គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ថ្ងៃទី ១១មីនា ២០១១ នៅជប៉ុន បានបង្កការបាត់បង់ជីវិតមនុស្សជាច្រើនពាន់នាក់ ព្រមទាំងការខូចខាតសម្ភារៈយ៉ាងសម្បើម។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺការខូចខាតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ដែលធ្លាយប្រេះ បញ្ចេញធាតុវិទ្យុសកម្មក្នុងលំហបរិយាកាស។ ជាសំណាងល្អដែលអាជ្ញាធរអាចគ្រប់គ្របមិនឲ្យមានការផ្ទុះស្នូលកណ្តាលនៃម៉ាស៊ីនប្រតិកម្ម។ ប៉ុន្តែការធ្លាយធាតុវិទ្យុសកម្មប៉ុណ្ណេះ វាគ្រប់គ្រាន់ល្មមនឹងធ្វើឲ្យពិភពលោកទាំងមូលព្រួយបារម្ភ និងចោទសួរពីវិបត្តិនុយក្លេអ៊ែរចំពោះសុខភាព។ តើអ្វីទៅជាគ្រោះថ្នាក់ ក្នុងពេលភ្លាម និងទៅអនាគត នៅពេលបានប្រឈមនឹងឬបានទទួលរងសារធាតុវិទ្យុសកម្ម ? តើសារធាតុអ៊ីយ៉ូត ជាអ្វី ? សូមស្តាប់អៀង សុខម៉ិញ ដោយមានបទអន្តរាគមន៍ពីវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Pr Martin Schlumberger ប្រធានផ្នែកវេជ្ជសាស្ត្រនុយក្លេអ៊ែរ នៅ Gustave Roussy ក្រុង Paris។
ធាតុវិទ្យុសកម្ម (អ៊ីយ៉ូត ១៣១ និងសេយ៉ូម១៣៧) ដែលធ្លាយចេញពីការផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរ សុទ្ធតែបង្កគ្រោះថ្នាក់ ដល់សុខភាពទាំងអស់ មិនថាធាតុនោះហោះហើរក្នុងលំហអាកាស ឬ តោងជាប់នៅនឹងដី ឬ ស្រូបចូលតាមផ្លូវដង្ហើម ឬតាមមាត់ តាមចំណីអាហារទេ។ លក្ខណៈពិសេសនៃសារធាតុវិទ្យុសកម្ម គឺវាមានអំណាចជះឥទ្ធិពល សាយភាយ បាញ់ដោយត្រង់និងជុំវិញខ្លួនវា គឺប្រៀបដូចជាកាំរស្មី ព្រះអាទិត្យ ដែលគេហៅថា កាំរស្មីវិទ្យុសកម្ម។ កាំរស្មីវិទ្យុសកម្មមានច្រើនដូចជា អាល់ហ្វា បេតា និងហ្កាម៉ា ។ល។ និង។ល។ កាំរស្មីដែលគេស្គាល់ច្រើនជាងគេគឺ កាំរស្មី X។
សុខភាព របស់មនុស្សយើងទទួលរងផលវិបាក គ្រោះថ្នាក់ តិចតួច ឬច្រើនទៅតាមកំរិត និងទៅតាមប្រភេទវិទ្យុសកម្ម។
សារធាតុវិទ្យុសកម្ម មានឥទ្ធិពលខ្លាំង ភ្លាមៗ ទៅតោងជាប់នឹង បន្លែប្រភេទស្លឹកពណ៌បៃតង ពីរបីថ្ងៃក្រោយនឹងឆ្លងដល់ទឹកដោះគោ និងទៅដល់សាច់សត្វនៅរយៈពេលពីរទៅបីសប្តាហ៍ក្រោយ។ បន្ទាប់ពីការសាយភាយឆ្លងខ្លាំងនេះមក កម្លាំងធាតុវិទ្យុសកម្មនឹងចុះថយបន្តិចម្តងៗ លឿនឬយឺតទៅតាមប្រភេទ។
សារធាតុវិទ្យុសកម្មសេយ៉ូម ច្រើនតែមានកំរិតតិចតួច មិនសូវបង្កគ្រោះថ្នាក់ទេដល់សុខភាពយើង ប៉ុន្តែសារធាតុអ៊ីយ៉ូតវិញ ទោះបីជាការចម្លងសារធាតុវិទ្យុសកម្ម ទោះបីជាមានចំនួនអាតូមតិចតួចក្តី ក៏វាល្មមគ្រប់គ្រាន់នឹងអាចបង្កឲ្យមានបញ្ហាដល់សុខភាព ខូចខាតជាលិកា រលាកស្បែក ដែលអាចស្លាប់បាន និងប៉ះពាល់ដល់សរីរាង្គផ្សេងទៀតមានជាអាទិ៍ក្រពេញ ទីរ៉ូអ៊ីត (Thyroïde) ព្រមទាំងធ្វើឲ្យកោសិកាអាចបំផ្លែងទៅជាកោសិកាមហារីក។
តាមពិត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សស្ទើរតែគ្រប់រូបសុទ្ធតែបានទទួលរងវិទ្យុសកម្មគ្រប់គ្នា។
