ប្រទេសកូរ៉េខាងជើងបានបន្ថយកម្រិតភាពអាសន្នមកនៅកម្រិតមុនពេលមានវិបត្តិនៅចុងខែវិច្ឆិកាកន្លងទៅ ដែលទាំងនេះបាននាំឲ្យមានសកម្មភាពដូចគ្នាអ៊ីចឹងដែរសម្រាប់កងកម្លាំងយោធាកូរ៉េខាងត្បូងនិងកងកម្លាំងយោធាអាមេរិក។ នេះពិតជាសញ្ញាបង្ហាញឲ្យឃើញនូវការបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
បើយោងតាមប្រភពព័ត៌មានបានមកពីរដ្ឋាភិបាលកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានលើកចេញនូវកម្រិតភាពអាសន្នពិសេសដែលខ្លួនបានដាក់នៅថ្ងៃទី២១វិច្ឆិកាទៅលើកងកម្លាំងយោធាដែលដាក់ពង្រាយនៅជិតព្រំដែនសមុទ្រជាប់នឹងកូរ៉េខាងត្បូង។
ដូចគ្នាអ៊ីចឹងដែរ កងកម្លាំងយោធាកូរ៉េខាងត្បូងនិង កងកម្លាំងយោធាអាមេរិកដែលមានវត្តមាននៅប្រទេសកូរ៉េខាងត្បូងក៏បានធ្វើការបន្ថយកម្រិតភាពអាសន្នមកនៅកម្រិត”ធម្មតា”ឡើងវិញ។ ហើយអ្នកនាំពាក្យនៃក្រសួងការពារជាតិពុំព្រមធ្វើអត្ថាធិប្បាយឬផ្តល់ព័ត៌មានអ្វីផ្សេងទៀតឡើយ។
សូមបញ្ជាក់ថា ភាពតានតឹងខ្លាំងបានកើតមាននៅថ្ងៃទី២៣វិច្ឆិកា នៅខណៈពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់បំផ្លោងទៅលើកោះកូរ៉េខាងត្បូងដែលឋិតនៅជិតព្រំដែននៃប្រទេសកូរ៉េទាំងពីរ ហើយដែលជាតំបន់អធិករណ៍ពុំព្រមទទួលស្គាល់ដោយទីក្រុងព្យុងយ៉ាង។ ការបាញ់បំផ្លោងដោយកងកម្លាំងយោធានៃទីក្រុងព្យុងយ៉ាងទៅលើតំបន់ស៊ីវិលបែបនេះ ជាលើកទីមួយហើយដែលបានកើតមានចាប់តាំងពីសង្គ្រាមកូរ៉េបានបិទបញ្ជាប់នៅឆ្នាំ១៩៥៣មក។
នៅថ្ងៃពុធកន្លងទៅនេះ ទីក្រុងព្យុងយ៉ាងបានស្នើឲ្យមានជំនួបចរចា”ឧភតោភាគី”ជាមួយទីក្រុងសេអ៊ូលក្នុងគោលបំណងបង្កើតឲ្យមានទំនាក់ទំនងប្រក្រតីឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ។ ក៏ប៉ុន្តែទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោនទទួលសំណើរបស់កូរ៉េខាងជើងនេះដោយមានការប្រយ័ត្នប្រយែង ហើយបានទាំងថ្លែងថា ទីក្រុងព្យុងយ៉ាងត្រូវតែបង្ហាញឲ្យឃើញនូវសុឆន្ទៈរបស់ខ្លួន ដោយត្រូវមានសកម្មភាពពិតប្រាកដ ពុំមែនមានតែសេចក្តីប្រកាសប៉ុណ្ណោះឡើយ៕
No comments:
Post a Comment