Monday, March 28, 2011
បញ្ហាប្រើទង់ជាតិបរទេសបូកទាំងទង់ជាតិកម្ពុជាផង ចោទជាថ្មីនៅរុស្ស៊ី
មូលហេតុ មកពីព្រឹកមិញ កាណាល់ទូរទស្សន៍រដ្ឋ ដ៏សំខាន់បំផុតនៅរុស្ស៊ី គឺ ប៉ុស្តិ៍លេខ១ បានផ្សាយបទយកការណ៍យ៉ាងធំ អំពីការចាប់បានកប៉ាល់មួយគ្រឿងទៀតហើយ ដែលលើកនេះ គឺក្រោមទង់ប្រទេស Belize ដោយមានតឹកតាងជាសំអាងសឲ្យឃើញពីការនេសាទខុសច្បាប់ ក្នុងដែនទឹកឯចុងបូព៌ាប្រទេសរុស្ស៊ី ប៉ុន្តែបទយកការណ៍នោះ សង្កត់ធ្ងន់ថា ចាប់បានច្រើនជាងគេ គឺកប៉ាល់ក្រោមទង់ជាតិកម្ពុជាតែម្តង។
បទយកការណ៍នោះបង្ហាញឲ្យឃើញពេលដែលពួកយោធានៃកងការពារដែនសមុទ្ររុស្ស៊ី របស់ក្រសួងសន្តិសុខ កំពុងលើកបោះទម្លាក់ ទៅក្នុងទឹកវិញ ក្តាមសមុទ្រធំៗណា ដែលនៅរស់នៅឡើយ គេរាប់ទៅឃើញដល់ ចំនួន ៥.៦២០ក្តាម ឯណោះ ដែលនីមួយៗគ្រាន់តែជើងវាមានប្រវែងមិនតិចជាង ៣តឹកឡើយ។ ជាសរុប គឺទម្ងន់ប្រមាណ៦តោន។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចរុស្ស៊ី បានរកឃើញមានលាក់ទុកនៅក្នុងបន្ទប់ ខាងបាតកប៉ាល់ គឺក្តាម៣០តោនទៀត។
កប៉ាល់នេសាទខុសច្បាប់នោះ ដែលដោតដោយទង់ជាតិប្រទេស Belize បន្ទាប់មកបានត្រូវនាវាល្បាតព្រំដែនរុស្ស៊ី ក្រៀកឲ្យបើកទៅសំចតនៅឯបាងសមុទ្រជិតកំពង់ផែ ឈ្មោះ Petropavlovsk-Kamchatski ដែលជាទីរួមខេត្ត Kamchatka នៅចុងបូព៌ាបង្អស់នៃប្រទេសរុស្ស៊ី។
គឺពេលនោះឯង ដែលអ្នកឆ្លើយឆ្លងនៃកាណាល់ទូរទស្សន៍រដ្ឋ ប៉ុស្តិ៍លេខ១ បានបរិយាយរំលឹកថា ឥឡូវនៅជាប់ក្នុងការឃាត់ខ្លួនត្រង់បាងសមុទ្រនេះ មិនឲ្យដំណើរការក្នុងដែនទឹករុស្ស៊ីទៀតឡើយ គឺកប៉ាល់ដល់ទៅរាប់សិបគ្រឿងពីក្នុងនោះភាគច្រើន គឺកប៉ាល់ក្រោមទង់ជាតិប្រទេសកម្ពុជាតែម្តង។ បទយកការណ៍នោះលម្អិតថា ក្រៅពីនេះក៏មានកប៉ាល់ក្រោមទង់ជាតិ ប្រទេសបែបយ៉ាង Panama Honduras ហើយគួរឲ្យអស្ចារ្យ ដែលនាពេល ចុងក្រោយ ថែមទាំងមានទង់ជាតិម៉ុងហ្គោលីទៅផង ប្រទេសដែលគ្មានច្រកចេញទៅសមុទ្រសោះ។
អ្នកកាសែតរុស្ស៊ី ដាក់ឈ្មោះដល់ទង់ជាតិបែបនេះ ថាជា “ទង់ជាតិងាយប្រើ” ដើម្បីទទួលសិទ្ធិចុះបញ្ជីសម្រាប់ជាទីសំចតអចិន្ត្រៃយ៍នៃកប៉ាល់ រួចចំពោះការប្រើនោះ ម្ចាស់កប៉ាល់ជាជាតិបរទេស ត្រូវបង់ឲ្យទៅប្រទេសប្រគល់សិទ្ធិនោះ គឺទឹកប្រាក់មិនជាច្រើនទេ ម្តុំ៣ពាន់-៤ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។
Business នេះ តាមការបំភ្លឺឲ្យដឹងនៃអ្នកកាសែតរុស្ស៊ី ត្រូវគេអនុវត្តយ៉ាងទូលំទូលាយ គឺនៅរាជធានីកម្ពុជា ក្រុងផែភ្នំពេញ និង នៅកូរ៉េខាងត្បូង ក្រុងផែ Pusan ជាទីដែលទង់ជាតិដ៏សម្បូណ៌បែបរមែងដាក់ឲ្យអតិថិជនជ្រើសយក ហើយក្រដាសស្នាមសោតត្រូវគេចេញឲ្យយ៉ាងលឿនមិនសាំញ៉ាំទេ។ ចំណែកក្រុមអ្នកដើរកប៉ាល់វិញ គឺត្រូវគេជ្រើសរើសនៅប្រទេសរុស្ស៊ីផ្ទាល់។ ក្នុងករណីដែលកប៉ាល់នេសាទខុសច្បាប់នេះ ស្រាប់តែ ធ្លាក់ក្នុងភាពឃាត់ខ្លួន ម្ចាស់វាជាទូទៅ គឺគេចខ្លួនបាត់។
បទយកការណ៍នោះបញ្ចប់សេចក្តីថា ក្តាមសមុទ្រដែលមាននេសាទបាន ដោយខុសច្បាប់តែងត្រូវគេលក់នៅតាមប្រទេសភូម៌ភាគអាស៊ីអាគ្នេយ៍ ហេតុដែលនាំឲ្យប្រទេសរុស្ស៊ីខាតបង់ក្នុងមួយឆ្នាំៗ អស់រាប់ពាន់លានដុល្លារអាមេរិក៕
Link: http://www.khmer.rfi.fr/Report%20fish%20baot%20illegal%20in%20Russia
Subscribe to:
Post Comments (Atom)
No comments:
Post a Comment