នៅប្រទេសបារាំង ប្រជាជនម្នាក់ទទួលសារធាតុវិទ្យុសកម្មក្នុងកំរិត ប្រមាណ 2 ទៅ 3 មីល្លីស៊ីវែរ ក្នុងមួយឆ្នាំ (រង្វាស់បរិមាណធាតុវិទ្យុសកម្ម ដែលបាញ់ត្រង់ចំលើសរីរាង្គណាមួយក្នុងមួយវិនាទី)។ នៅពេល យើង ថតបំពង់អាហារ យើងទទួលធាតុវិទ្យុសកម្មប្រមាណ មួយឬពីរ មីល្លីស៊ីវែរ។ ឬ ថតស្កានប្រមាណ ១០ ទៅ ២០ មីល្លីស៊ីវែរ។
ការសិក្សាមួយបានបង្ហាញថា ប្រសិនបើមនុស្សម្នាក់ទទួលបានសារធាតុវិទ្យុសកម្ម ក្រោម ១០០ មីល្លីស៊ីវែរ នោះគេនឹងគ្មានគ្រោះកើតជំងឺមហារីកទេ។ ឡើងចាប់ពី១០០ទៅ គេអាចប្រឈមនឹងគ្រោះកើតជំងឺមហារីក។ លើសពី១០០០ mSv (millisievert) គ្រោះកើតជំងឺមហារីក ៖ មហារីកទីរ៉ូអ៊ីត ឬមហារីកឈាម មានជាប្រាកដ។
អ៊ីយ៉ូតវិទ្យុសកម្ម ឬអ៊ីយ៉ូត ១៣១ វាស្រាល នៅពេលមានធ្លាយបន្តិចបន្តួចវានឹងហោះហើរលាយពេញលំហអាកាស។ ដូច្នេះវានឹងទៅចម្លងដល់ការរស់នៅ និងប្រជាជននៅជុំវិញ។
ដូច្នេះដើម្បីចៀសវៀងកុំឲ្យមានទទួលរងវិទ្យុសកម្ម បើក្នុងករណីដែលបរិយាកាសមានឆ្លងសារធាតុអ៊ីយ៉ូតវិទ្យុសកម្មហើយ មានមធ្យោបាយបីយ៉ាង គួរប្រតិបត្តិ ៖
- បិទទ្វារ បិទបង្អួច ដើម្បីកុំឲ្យមានខ្យល់ក្រៅបក់ចូលក្នុងផ្ទះ។ កុំចេញដើរហើយនៅក្រៅផ្ទះ
- សូមកុំបរិភោគអាហារដែលមានឆ្លងសារធាតុវិទ្យុសកម្ម
- ទីបីត្រូវទទួលទានថ្នាំ អ៊ីយ៉ូតដឺប៉ូតាស្យូម ដែលជាអ៊ីយ៉ូតធម្មតា មិនមែនជាអ៊ីយ៉ូតវិទ្យុសកម្ម។ អ៊ីយូតដឺប៉ូតាស្យូមនេះ នឹងទៅទប់ក្រពេញThyroide កុំឲ្យធ្វើបណ្តុំជាមួយនឹងអ៊ីយ៉ូត ១៣១។ វិធានការនេះមានប្រសិទ្ធិភាពណាស់ ព្រោះវាអាចកាត់បន្ថយ ការបណ្តុំបាន៨៥% ប៉ុន្តែត្រូវទទួលទានក្នុងកំរិតត្រឹមត្រូវ និងឲ្យបានមុនពេលឆ្លងធាតុវិទ្យុសកម្ម យ៉ាងហោចណាស់ក៏មួយម៉ោងមុនដែរ។
អ៊ីយ៉ូតដឺប៉ូតាស្យូម មានប្រសិទ្ធិភាពតែរយៈពេលពីរទៅបីថ្ងៃប៉ុណ្ណោះ ដូច្នេះវាគ្មានប្រយោជន៍អ្វីដែលត្រូវលេបថ្នាំនេះ ដោយគ្មានការបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ហើយសូមចងចាំថា គ្រោះកើតជំងឺមហារីកក្រពេញ Thyroide ដោយសារវិទ្យុសកម្មនេះ មានតែចំពោះកុមារប៉ុណ្ណោះ។ ចាប់ពីអាយុ ១៥ ទៅ២០ឆ្នាំឡើងទៅ គេអាចនិយាយបានគ្រោះថ្នាក់មានកំរិតស្ទើរតែសូន្យ។ ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ គ្មានហេតុផលអ្វីទាល់សោះដែលត្រូវលេបថ្នាំអ៊ីយ៉ូតដឺប៉ូតាស្យូមទេ។
ក្នុងករណីដែលទទួលទានថ្នាំនេះច្រើនជ្រុលវិញ ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រពេញThyroide ស្រាប់ហើយ នឹងបង្កឲ្យមានជំងឺ Hyper Thyroidie ប៉ុន្តែជំងឺនេះគ្មានគ្រោះថ្នាក់សម្រាប់កុមារទេ លើកលែងតែមនុស្សចាស់។
ដើម្បីអាចចេញអនុសាសន៍ឲ្យទទួលទានថ្នាំអ៊ីយ៉ូតបាន លុះណាតែក្រុមអ្នកឯកទេសរកឃើញថាមានសារធាតុវិទ្យុសកម្ម ដល់កំរិត បង្កគ្រោះថ្នាក់ ១០០mSv៕
Link: http://www.khmer.rfi.fr/Healht%20and%20radioactive
No comments:
Post a Comment