Wednesday, December 29, 2010
នុយក្លេអ៊ែរកូរ៉េខាងជើង៖ ប្រធានាធិបតីកូរ៉េខាងត្បូងចង់ត្រឡប់មកចរចា៦ភាគីវិញ
នៅថ្ងៃពុធ ២៩ធ្នូ ២០១០នេះ លោកលី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា លោកចង់ឲ្យការចរចា ៦ភាគី ស្តីពីសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងអាចចាប់ផ្តើមឡើងវិញ។ កន្លងមក កូរ៉េខាងត្បូងតែងតែបដិសេធមិនព្រមចរចា ៦ភាគី។ ការផ្លាស់ប្តូរជំហរនៅពេលនេះ កើតមានឡើង ក្រោយពីមានរបាយការណ៍មួយបង្ហាញថា កូរ៉េខាងជើងមានគោលដៅ ប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរ ដើម្បីក្លាយជាប្រទេសមហាអំណាចឲ្យបាន នៅឆ្នាំ២០១២។
លោកលី ម្យ៉ុងបាក់បានថ្លែងថា “យើងមិនមានជម្រើសអ្វីផ្សេងទៀតទេ ក្រៅតែពីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការចរចា ៦ភាគី”។
ការចរចា ៦ភាគី ដែលមាន កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន អាមេរិក ចិន និងរុស្ស៊ី ត្រូវបានចាប់ផ្តើមធ្វើ កាលពីឆ្នាំ ២០០៣ ក៏ប៉ុន្តែ ត្រូវជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ។ តាំងពីពេលលោកលី ម្យ៉ុងបាក់ ចូលកាន់អំណាច កូរ៉េខាងត្បូងបានអនុវត្តនយោបាយតឹងរ៉ឹងចំពោះកូរ៉េខាងជើង។ លោក លី ម្យ៉ុងបាក់ បានប្រកាន់ជំហរកាន់តែតឹងរ៉ឹងថែមទៀត ក្រោយពីកូរ៉េខាងជើងបានបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូង និងបានបាញ់ផ្លោងលើកោះ Yeonpyeong កាលពីខែមុន។
នៅពេលនេះ កូរ៉េខាងត្បូងបានចាប់ផ្តើមផ្លាស់ប្តូរជំហរជាមួយកូរ៉េខាងជើងវិញ ដោយលើកឡើងថា សហគមន៍អន្តរជាតិមានពេលតិចតួចណាស់ ដើម្បីដោះស្រាយសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ពីព្រោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបាន សម្រេចយកឆ្នាំ២០១២ ជាពេលកំណត់ ដែលកូរ៉េខាងជើងត្រូវក្លាយជាប្រទេសមហាអំណាច។ កូរ៉េខាងជើងនឹងពឹងផ្អែកលើកម្មវិធីនុយក្លេអ៊ែរ ដើម្បីបានក្លាយជាមហាអំណាច តាមគោលដៅនេះ។ កូរ៉េខាងត្បូងចង់ចរចារកវិធី ឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរឲ្យបាននៅឆ្នាំក្រោយ។
គួររំឭកថា ថ្មីៗនេះ កូរ៉េខាងជើង ចិន និងរុស្ស៊ី បានស្នើឲ្យបើកការចរចា ៦ភាគីឡើងវិញ។ ក៏ប៉ុន្តែ ៣ភាគីផ្សេងទៀត គឺសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានច្រានចោលសំណើនេះ ដោយលើកឡើងថា កូរ៉េខាងជើងមិនមានឆន្ទៈពិតប្រាកដក្នុងការចរចា។
រហូតមកទល់ពេលនេះ គេនៅមិនទាន់មានប្រតិកម្មណាមួយនៅឡើយទេ ទៅនឹងការផ្លាស់ប្តូរជំហររបស់កូរ៉េខាងត្បូង។ រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងគ្រោងនឹងទៅបំពេញ ទស្សនកិច្ច នៅចិន នៅខែកុម្ភៈខាងមុខ។ បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងក៏ជាប្រធានបទដ៏ចម្បងមួយដែរ ក្នុងដំណើរទស្សនកិច្ចនេះ។
គួរបញ្ជាក់ថា ការចរចា ៦ភាគី បានឈានទៅដល់ការបិទទីតាំងផលិតភ្លុយតូញ៉ូមរបស់កូរ៉េខាងជើង កាលពីឆ្នាំ២០០៧ មុននឹងត្រូវជាប់គាំង នៅខែមេសា ឆ្នាំ ២០០៩ ក្រោយពីមានការខ្វែងគំនិតគ្នា រហូតធ្វើឲ្យកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ។ ក្រោយពីការចរចា ៦ភាគី ជាប់គាំងអស់រយៈពេល ២ឆ្នាំ នៅពេលនេះ កូរ៉េខាងជើងបានអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរមួយជំហានដ៏សំខាន់ទៀត គឺការផលិតអាវុធនុយក្លេអ៊ែរ ដោយប្រើសារធាតុអ៊ុយរ៉ាញ៉ូម។
នៅថ្ងៃពុធនេះ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកម្នាក់បានលើកឡើងថា នៅពេលនេះ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានអភិវឌ្ឍដល់ដំណាក់កាលមួយ ដែលអាចឲ្យកូរ៉េខាងជើងផលិតគ្រាប់បែកនុយក្លេអ៊ែរបាន ១គ្រាប់ ក្នុង១ឆ្នាំ។
ឈានដល់ដំណាក់កាលនេះ អ្នកខ្លះបានចោទជាសំណួរថា តើការចរចា ៦ភាគី ពិតជាអាចដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងបានដែរឬទេ? តើរដ្ឋាភិបាលក្រុងព្យុងយ៉ាងពិតជាមានឆន្ទៈបោះបង់ចោលកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនដែរឬក៏យ៉ាងណា?
RFI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment