Thursday, January 6, 2011
កូរ៉េខាងជើងប្រកាសត្រៀមខ្លួនចរចាជាមួយកូរ៉េខាងត្បូងដោយគ្មានល័ក្ខខ័ណ្ឌ
កូរ៉េខាងជើងប្រកាសត្រៀមខ្លួនចរចាជាមួយកូរ៉េខាងត្បូងដោយគ្មានល័ក្ខខ័ណ្ឌ
កូរ៉េខាងជើងបានប្រកាសឲ្យដឹងនៅថ្ងៃពុធ ទី៥ មករាថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តើមកិច្ចចរចាជាមួយកូរ៉េខាងត្បូងនាពេលឆាប់ៗ និងគ្មានល័ក្ខខ័ណ្ឌ។ សេចក្តីប្រកាសរបស់ទីក្រុងព្យុងយ៉ាងពេលនេះបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់បានប្រកាសថា ទ្វារនៃកិច្ចចរចារវាងបងប្អូនបង្កើតគូសត្រូវទំាងពីរនៅតែបើកចំហរជានិច្ច។ ប្រទេសចិនបានប្រកាសគំាទ្រ តែសហរដ្ឋអាមេរិកប្រកាសរង់ចំាមើលការអនុវត្តន៍ជាក់ស្តែង។
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
ការបញ្ជូនសារ ទៅ មកដែលបង្កប់ដោយសំណើសុំចរចា ឬមួយក៏ថា ទ្វារនៃកិច្ចចរចានៅតែបើកចំហរជានិច្ចនាពេលនេះ អាចជាជំហានថ្មីមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរ។ ក្នុងឆ្នំា ២០១០កន្លងទៅ ទំនាក់ទំនងរវាងកូរ៉េទំាងពីរបានធ្លាក់ដល់បាតដាល ហៅមិនឮ ពិសេស ក្រោយពីមានព្រឹត្តការណ៍ចំនួនពីរបានកើតឡើង ទីមួយ គឺការបាញ់ពន្លិចនាវាចម្បំាងកូរ៉េខាងត្បូង ពីសំណាក់កូរ៉េខាងជើងកាលពីខែមិនា ឆ្នំា ២០១០ ដែលបានបណ្តាលឲ្យស្លាប់ទាហានកូរ៉េខាងត្បូងចំនួន ៤៦នាក់។ ព្រឹត្តិការណ៍ទី២ គឺការដែលទាហានកូរ៉េខាងជើងបានបាញ់ផ្លោងគ្រាប់កំាភ្លើងធំលើកោះ Yeonpyeong របស់កូរ៉េខាត្បូងកាលពីខែវិច្ឆិកា ឆ្នំា ២០១១។
តំាងពីក្រោយព្រឹត្តិការណ៍ចុងក្រោយទំាងពីរនោះមក ទំាងកូរ៉េខាងត្បូង និងទំាងកូរ៉េខាងជើងសុទ្ធតែបានគំរាម និងលើកសាច់ដុំបង្ហាញដាក់គ្នាទៅវិញ ទៅមកតាមរយៈសមយុទ្ធ។
គឺទើបតែនៅថ្ងៃទី៣១ ធ្នូ ចំថ្ងៃចុងក្រោយនៃឆ្នំា ២០១០ ទេ ដែលកូរ៉េខាងជើងបានអំពាវនាវឲ្យបង្កើនទំនាក់ទំនងរវាងកូរ៉េទំាងពីរ។ សេចក្តីអំពាវនាវនេះបានធ្វើឡើង តាមរយៈសារជូនពរឆ្នំាថ្មីចុះផ្សាយដោយកាសែតផ្លូវការកូរ៉េខាងជើង។ ជាចម្លើយតបវិញ លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់បានប្រកាសនៅក្នុងសារជូនពរឆ្នំាថ្មីកាលពីថ្ងៃទី ៣ មករាថា ទ្វារនៃកិច្ចចរចាជាមួយកូរ៉េខាងជើង នៅតែបើកចំហរជានិច្ច និងបន្ថែមថា ទីក្រុងសេអ៊ូលត្រៀមខ្លួនដើម្បីផ្តល់ជំនួយទៅឲ្យទីក្រុងព្យុងយ៉ាង ប្រសិនបើក្រុងព្យុងយ៉ាងពិតជាមានឆន្ទៈចង់កាត់បន្ថយភាពតានតឹងរវាងគ្នាមែននោះ។
