ជំងឺថ្មីៗ ដែលខ្លះអាចក្លាយទៅជាជំងឺរាតត្បាត កំពុងតែលេចចេញមកគំរាមកំហែងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការសិក្សាមួយចេញផ្សាយនៅថ្ងៃអង្គារទី ២៥មករា នេះពីទីក្រុងបាងកក។ ការឡើងកម្តៅនៃភពផែនដី ជាមូលហេតុមួយ ក្នុងចំណោមកត្តាជាច្រើនដែលជំរុញឲ្យតំបន់ជួបនឹងជំងឺរាតត្បាតថ្មីៗនេះ។
បច្ចុប្បន្ន មានប្រជាជនប្រមាណជាង៦០០លាននាក់ រស់នៅ អាស៊ីអាគ្នេយ៍ ទំនងជាតំបន់មួយដែលងាយនឹងទទួលរងគ្រោះពីជំងឺឆ្លង និងជំងឺថ្មីៗទៀតណាស់។ ជំងឺឆ្លងដែលអាចមានសក្តានុពលក្លាយជាជំងឺរាតត្បាត។ ជាពិសេសជំងឺឆ្លងពីសត្វទៅមនុស្ស ព្រោះតែមនុស្សយើងរស់នៅច្របូលច្របល់នឹងសត្វខ្លាំងពេក។ នេះបើតាមរបាយការណ៍របស់ទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet។
សូមបញ្ជាក់ថា ការព្រួយបារម្ភបានរីកធំធាត់ជាលំដាប់តាំងពីឆ្នាំ ២០០៣មក ឆ្នាំដែលមានលេចជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ SRAS។ ជំងឺSRAS ដែលកាលណោះបានសម្លាប់ជីវិតមនុស្សអស់ជិត ៨០០ នាក់ នៅលើពិភពលោក។ បន្ទាប់មក គឺការរាតត្បាតនៃជំងឺគ្រុនផ្តាសាយបក្សី។
បើតាមThe Lancet ដដែល កំណើនប្រជាជន ការធ្វើបន្លាស់ទី ការបង្កបង្កើនផលកសិកម្ម និងចិញ្ចឹមសត្វកាន់តែច្រើន ការកាប់បំផ្លាញព្រៃឈើ និងជាពិសេស ការឡើងកម្តៅនៃភពផែនដី អាចចាត់ទុកថាបុព្វហេតុមួយងាយនឹងបង្កឲ្យមានការរីករាលដាលនៃជំងឺឆ្លងលេចឡើងនៅក្នុងតំបន់។ អាកាសធាតុកាន់តែក្តៅ បូកជាមួយទឹកភ្លៀង វាកាន់តែអនុគ្រោះដល់ពពួកសត្វល្អិត និងមូស។
ដូច្នេះដើម្បីប្រយុទ្ធប្រឆាំងនិងការពារសុខភាពសាធារណៈ គឺទាមទារការតាមដាន។ អ្នកស្រាវជ្រាវបានទទូចសុំឲ្យប្រទេសក្នុងតំបន់ទាំង១០ (ឥណ្ឌូនេស៊ី ហ្វីលីព្វីន ឡាវ ប្រ៊ុយណេ ម៉ាលេស៊ី ភូមា សិង្ហបុរី កម្ពុជា ថៃ និងវៀតណាម) ដំឡើងកំរិតរៀបចំប្រុងប្រៀបឲ្យបានប្រសើរឡើង។ កង្វះព័ត៌មានទាក់ទងនឹងជំងឺរាតត្បាត ដែលតែងកើតមានជាទូទៅនៅអាស៊ីអាគ្នេយ៍ រំខានយ៉ាងខ្លាំងដល់ការការពារបង្ការជាមុន។
ទន្ទឹមនឹងជំងឺឆ្លងរាតត្បាតនេះ អ្នកស្រាវជ្រាវក៏បានអំពាវនាវឲ្យតំបន់ចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងជំងឺមហារីក ព្រោះវាជាភា្នក់ងារសម្លាប់ជីវិតមនុស្សដល់ទៅ៦០%៕
Link : http://www.khmer.rfi.fr/asia/20110125-ជំងឺ%E2%80%8B%E2%80%8Bរាតត្បាត%E2%80%8Bថ្មីៗ%E2%80%8B%E2%80%8Bគំរាម%E2%80%8B%E2%80%8Bតំបន់%E2%80%8B%E2%80%8Bអាស៊ីអាគ្នេយ៍
No comments:
Post a Comment