Saturday, December 18, 2010

ព្យុងយ៉ាង ​គំរាម​នឹង​សងសឹក​ក្នុង​កណី​ដែល​សេអ៊ូល​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មែនទែន

កងទ័ព​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​សមយុទ្ធ​ ឬ​លំហាត់​សឹក​​របស់​ខ្លួន​នៅ​សមុទ្ទ​លឿង នៅ​លើ​កោះ​ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ វាយ​ប្រហារ​ដោយ​គ្រា​ប់កាំ​ភ្លើង​ធំ​ នៅ​ខែ​វិច្ឆិកា​មុន ទោះ​បី​ជា​មាន​ការ​គំរាម​របស់​ព្យុងយ៉ាងថា នឹង​ធ្វើ​ការ​សង​សឹក​តប​វិញ​ក៏​ដោយ - នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃសៅរ៍​ទី ១៨ ធ្នូនេះ។
បទ​អន្តរាគមន៍​​របស់ វីនស្តុន រតនា

កង​ទ័ព​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ប្រាប់​ថា ការវាយ​សំពង​ជា​លើក​ទីពីរ​ និង​ទី​បី​ដើម្បី​ការពារ​ខ្លួន​នឹង​ត្រូវ​ធ្វើ​ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​ធ្វើ​លំហាត់​សឹក​របស់​ខ្លួន​ដោយ​បាញ់​គ្រាប់​កាំភ្លើង​​មែនទែន បន្ទាប់​បី​ការ​វាយ​សំពង​ជា​លើក​ទី​មួយ​ នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា នៅ​លើ​កោះ​កូរ៉េ​ខាង​ត្បូង​ យុងព្យុង។

ការ​វាយ​សំពង​ថ្មី​នឹង​មាន​កម្លាំង​ហើយ​នឹង​ទំហំ​ធំ​ជាង​កាល​​នៅ​ថ្ងៃ​២៣​វិច្ឆិកា ទៅទៀត។

កូរ៉េ​ខាង​ជើង ក៏បាន​ព្រមាន​ប្រាប់​ដែរ​ថា “ដោយ​ហេតុ​តែ​ឥរិយាបថ​បង្ក​សង្គ្រាម​ និង​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កូរ៉េ​ខាង​ត្បូង​ បញ្ហា​​ពុំ​មែន​​ស្ថិត​នៅ​ត្រង់​តើ​នឹង​មាន​សន្តិភាព ឬ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឬទេ ប៉ុន្តែ​ស្ថិត​នៅ​ត្រង់​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ណា?”។ “ប្រសិន​បើ​សង្គ្រាម​មួយ​នឹង​ផ្ទុះ​ឡើង​ ការ​នេះ​នឹង​នាំ​ទៅ​កាន់​អធិករណ៍​​នុយក្លេអែរ ដែល​នឹង​ពុំ​កំ​រិត​តែ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ទេ”។

កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួននឹង​ធ្វើ​លំហាត់​សឹក​ក្នុង​ចន្លោះ​ពេល​ពី​ថ្ងៃសៅរ៍​ ទៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ដោយ​អាស្រ័យ​នឹង​អាកាសធាតុ​ នូវ​លំហាត់​សឹក​ដោយ​បាញ់​គ្រាប់​មែនទែន​ នៅ​លើ​កោះ​យុងព្យុង។ គឺ​ជា​លំហាត់​សឹក​លើក​ទី​មួយ​ ចាប់​តាំង​ពី​ការ​បាញ់​គ្រាប់​កាំភ្លើងធំ​របស់​កូរ៉េ​ខាង​ជើង​​ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា មុន ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​កូរ៉េ​ខាង​ត្បូង​៤​នាក់ និង​របួស​១៨​នាក់​ទៀត និង​បណ្តាល​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​កំហឹង​ក្រេវក្រោធ។

ក្រសួង​ការពារ​ជាតិ​​កូរ៉េ​ខា​ង​ត្បូង​ បាន​ថ្លែង​ថា​ "យើង​គ្មាន​ត្រូវ​ការ​បញ្ចេញ​ប្រតិកម្ម​តប​ចំពោះ​ការ​គំរាម​សូម្បី​បន្តិច​បន្តួចក្តី និង​សេចក្តី​ថ្លែង​ការណ៍​ខ្វះ​វិចារណញ្ញាណ​របស់​កូរ៉េ​ខាង​ជើង​ទេ"។ គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ នៅ​ក្នុង​ដំណើរ​ការ​លំហាត់​សឹក។ លំហាត់​សឹក​​ប្រហែល​អាច​នឹង​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅ​​ថ្ងៃ​ក្រោយ​ ប្រសិន​បើ​អាកាសធាតុ​មិន​ល្អ។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិកាំង​ លោក Philip Crowley បាន​ថ្លែង​ម្សិលមិញ ​ថ្ងៃ​សុក្រ​១៧​ធ្នូ ថា​សមយុទ្ធ​ ឬ​លំហាត់​សឹក​គ្រោង​ធ្វើ​នៅ​កូរ៉េ​ខាង​ត្បូង មិន​គំរាម​កូរ៉េ​ខាង​ជើងទេ។ ហេតុ​នេះ​ ព្យុងយ៉ាងពុំ​ត្រូវ​យក​វា​ធ្វើ​ជា​លេស​​ ដើម្បី ​"បង្ករឿង​ហេតុ​ថ្មីៗ​​ឡើយ"។

ប្រទេស​នីមួយៗ​មាន​សិទ្ធិហាត់​ហ្វឹកហ្វឺន​កងទ័ព​របស់​ខ្លួន ដើម្បី​តម្រូវការ​នៃ​កិច្ចការពារ​ប្រទេស​ជាតិ​ខ្លួន។ ព្យុងយ៉ាង​ពុំ​ត្រូវ​យក​សមយុទ្ធ​នេះ​ ធ្វើ​ជា​លេស​និយាយ​ដោះ​សា​ ដើម្បី​បង្ក​រឿង​ហេតុ​ថ្មីៗ​ទៀតនោះឡើយ។

ស្រប​តាម​លោក​ឧត្តមសេនីយ James Cartwright ជា​នាយ​សេនាធិការដ្ឋាន​រង​អាមេរិកាំង “អ្វី​ដែលធ្វើ​​ឲ្យ​យើង​ព្រួយ​បារម្ភ​មែនទែន គឺ​ជា​ការ​យល់​ពុំ​ច្បាស់​ ឬ​ក៏​កូរ៉េ​ខាង​ជើង​ចាត់​ទុក​ជា​ឱកាស​ល្អ​មួយ​ ដើម្បី​ទាញ​យក​ចំណេញ​នឹង​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​គ្រាប់​មែនទែន។ ការនេះ​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​តប​ត​គ្នា​រវាង​ព្យុងយ៉ាង​ និង​សេអ៊ូល។

នៅ​ឱកាស​បំពេញ​​ទស្សនកិច្ច​ជា​ឯកជន​ នៅ​ព្យុងយ៉ាង​ នៅ​ថ្ងៃព្រហស្បតិ៍​ លោក​ទេសាភិបាល​​រដ្ឋ​ Nouveau Mexique Bill Richardson បាន​អំពាវនាវ​ក្រុម​អ្នក​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េ​ខាង​ជើង ឲ្យ​ខំ​ទប់​ចិត្ត​ទប់​ថ្លើម ដោយសុំ​ឲ្យ​កូរ៉េ​ខាង​ជើង​ទុក​ឲ្យ​អ្នក​ជិត​ខាង​ខាង​ត្បូង​របស់​ខ្លួន ធ្វើ​លំហាត់​សឹក​ដោយ​បាញ់​គ្រាប់​មែនទែន នៅលើ​កោះយុង​ព្យុង​​របស់​គេ។ លោក Richardson បាន​និយាយ​ម៉ឺងម៉ាត់​ខ្លាំង​ណាស់​ជាមួយ​ក្រុម ​អ្នក​ទទួល​ខុសត្រូវ​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង។


រុស្ស៊ី​សុំ​ឲ្យ​កូរ៉េ​ខាង​ត្បូង​​លះ​​បង់​លំហាត់សឹក​ដោយ​កាំភ្លើង​ធំ​ ដើម្បី​ចៀសវាង​​កំណើន​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង។ រុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ភាព​ធូរស្រាល​ នៅ​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​​ទាំង​ពីរ និង​ឲ្យ​ដោះ​ស្រាយ​គ្រប់​តែ​រឿង​ជម្លោះ​ តាម​ផ្លូវ​នយោបាយ​ និង​ការទូត។ ម៉ូស្គូ​ក៏​ដូច​ជា​ប៉េកាំង​អ៊ីចឹង​ដែរ មាន​ទំនាក់ទំនង​ជាមួយ​របប​ព្យុងយ៉ាង​ តាំង​ពី​ជំនាន់​សូវៀត​មក​ម្ល៉េះ ហើយ​នៅ​សប្តាហ៍​នេះ​បាន​ទទួល​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង Pak Ui Chun ដែល​បំពេញ​ទស្សនកិច្ច នៅ​ម៉ូស្គូ។ លោក​អនុរដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង Wi Sung-lac ក៏​ត្រូវ​ទៅ​កាន់​ម៉ូស្គូ​ដែរ​នៅ​សប្តាហ៍​នេះ។

នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​នៅថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ New York លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​សំដែង​ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​សភាពការណ៍​នៅ​ឧបទ្វីបកូរ៉េ​ ដោយ​សុំ​ឲ្យ​កូរ៉េ​ខាង​ជើង​​មាន​ការ​អត់​ធ្មត់ ខំ​ទប់​ចិត្ត ទប់​ថ្លើម។ យើង​សាក​ល្បង​រិះ​រក​មធ្យោបាយ​​ ដើម្បី​កសាង​សន្តិភាព​និង​សន្តិសុខ ដោយ​ការ​ជួបសន្ទនា គ្នា និង​ដោយ​សហប្រតិបត្តិការ។ លោក បាន​ គីមូន បាន​រំលឹក​ប្រាប់​ថា​ ការបាញ់​គ្រាប់​កាំភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង ទៅ​លើ​កោះ​កូរ៉េ​ខាង​ត្បូង យុងព្យុង នៅ​ចុង​ខែ​វិច្ឆិកាមុន គឺ​ជា “ការ​បង្ក​រឿង​ហេតុ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួយ​ ចាប់​តាំង​ពី​ចប់​សង្គ្រាម​​នៅ​កូរ៉េ” នៅ​ឆ្នាំ​១៩៥៣​មក៕
By rfi...

No comments:

Post a Comment