Friday, January 28, 2011
បញ្ហាអតិផរណាគំរាមដល់សន្ទុះកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង
លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak
សេដ្ឋកិច្ចកូរ៉េខាងត្បូងដែលស្គាល់សន្ទុះកើនឡើងខ្លាំងក៏ ដោយសារតែមានការទិញដូរហូបចុកផ្ទៃក្នុងនិងការនាំទំនិញចេញទៅលក់ក្រៅ ប្រទេសមានសន្ទុះខ្លាំងក្លា ទោះបីជានៅឆមាសទី២ឆ្នាំ២០១០បានស្គាល់ការធ្លាក់ស្រុតចុះបន្តិចទៅវិញ ក្តី។ សម្រាប់ឆ្នាំ២០១០ទាំងមូល សេដ្ឋកិច្ចកូរ៉េខាងត្បូងបានស្ទុះកើនឡើង៦,១%ដែលជាកម្រិតមួយដ៏សែន ខ្ពស់ពុំដែលកើតមានចាប់តាំងពីឆ្នាំ២០០២មក។ ក៏ប៉ុន្តែបញ្ហាអតិផរណាអាចនឹងគំរាមដល់កំណើននៃសេដ្ឋកិច្ចកូរ៉េ ខាងត្បូង។
ក្រោយពីបានឋិតនៅក្នុងចំណោមប្រទេសដែលបានរើខ្លួនចេញផុតពីវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៃឆ្នាំ២០០៨មុនគេ អត្រានៃកំណើនផលិតផលសរុបក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង០,៥%នៅត្រីមាសទី៤ឆ្នាំ២០១០បើប្រៀបផ្ទឹមទៅនឹងត្រីមាសមុន។ កំណើននេះជាកំណើនដ៏តិចទាប បើប្រៀបផ្ទឹមទៅត្រីមាសទី១និងត្រីមាសទី២ឆ្នាំ២០១០ដែលមានដល់ទៅ២,១%និង១,៤%។
លទ្ធផលដ៏ល្អដែលសម្រេចបានដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទី៤នៅអាស៊ីឬ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១៣ពិភពលោកដែលមានប្រាក់បំណុលពុំលើសពី២៤%នៃផលិតផលដុលក្នុងប្រទេសឡើយ។ ហើយអត្រានៃអ្នកឥតការងារធ្វើទៀតសោតក៏នៅតិចទាប ពោលគឺមានតែ៣,៧%ប៉ុណ្ណោះនៃចំនួនប្រជាជនសកម្មសរុប។ ទាំងនេះក៏ដោយសារតែការនាំទំនិញកូរ៉េខាងត្បូងចេញទៅលក់ក្រៅប្រទេសមានថាមពលខ្លាំងក្លា ជាពិសេសផលិតផលអេឡេចត្រូនិកនិងរថយន្តកូរ៉េខាងត្បូង។
ការនាំចេញនេះមានសន្ទុះខ្លាំង ក៏ដោយសារតែតម្រូវការពិភពលោកមានថាមពលខ្លាំង ជាពិសេសពីសំណាក់ប្រទេសចិនដែលជាអ្នកស្រូបទិញផលិតផលកូរ៉េខាងត្បូងដល់ទៅប្រមាណ១/៤នៃការនាំចេញសរុបរបស់កូរ៉េខាងត្បូង។ ហើយកត្តាមួយទៀតដែលធ្វើឲ្យការនាំចេញរបស់កូរ៉េខាងត្បូងមានសន្ទុះខ្លាំងគឺតម្លៃរូបិយប័ណ្ណកូរ៉េខាងត្បូងពោលគឺប្រាក់Won នេះឯងតែម្តងដែលមានតម្លៃថោកដែលជាកត្តាមួយដ៏សំខាន់ក្នុងការជួយរុញច្រានការនាំចេញរបស់កូរ៉េខាងត្បូងឲ្យមានសន្ទុះខ្លាំង។
កត្តាវិជ្ជមានមួយទៀតសម្រាប់សេដ្ឋកិច្ចកូរ៉េខាងត្បូងគឺការស្ទុះកើនឡើងក្នុងការទិញដូរហូបចុកក្នុងប្រទេសដែលបានកើនឡើង០,៣%នៅត្រីមាសទី៤ឆ្នាំ២០១០ ហើយបានកើនឡើង៧%សម្រាប់ឆ្នាំ២០១០ទាំងមូល ក្រោយពីបានស្គាល់ការដើរថយក្រោយ-៣,៨%នៅឆ្នាំ២០០៩។ ហើយនៅឆ្នាំ២០១១នេះ អត្រានៃកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងអាចឋិតនៅចន្លោះ៤,៥%និង៥%។