នៅថ្ងៃពុធ ទី៥ មករាម្សិលមិញ កូរ៉េខាងជើងបានប្រកាសជាចំហរថា ខ្លួនត្រៀមនឹងជួបចរចាជាមួយថ្នាក់ដឹកនំាកូរ៉េខាងត្បូងគ្រប់ជាន់ថ្នាក់ទំាងអស់ ជួបនៅទីកន្លែងណាក៏បាន និងដោយមិនដាក់ល័ក្ខខ័ណ្ឌអ្វីទេ។
ចិនគំាទ្រ តែកូរ៉េខាងត្បូង និងអាមេរិករង់ចំាមើល
នៅថ្ងៃព្រហស្បតិ៍ ទី៦ មករានេះ ចិនបានប្រកាសយល់ស្របឲ្យបង្កើនទំនាក់ទំនង និងជួយជម្រុញឲ្យមានកិច្ចចរចារវាងកូរ៉េទំាងពីរ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបែរជាបានប្រកាសថា គេត្រូវរង់ចំាមើលទង្វើជាក់ស្តែងរបស់កូរ៉េខាងជើងជាមុនសិន។ គឺរង់ចំាមើលការអនុវត្ត៍ជាក់ស្តែងរបស់កូរ៉េខាងជើង។ តើកូរ៉េខាងជើងនឹងធ្វើអ្វី ដូចដែលខ្លួនបាននិយាយ ឬអត់ ? ព្រោះថា ជាមួយអ្នកណាមិនដឹងទេ តែបើជាមួយកូរ៉េខាងជើង អ្វីៗអាចនឹងក្រឡាប់ចាក់តែមួយពព្រិចភ្នែកប៉ុណ្ណោះ វាមិនខុសអ្វីពីសំណុំរឿងនុយក្លេរអ៊ែរ ដែលបាននិងកំពុងអូសបន្លាយរហូតមកដល់ពេលនេះទេ។
តាមពិតទៅ សេចក្តីប្រកាសរបស់កូរ៉េខាងជើងចង់ចរចាជាមួយកូរ៉េខាងត្បូងដោយគ្មានល័ក្ខខ័ណ្ឌស្រដៀងគ្នាពេលនេះ ធ្លាប់មានជាបន្តបន្ទាប់តំាងតែពីឆ្នំា ២០០៧ មកម្ល៉េះ។ តែវាបានត្រឹមតែជាការគោះទឹកបង្អើលត្រីប៉ុណ្ណោះ។ កន្លងមក គេតែងសង្កេតឃើញជារួមថា កូរ៉េខាងជើងតែងតែប្រើយុទ្ធសាស្រ្តក្តៅផង ត្រជាក់ផង។ ទន្ទឹមនឹងសុំចរចា ចង់ដោះស្រាយបញ្ហា តែភ្លេចខ្លួន បែរជាធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរបង្អើលគេ បង្អើលឯងឲ្យផ្អើលឆោឡោ។ ភ្លេចៗខ្លួន កូរ៉េខាងជើងបានបាញ់ពន្លិចនាវាចម្បំាងកូរ៉េខាងត្បូង និងបាញ់ផ្លោងគ្រាប់កំាភ្លើងធំលើកោះកូរ៉េខាងត្បូង។
អ៊ីចឹងហើយបានជានៅពេលនេះទៀត ភាគីដែលពាក់ព័ន្ធមិនសូវជាត្រេកត្រអាលចំពោះសេចក្តីប្រកាសរបស់កូរ៉េខាងជើងប៉ុន្មានទេ។ ទំាងកូរ៉េខាងត្បូង និងទំាងសហរដ្ឋអាមេរិកនៅមិនទាន់បានចាត់ទុកសំណើរបស់កូរ៉េខាងជើងថា មានលក្ខណៈប្រាកដប្រជានោះទេ។ លោកស្រី Lee Jong-Joo អ្នកនំាពាក្យក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងគួរតែបង្ហាញនូវសុឆន្ទៈល្អរបស់ខ្លួន តាមរយៈការរំសាយកម្មវិធីនុយក្លេអ៊ែរ និងការសុំទោសចំពោះការបាញ់ពន្លិចនាវាចម្បំាង និងការបាញ់ផ្លោងគ្រាប់កំាភ្លើងធំលើកោះ Yeonpyeong របស់កូរ៉េខាងត្បូង ជាមុនសិន។
សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងកំពុងបន្តសំាញំា និងស្មុគស្មាញ
