Wednesday, January 19, 2011

គ្រួសក្នុងតំរងនោម


មនុស្ស​ប្រមាណ​ជា​១០%​ ដែល​បរិភោគ​ទឹក​មិន​គ្រាប់​គ្រាន់ ជា​ជន​រង​គ្រោះ​នៃ​ជំងឺ​គ្រួស​ក្នុង​តំរង​នោម បុរស​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​ស្ត្រី​ដល់​ទៅ​ទ្វេ​ដង។ ជំងឺ​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ជា​ញឹកញាប់។ ហើយ​បើ​អ្នក​ជំងឺ​ណា​ធ្លាប់​បាន​កើត​ជំងឺ​នេះ​ម្តង​ហើយ នោះ​គាត់​ងាយ​នឹង​លាប់​ឡើង​វិញ​បាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ក្រោយ។ តើ​អ្វី​ទៅ​ជា​ជំងឺ​គ្រួស​ក្នុង​តំរង​នោម ? គ្រួស​នោះ​មាន​លក្ខណៈ​ដូច​ម្តេច និង​អ្វី​ជា​បុព្វហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រួស​នេះ ? សូម​អញ្ជើញ​ស្តាប់​ការ​ពន្យល់​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត លឹម សុជន់ គ្រូពេទ្យ​ឯកទេស​ជំងឺ​តំរង​នោម ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នឹង​អៀង សុខម៉ិញ។

គ្រួស​ក្នុង​តំរង​នោម មាន​ច្រើន​ប្រភេទ​ណាស់ វា​មាន​សភាព​រឹង​ដូច​ជា​គ្រួស​ធម្មតា​នៅ​ខាង​ក្រៅ​ដូច្នោះ​ឯង។ គ្មាន​គ្រួស​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​សារធាតុ​តែ​មួយ​មុខ​ទេ។ គ្រួស​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជា​គេ​ជា​គ្រួស​បង្ក​ឡើង​ដោយ​សារ​ធាតុ​ កាល់ស្យូម។ កាល់ស្យូម​បូក​ជាមួយ​នឹង​សារធាតុ​អុកសាលាដ កាល់ស្យូម​ជាមួយ​នឹង​ផូហ្វ័រ ឬ​ផូស្វ័រ​ជាមួយ​នឹង​អាម៉ូញាក់ និង​ការ​បូក​ផ្សំ​ជាច្រើន​ផ្សេងៗ​ទៀត ...
មូល​ហេតុ
- កត្តា​ទី​មួយ ៖ ការប្រតិបត្តិ។ គ្រួស​វា​បង្ក​ឡើង​ដោយ​សារ​ទឹក​នោម​របស់​យើង​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មួយ​ ចំនួន​ដែល​មិន​រលាយ។ បើ​សិន​​យើង​មាន​កំរិត​ទឹក​នោម​តិច- ទៅ​បត់​ជើង​តូច​តិចតួច​ពេក ព្រោះ​តែ​បរិភោគ​ទឹក​តិច​ពេក នោះ​សារធាតុ​ដែល​បង្ក​ជា​កំហាប់​ក្នុង​ទឹក​នោម​ មាន​ជា​អាទិ៍​ កាល់ស្យូម អុកសាលាដ អាស៊ីត​អុយរិក ព្រម​ទាំង​សារធាតុ​មួយ​ចំនួន​ផ្សេងៗ​ទៀត ក៏​មាន​ខ្ពស់​ ដូច្នេះ​គ្រោះ​នៃ​ការ​បង្ក​បង្កើត​ជា​គ្រួស​ក៏​មាន​ច្រើន​ទៅ​តាម​នោះ ដែរ។ និយាយ​ឲ្យ​ខ្លី​ស្រួល​ស្តាប់ បើ​ទឹក​នោម​មាន​កំហាប់​ខ្ពស់ គ្រោះ​មាន​គ្រួស​ក្នុង​តំរង​នោម​ក៏​ខ្ពស់​ដែរ។ សរុប​សេចក្តី​មក​ គឺ​ការ​បរិភោគ​ទឹក​មិន​គ្រប់​គ្រាន់​ជា​កត្តា​មួយ​ដែល​បង្ក​ឲ្យ​មាន​គ្រួស​ ក្នុង​តំរង​នោម។
- កត្តា​ទី​ពីរ​ ៖ បញ្ហា​បុគ្គល។ មាន​ជំងឺ​រលាក​ ឬ​ជំងឺ​ផ្សេង​ទៀត​នៅ​តំរង​នោម ​នៅ​ផ្លោក​នោម​ញឹក​ញាប់ ក៏​​អាច​ប្រទាញ​ឲ្យ​ងាយ​ជួប​នឹង​គ្រោះ​កើត​ជំងឺ​គ្រួស​ក្នុង​តំរង​នោម​ដែរ។ បុគ្គល​ខ្លះ​ទៀត​ គាត់​មាន​សំណាង​មិន​ល្អ ធម្មជាតិ​បាន​បង្កើត​គាត់​មក​ជាមួយ​នឹង​ទំរង់​មិន​ធម្មតា​ធ្វើ​ឲ្យ​គាត់​ងាយ ​នឹង​កើត​គ្រួស​នេះ។

រោគ​សញ្ញា

គ្រួស​ក្នុង​ តំរង​នោម​បាន​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុក​ចាប់​ យ៉ាង​ខ្លាំង មិន​អាច​ទ្រាំ​បាន នៅ​ម្តុំ​ចង្កេះ តែ​ម្ខាង​ទេ និង​ឈឺ​ពោះ​សំយ៉ុង​ចុះ​មក​ប្រដាប់​ភេទ។ ការ​ឈឺ​ចុក​ចាប់​នេះ​បណ្តាល​មក​ពី​គ្រួស​នៅ​ក្នុង​តំរង​នោម វា​ធ្លាក់​ ឬ​ចេញ​មក​ស្ទះ​នៅ​តាម​បង្ហួរ​នោម ដោយ​ប្រការ​ណាមួយ​ ជួន​កាល​ដោយ​សារ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ មិន​បរិភោគ​ទឹក​គ្រប់​គ្រាន់ អុក​ រលាក់។ នៅ​ពេល​បត់​ជើង​ អ្នក​ជំងឺ​អាច​មាន​ទឹក​នោម​លាយ​ឈាម​ក៏​មាន។ ប៉ុន្តែ​ពេល​ខ្លះ​គ្រួស​ក្នុង​តំរង​នោម​ មិន​បាន​ផ្តល់​ជា​រោគ​សញ្ញា​អ្វី​ឡើយ ជាពិសេស​បើ​គ្រួស​ស្ថិន​នៅ​ក្នុង​តំរង​នោម​តែ​ម្តង។ គេ​អាច​ដឹង​បាន​ ថា​មាន​គ្រួស​ តាម​រយៈ​ការ​ថត​ឆ្លុះ ឬ ថត​អេកូ។ ក្នុងករណី​ គ្រួស​ក្នុង​តំរង​នោម ដែល​គ្មាន​ផ្តល់​រោគ​សញ្ញា​នេះ គ្រោះ​ថា្នក់​អាច​មាន​លក្ខណៈធ្ងន់​ធ្ងរ​ខ្លាំង ព្រោះ​គ្រួស​វា​ចេះ​តែ​រីក​ដុះ​ធំៗ​ឡើងៗ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​តំរង​នោម​ខ្សោយ​។ គ្រួស​ធំ​ពេក​មិន​អាច​ចេញ​តាម​​​បង្ហួរ​នោម​កើត មធ្យោបាយ​​មាន​តែ​មួយ​គឺ​ត្រូវ​​ធ្វើ​ការ​វះ​កាត់​ ហើយ​ពេល​ខ្លះ​ត្រូវ​កាត់​យក​តំរង​នោម​នោះ​ចេញ​តែ​ម្តង​ក៏​មាន។

ទឹក​ស្អាត

ទឹក ​​មាន​ចំណែក​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​បង្កា​រ​កុំ​ឲ្យ​មាន​បញ្ហា​គ្រួស​ ក្នុង​តំរងនោម។ ដូច្នេះ​ទឹក​សំរាប់​បរិភោគ គឺ​ជា​ “ទឹកស្អាត”។ ព្រោះ​ ទឹក​សុទ្ធ​​​ដែល​ដាក់លក់​នៅ​លើ​ទី​ផ្សារ​ ទឹក​ខ្លះ​ មាន​សារធាតុ​អ៊ីយ៉ុង​ច្រើន​ ដូច​ជា កាល់ស្យូម ច្រើន ទឹក​ប្រភេទ​នេះ ត្រូវ​ប្រើ​តែ​ចំពោះ​បុគ្គល​ណា​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ។ ឯ​ចំណែក​ទឹក​អណ្តូង ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ប្រើ​ប្រាស់​វិញ​ ជាទឹក​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​រឹង​ច្រើន ដូច​ជា​កាល់ស្យូម កាល់កែរ។ បើ​ទឹក​នោះ​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ នោះ​នឹង​ធ្វើ​​ងាយ​រង​គ្រោះ​កើត​គ្រួស​ក្នុង​តំរង​នោម​ដែរ។

ផល​វិបាក​ដែល​បង្ក​ឡើង​ដោយ​គ្រួស​

-​ មាន​ការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​មិន​អាច​ទ្រាំ​បាន ព្រោះ​តែ​​​គ្រួស​​ចេញ​​មក​​ក្រៅ​ គាំង​នៅ​​​តាម​បង្ហួរ​នោម។
- ​ ខូច​តំរង​នោម។ គ្រួស​ខ្លះ នឹង​ធ្វើ​ឲ្យ​ស្ទះ​បង្ហួរ​នោម នោម​លែង​ចេញ ឬ​ចេញ​បាន​តែ​បន្តិច​បន្តួច​ ធ្វើ​ឲ្យ​ទឹក​នោម​ឡើង​ចាល់​ពេញ​តំរង​នោម ពេល​នោះ​តំរង​នោម​នឹង​ឡើង​ប៉ោង​។ យូរៗ​ទៅ តំរងនោម​នោះ​នឹង​ចុះ​ខ្សោយ ហើ​យ​បើ​គ្មាន​ការ​ព្យាបាល​ទាន់​ពេល​វេលាទេ​ អ្នក​ជំងឺ​នឹង​អាច​ជួប​គ្រោះ​ថ្នាក់​ខូច​​តំរង​នោម​ម្ខាង។ ការ​ខូច​តំរង​នោម​ដែល​ពេល​ខ្លះ​គ្រូពេទ្យ​ត្រូវ​តែ​ធ្វើ​វះ​កាត់​ចោល​តែ​ ម្តង។

No comments:

Post a Comment