ទស្សនវិស័យសេដ្ឋកិច្ចកូរ៉េខាងត្បូងនេះក៏ចងភ្ជាប់មកជាមួយនូវក្តីបារម្ភកាន់តែខ្លាំងឡើងៗ ដោយហេតុតែមានបញ្ហាទំនិញឡើងថ្លៃដែលអាចគំរាមដល់សន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូង។
អត្រាអតិផរណាដែលមាន២,៩%នៅឆ្នាំ២០១០ក៏ដោយហេតុតែការទិញដូរហូបចុកផ្ទៃក្នុងមានសន្ទុះខ្លាំងហើយក៏ដោយហេតុតែតម្លៃនៃវត្ថុធាតុដើមបានកើនឡើងថ្លៃខ្លាំង ក៏ដូចគ្នាអ៊ីចឹងដែរសម្រាប់តម្លៃចំណីអាហារដែលបានកើនឡើងថ្លៃ២១,៣%នៅឆ្នាំ២០១០ពីព្រោះតែការប្រមូលដំណាំភោគផលពុំបានល្អប្រសើរ ហើយនិងជ្រូកមានជម្ងឺពងបែកក្នុងមាត់ដែលបាននាំឲ្យគេសម្លាប់សត្វជ្រូកចោលអស់ជិត៣លានក្បាលដែលស្មើនឹង១៥%នៃចំនួនសត្វជ្រូកសរុបដែលចិញ្ចឹមនៅប្រទេសកូរ៉េខាងត្បូង។
តម្លៃទំនិញឡើងថ្លៃខ្លាំងជាពិសេសតម្លៃចំណីអាហារបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនកូរ៉េខាងត្បូងដែលមានប្រាក់ចំណូលខ្សត់ខ្សោយ។ ដូច្នេះហើយ បានជាក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចកូរ៉េខាងត្បូងបានចាត់វិធានការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបញ្ហាទំនិញឡើងថ្លៃ ដោយបានដាក់កំហិតឲ្យតម្លៃភ្លើងអគ្គិសនីនិងតម្លៃឧស្ម័នឲ្យឋិតនៅនឹងថ្កល់មួយរយៈពេល។ ចំណែកឯតម្លៃសម្រាប់ចុះឈ្មោះរៀននៅមហាវិទ្យាល័យវិញក៏ដូចគ្នាអ៊ីចឹងដែរ។
ដោយយល់ដឹងពីគ្រោះថ្នាក់ពីបញ្ហាទំនិញឡើងថ្លៃដែលអាចគំរាមដល់សន្ទុះកំណើនសេដ្ឋកិច្ច ធនាគារកណ្តាលកូរ៉េខាងត្បូងបានសម្រេចកាលពីថ្ងៃទី១៣មករាកន្លងទៅធ្វើការដំឡើងអត្រាការប្រាក់នាំមុខរបស់គេប្រមាណ០,២៥ពិន្ទុឲ្យកើនឡើងដល់២,៧៥%ដែលជាការដំឡើងលើកទី៣ក្នុងរយៈកាលតែ៦ខែប៉ុណ្ណោះ។សេចក្តីសម្រេចចិត្តរបស់ធនាគារកណ្តាលកូរ៉េខាងត្បូងនេះបានទទួលការយល់ស្របពីសំណាក់អ្នកជំនាញការ។
សូមបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូងLee Myung Bak បានសន្យាថា នឹងរក្សាឲ្យអត្រាអតិផរណាឋិតនៅរវាង៣%នៅឆ្នាំ២០១១នេះ៕
Link : http://www.khmer.rfi.fr/korea/20110128-បញ្ហាអតិផរណា%E2%80%8Bគំរាមដល់%E2%80%8Bសន្ទុះ%E2%80%8Bកំណើន%E2%80%8Bសេដ្ឋកិច្ច%E2%80%8Bកូរ៉េ%E2%80%8Bខាងត្បូង%E2%80%8B
Subscribe to:
Post Comments (Atom)
No comments:
Post a Comment