គេអាចនិយាយបានថា បញ្ហានៅឧបទ្វីបកូរ៉េមានពីរ គឺបញ្ហានុយក្លេអ៊ែរកូរ៉រខាងជើង និងបញ្ហារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ សំណើរបស់របបកម្មុយនិស្តក្រុងព្យុងយ៉ាងពេលនេះ គឺដើម្បីបង្កើនទំនាក់ទំនងជាមួយក្រុងសេអ៊ូល។ គួរជម្រាបជូនថា ពិតមែនតែសង្គ្រាមកូរ៉េបានបិទបញ្ចប់ជាងកន្លះសតវត្សរ៍ក៏ដោយ ក៏គ្មានសន្ធិសញ្ញាសន្តិភាពណាមួយដែលបងប្អូនបង្កើតគូសត្រូវទំាងពីរបានចុះហត្ថលេខារួមគ្នាដែរ មានន័យថា បើនិយាយក្នុងលក្ខណៈបច្ចេកទេស កូរ៉េខាងជើង និងខាងត្បូងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមដដែល នោះបើទោះបីជាគ្មានវាយប្រហារគ្នាជាក់ស្តែងក៏ដោយ។
និយាយពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងវិញ នេះពិតជារឿងមួយសំាញំា និងស្មុគស្មាញ។ កន្លងមក កិច្ចចរចា ៦ភាគី ដែលរួមមាន អាមេរិក ចិន រុស្ស៊ី ជប៉ុន និងកូរ៉េទំាងពីរ ជើង-ត្បូង មានច្រើនរាប់មិនអស់ តែលើកណាក៏ដូចជាលើកណាដែល វាមិនខុសអ្វី ពីការចចាររវាងមនុស្សគ និងមនុស្សថ្លង់ទេ។ កិច្ចចរចាបានចាប់ផ្តើមដំបូងក្នុងឆ្នំា ២០០៣ តែត្រូវបានជាប់គំាងតំាងពីឆ្នំា ២០០៩ ដោយកូរ៉េខាងជើងបានសម្រេចដើរចេញពីតុចរចា។
ការដែលរបបស្តាលីននិយមរបស់លោក គឹម យ៉ុងអ៊ីលយកសំណុំរឿងនុយក្លេអ៊ែររបស់ខ្លួនទៅបន្តផ្គើមសហគមន៍អន្តរជាតិនាពេលនេះ មកពីកូរ៉េខាងជើងអាងប្រទេសចិន និងរុស្ស៊ី។ សម្ព័ន្ធមិត្តចិន និងរុស្ស៊ីដែលក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងនោះ បន្តគំាទ្រ និងមិនចង់ឃើញកូរ៉េខាងជើងទទួលទ័ណ្ឌកម្មធ្ងន់ធ្ងរអ្វីទេ។
តែយ៉ាងណាក៏ដោយ ផ្លូវហាក់ដូចមានតែមួយគត់ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង នោះគឺបន្តការចរចា ៦ភាគី។ សូម្បីតែលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុងបាក់ ក៏បានប្រកាសទទួលស្គាល់កាលពីសប្តាហ៍មុនថា គេគ្មានជម្រើសអ្វី ក្រៅពីការចរចា ៦ភាគីទេ នៅក្នុងដំណោះស្រាយសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ តែដើម្បីឈានដល់ចំណុចនេះបាន ការបង្កើនទំនាក់ទំនងឲ្យល្អប្រសើររវាងបងប្អូនបង្កើតគូសត្រូវទំាងពីរ ជារឿងមួយមិនអាចខ្វះបាន។
សំណួរដែលបន្តចោទនៅត្រង់ថា តើត្រូវធ្វើដូចម្តេចដើម្បីអូសកូរ៉េខាងជើងឲ្យទៅកាន់តុចរចាជាថ្មីឡើងវិញ និងថា តើកូរ៉េខាងជើងពិតជាមានឆន្ទៈចង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬអត់ ? ព្រោះគេមិនត្រូវភេ្លចទេថា សម្រាប់របបដឹកនាំក្រុងព្យុងយ៉ាងបច្ចុប្បន្ន កម្មវិធីនុយក្លេអ៊ែរ គឺជាអាយុជីវិតរបស់ពួកគេ។
Link : http://www.khmer.rfi.fr/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment