Wednesday, January 12, 2011

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​ដល់​យុវតីខ្មែរ


តាំង​ពី​ឆ្នាំ​១៩៩៤​មក សមាគម​គ្រូពេទ្យ​កម្ពុជា​នៅ​ប្រទេស​បារាំង​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា មាន​ជាអាទិ៍​ ការផ្តល់​សម្ភារៈ​បរិក្ខា​រ​ពេទ្យ ថ្នាំ​សង្កូវ ការ​ពិនិត្យ​​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​តំបន់​ផ្សេងៗ​​ក្នុង​ប្រទេស​ ទៅ​តាម​តម្រូវការ​ដោយ​ផ្ទាល់​នៅ​កន្លែង និង​ទៅ​តាម​លទ្ធភាព​នៃ​ការ​ប្រមូល​ជំនួយ​ពី​ប្រទេស​បារាំង។ ឆ្នាំ​នេះ សមាគមបាន​​​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ ជំងឺ​មហារីក​មាត់​ស្បូន​ដល់​សិស្សានុសិស្ស​ នៅ​អនុវិទ្យាល័យ​ចំនួន​៩​អនុវិទ្យាល័យ នៅ​ទីក្រុង​ភ្នំពេញ។ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នេះ មាន​រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​១០ ដល់​ថ្ងៃ​សុក្រ​ទី​១៤​មករា​ឆ្នាំ​២០១១។

គ្រោះ​ថ្នាក់​សំខាន់​មួយ​ដែល​ស្ត្រី​ទូទៅ និង​ភាគ​ច្រើន​ ព្រួយ​បារម្ភ និង​អាច​ជួប​ គឺ​ជំងឺ​មហារីក​មាត់​ស្បូន។ វីរ៉ុស​ papillomavirus HPV16 et HPV18 ដែល​ជា​ភ្នាក់​ងារ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​ (៧០%) ពេល​ខ្លះ​បាន​មក​តោង​ជាប់​ក្នុង​ខ្លួនមនុស្ស​ស្រីយើង​​ តាំង​ពី​នៅ​ក្មេងមិន​ទាន់​គ្រប់​ការ ហើយ​វា​អាច​សំងំ​រហូត​ដល់​២០​​ឆ្នាំ​ មុន​នឹង​រីក​រាល​ដាល​ចូល​ដំណាក់​កាល ជំងឺ​មហារីក។

ហេតុ​ដូច្នេះ​ហើយ​បាន​ក្រុម​អ្នក​វេជ្ជសាស្ត្រ​បាន​ណែ​នាំ​ឲ្យ​គ្រប់​ស្ត្រី​ទាំង​អស់​ ដែល​មាន​អាយុ​ចាប់​ពី​ ២៥​ឆ្នាំ​ឡើង​ទៅ​ អញ្ជើញ​ទៅធ្វើ​ការ​ត្រួត​ពិនិត្យ​ស រាល់​ពីរ​ឆ្នាំ​ម្តង ការពារ​ក្រែង​មាន​ជំងឺ​មហារីក​មាត់​ស្បូន។ ព្រោះ​បើ​គេ​ដឹង​ និង​រក​ឃើញ​កាន់​តែ​ឆាប់ នោះ​គេ​នឹង​មាន​លទ្ធភាព​ជួយ​សង្គ្រោះ​ និង​ព្យាបាល​បានជា​សះ​ស្បើយ​។

មធ្យោបាយ​មួយ​ទៀត គឺ​ការ​ចាក់​ថ្នាំ​បង្ការ ! ថ្នាំ​បង្ការ​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ចាក់​ជូន​ដល់ កុមារី និង​យុវតី ដែល​ពុំ​ទាន់​មាន​ទំនាក់ទំនង​ផ្លូវភេទ ទើប​មាន​ប្រសិទ្ធិភាព​ល្អ។ កុមារី ចាប់​ពី​អាយុ​៩ រហូត​ដល់​ពេញ​វ័យ​អាយុ​២៦​ឆ្នាំ អាច​ទទួល​ថ្នាំ​បង្ការ​នេះ​បាន។ ទោះ​បី​គ្មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​បើ​ស្ត្រី​ម្នាក់​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយនោះ ការ​ចាក់​ថ្នាំ​បង្ការ​ពុំ​សូវ​​មាន​ប្រយោជន៍​ និង​ប្រសិទ្ធិភាព​ទេ។ ចំពោះ​ថ្នាំ​បង្ការ​នេះ ក៏ដូច​ជា​ថ្នាំ​បង្ការ​ផ្សេងៗ​ទៀត​ដែរ វា​អាច​ការពារ​បាន​តែ​៧០%​ប៉ុណ្ណោះ។ ដូច្នេះ​កុមារី និង​យុវតី ដែល​បាន​ទទួល​ថ្នាំ​ការពារ​ហើយ ក៏​ត្រូវ​តែ​អញ្ជើញ​ទៅ​ពិនិត្យ​ស​ នៅ​ពេល​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ និង​ចាប់​ពី​ពេល​មាន​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ។

ដោយយល់​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​នេះ ទើប​ក្រុម​គ្រូពេទ្យនៃ​សមាគម​គ្រូពេទ្យ​ខ្មែរ​នៅ​ប្រទេស​បារាំង​ សហការជាមួយ​នឹង​​សមាគម​មិត្ត​និស្សិត និង​ឱសថសាស្ត្រ​ខ្មែរ​នៅ​ប្រទេស​បារាំង ព្រម​ទាំង​សមាគម​ក្រុម​គ្រូពេទ្យ​ និង​ឱសថ​សាស្ត្រ​នៅប្រទេស​កម្ពុជា ដែល​មាន​លោក​ សុង សេង ហុង ជាប្រធាន​សមាគម​ បាន​អញ្ជើញ​ទៅ​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ ជំងឺ​មហារីក​មាត់​ស្បូន​ដល់​សិស្សានុសិស្ស​ នៅ​អនុវិទ្យាល័យ​ចំនួន​៩​អនុវិទ្យាល័យ នៅ​ទីក្រុង​ភ្នំពេញ។ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នេះ មាន​រយៈ​ពេល​៥​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​១០ ដល់​ថ្ងៃ​សុក្រ​ទី​១៤​មករា​ឆ្នាំ​២០១១ និង​ចាក់​ជូន​ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ ដល់​កុមារី អាយុ​ពី​៩ ដល់​១៤​ឆ្នាំ៕
LInk : http://www.khmer.rfi.fr/Vaccin%20womb%20in%20Cambodia

No comments:

Post a Comment