៈ​ការ​ចរចា​​ថ្នាក់​មន្ត្រី​យោធា កាលពី​ខែ​កុម្ភៈកន្លង​ទៅ​ថ្មីៗ​នេះ​ ប៉ុន្តែ​មិន​បាន​សម្រេច៕

No comments:

Post a Comment