Monday, January 10, 2011

ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​


លោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង Kim Kwan-Jin (ឆ្វេង) និង​សមភាគី​ជប៉ុន Toshimi Kitazawa (ស្តាំ).

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ជួប​ប្រាស្រ័យ​ គ្នា​ នៅ​ថ្ងៃ​ចន្ទ​១០​មករា​នេះ​ នៅ​សេអ៊ូល​ជា​រដ្ឋធានី​នៃ​កូរ៉េ​ខាង​ត្បូង​។​បញ្ហា​ស្នូល​នៃ​ជំនួប​នេះ​គឺ​ ការគំរាម​ខាង​យោធា​ពី​ខាង​កូរ៉េ​ខាង​ជើង​និង​លទ្ធភាព​នៃ​សហប្រតិបត្តិការ​ យោធា​ជា​ឩភតោ​ភាគី​។​គឺ​ជា​ជំនួប​លើក​ទីមួយ​បែប​នេះ​ចាប់​តាំង​ពី​ជិត​ពីរ​ ឆ្នាំ​មក​។​ពិត​មែន​តែ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ឯកភាព​គ្នា​នៅ​ក្នុង​ ការប្រឈម​មុខ​ទល់​នឹង​កូរ៉េ​ខាង​ជើង​ក៏​ដោយ​ ​ ក៏​នៅ​មាន​ទំនាស់​ជា​ច្រើន​ ជាអាទិ៍​ ផ្នែក​ខាង​ប្រវត្តិសាស្ត្រ​ដែល​រារាំង​មិន​ឱ្យ​ប្រទេស​ទាំង​ពីរ​ខិត​ចូល​ជិត ​គ្នា​។


កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ប៉ុន​ប៉ង​នៅ​ថ្ងៃ​ចន្ទ​នេះ​ពុះ​ពារ​ជំនះ​លើ​ការប្រកួត​ប្រជែង​គ្នា​និង​ការមិន​ទុក​ចិត្ត​គ្នា​មាន​ជា​ច្រើន​សិប​ឆ្នាំ​មក​ហើយ​។​នៅ​កូរ៉េ​ខាង​ត្បូង​ ​ មុខ​របួស​បន្សល់​ទុក​ដោយ​អាណានិគមកិច្ច​ដ៏​ឃោរឃៅ​របស់​ជប៉ុន​ នៅ​ដើម​សតវត្ស​មុន​ នៅ​តែ​ធ្វើ​ឱ្យ​ឈឺ​ចុក​ចាប់​នៅ​ឡើយ​។ទំនាស់​ដែន​ដី​នៅ​តែ​មាន​នៅ​ឡើយ​ ហើយ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ភាគ​ច្រើន​ជំទាស់​ខ្លាំង​ណាស់​ទល់​នឹង​រាល់​សហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ជប៉ុន​ជិត​ខាង​។

ប៉ុន្តែ​ ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​តម្រូវ​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ខិត​ចូល​ជិត​គ្នា​។ការឈ្លានពាន​របស់​កូរ៉េ​ខាង​ជើង​នៅ​ឆ្នាំ​ទៅ​ បាន​បណ្តាល​ឱ្យ​ស្លាប់​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​អស់​៥០នាក់​។ជប៉ុន​ទទួល​រង​ការគំរាម​ជា​រឿយៗ​ដោយ​ការបាញ់​កាំជ្រួច​មីស្ស៊ីល​កូរ៉េ​ខាង​ជើង​។ចំណែក​ឯ​កំណើន​មហិទ្ធិឫទ្ធិ​យោធា​របស់​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​របស់​ព្យុងយ៉ាង​​ក៏​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ខ្វល់​ចិត្ត​ខ្លាំង​ដែរ​។

បន្ថែម​ពី​​លើ​នេះគឺ​ស.រ.អា​.ដែល​ជា​សម្ព័ន្ធមិត្ត​យោធា​របស់​សេអ៊ូល​និង​តូក្យូ​។វ៉ាស៊ិនតោន​ចង់​ឃើញ​សម្ព័ន្ធមិត្ត​ខ្លួន​ទាំង​ពីរ​រឹត​ចំណង​រវាង​គ្នា​ថែម​ទៀត​។រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នេះ​អំពី​ការផ្តោះ​ប្តូរ​ព័ត៌មាន​គ្នា​ស្តី​ពី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ ក៏​ព្រម​ទាំង​អំពី​ការចុះ​ហត្ថលេខា​ជា​យថាហេតុ​លើ​កិច្ច​ព្រម​ព្រៀង​ពស្តុភារ​យោធា​មួយ​។

ប៉ុន្តែ​ សេអ៊ូល​បាន​បញ្ជាក់​ប្រាប់​រួច​ស្រេច​ទៅ​ហើយ​ថា​គឺ​គ្រាន់​តែ​ជា​ការខិត​ចូល​ជិត​គ្នា​ត្រូវ​តាម​កាលៈទេសៈ​ប៉ុណ្ណោះ​ ហើយ​គ្មាន​អ្វី​ប្រហែល​ជា​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ទេ​ បន្ទាប់​ពី​ជំនួប​ប្រាស្រ័យ​គ្នា​នេះ​មក​៕

Link : http://www.khmer.rfi.fr/asia/20110110-ជំនួប%E2%80%8Bរវាង%E2%80%8Bរដ្ឋមន្ត្រី%E2%80%8Bក្រសួង%E2%80%8Bការពារជាតិ%E2%80%8Bជប៉ុន%E2%80%8Bនិង%E2%80%8Bកូរ៉េ%E2%80%8Bខាង%E2%80%8Bត្បូង%E2%80%8B

No comments:

Post a Comment