Thursday, December 30, 2010

កូរ៉េ​ខាង​ជើង​បង្កើន​ចំនួន​ទ័ព​ពិសេស​និង​កង​រថក្រោះ

របាយការណ៍​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង ចេញ​ផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​ ៣០​ធ្នូ ២០១០​នេះ​ បង្ហាញ​ថា ក្នុង​រយៈពេល ២ឆ្នាំ​កន្លងទៅនេះ កូរ៉េ​ខាង​ជើង​បាន​បង្កើន​​ទាំងកម្លាំង​​​កងទ័ព​ពិសេស និង​​កម្លាំង​កងរថក្រោះ។ ក៏ប៉ុន្តែ ចំនួន​ទាហាន​សរុប​របស់​កូរ៉េ​ខាងជើង មិនមាន​ការប្រែប្រួល​នោះទេ ពោល​គឺ នៅតែ​មាន​ចំនួន​ប្រមាណ​ជិត ១លាន ២សែន​នាក់​ដដែល។
សេចក្តីរាយការណ៍​របស់ សេង ឌីណា

ក្រសួងការពារជាតិ​កូរ៉េ​ខាង​ត្បូង តែងតែ​ចេញផ្សាយឯកសារ​ ស្តីពី​នយោបាយ​ការពារជាតិ នៅរៀងរាល់ ២ឆ្នាំ​ម្តង។ ឯកសារ​​ឆ្នាំនេះ​បាន​គូស​បញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​បង្កើន​ចំនួន​កងទ័ព​ពិសេស (កងកុម្ម៉ង់ដូ) ចំនួន​យ៉ាងតិច ២ម៉ឺន​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​កងកុម្ម៉ង់ដូ​កូរ៉េ​ខាង​ជើង​កើនឡើង​រហូតដល់​ទៅ ២០ម៉ឺននាក់។


របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កងកុម្ម៉ងដូ​ទាំងនេះ​​បាន​ទទួលការហ្វឹកហ្វឺន​​ សម្រាប់​បំពេញ​បេសកកម្ម​សម្ងាត់ ដូចជា ការ​លបធ្វើ​ឃាត និង​ការ​លបចូល​បំផ្លាញ​​ទីតាំង​សំខាន់ៗ​របស់​កូរ៉េ​ខាង​ត្បូង។

ម្យ៉ាងទៀត នៅ​ឆ្នាំ​២០១០​នេះ គេ​ឃើញ​ចំនួន​រថក្រោះ​​របស់​កូរ៉េ​ខាងជើង មាន​ចំនួន​រហូត​ដល់​ទៅ ៤ ១០០​គ្រឿង ពោល​គឺ ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០០៨​ ដល់​ទៅ​២០០​គ្រឿង។ រថក្រោះ​ទាំង​២០០​គ្រឿង​ថ្មីនេះ គឺ​ជាប្រភេទ​រថក្រោះ ដែល​កូរ៉េ​ខាងជើង​ផលិត​ ដោយ​យក​គំរូ​តាម​រថក្រោះ​ប្រភេទ T-72 របស់​រុស្ស៊ី។

ផ្ទុយ​ទៅវិញ ចំនួន​កាំភ្លើងធំ​របស់​កូរ៉េ​ខាង​ជើង​មិន​ជាមាន​ការប្រែប្រួល​អ្វី​ធំដុំ​ប៉ុន្មាន​ទេ ធៀប​នឹង​ពីរឆ្នាំមុន។ ក៏ប៉ុន្តែ កូរ៉េ​ខាង​ជើង​នៅតែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បាញ់​ផ្លោង​កម្ទេច​ រដ្ឋធានី​​សេអ៊ូល របស់​កូរ៉េ​ខាង​ត្បូង​បាន។

ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជារួមថា នៅ​ក្នុង​ករណី​​​​​មាន​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ត្បូង យុទ្ធសាស្រ្ត​របស់​កូរ៉េ​ខាងជើង គឺ​ផ្អែក​ជា​សំខាន់​ទៅ​លើ​អាវុធ​នុយក្លេអ៊ែរ, កងកុម្ម៉ង់ដូ, នាវាមុជទឹក, កាំភ្លើងធំ និង​សង្រ្គាម​តាមបណ្តាញ​កុំព្យូទ័រ ពោល​គឺ សុទ្ធសឹង​ជា​យុទ្ធសាស្រ្ត​​​លបវាយឆ្មក់ ឬ​វាយប្រហារ​ពី​ចម្ងាយ។ ទោះជាយ៉ាងណា កូរ៉េ​ខាង​ត្បូង​​យល់ថា សង្រ្គាម​រវាង​កូរ៉េ​ទាំងពីរ​ទំនង​ជា​មិន​អាច​ផ្ទុះ​ឡើង​បានទេ ដោយ​សារ​តែ​មាន​កងទ័ព​អាមេរិក​​ចំនួន ២ម៉ឺន ៨ពាន់​នាក់ ឈរជើង​ជាប្រចាំ នៅ​កូរ៉េ​ខាង​ត្បូង។

របាយការណ៍​ក្រសួងការពារជាតិ​កូរ៉េ​ខាង​ត្បូងនេះ ត្រូវ​បាន​ចុះផ្សាយ​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​​ប្រកាស​ថា កូរ៉េ​ខាង​ត្បូង​មិនមាន​ជម្រើស​អ្វី​ផ្សេង ក្រៅតែ​​ពី​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង ដើម្បី​​ឲ្យ​កូរ៉េ​ខាង​ជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ។

នៅពេលនេះ កូរ៉េ​ខាង​ជើង​មាន​សារធាតុ​ភ្លុយតូញ៉ូម​ប្រមាណជា ៤០​គីឡូក្រាម ដែល​អាច​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរបានចំនួន​ ពី ៦ ទៅ ៨​គ្រាប់។ ក្រៅ​ពី​ភ្លុយតូញ៉ូម កូរ៉េ​ខាង​ជើង​ចាប់​​​​ផ្តើម​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ដោយ​ប្រើ​​​វិធី​មួយ​ទៀត គឺ​​​អ៊ុយរ៉ាញ៉ូម៕
By RFI...

No comments:

Post a Comment