Wednesday, December 22, 2010

ព្យុងយ៉ាង​បន្ទន់​​ឥរិយាបថ តែ​សេអ៊ូល​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​អាសន្ន​ជានិច្ច

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ របស់​លោក Bill Richardson ​ទេសាភិបាល​​រដ្ឋ​Nouveau Mexique នៅ​​ក្រុង​ព្យុងយ៉ាង​ បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​មោទនភាព ព្រោះ​បាន​​ធ្វើ​ឲ្យ​សម្ពាធ​តាន​តឹង​នៅ​ក្នុងឧបទ្វីប​កូរ៉េ​បាន​ចុះ​ថយ​មួយ​កំរិត ដោយ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​ពីការ​​អត់​ធ្មត់​ មិន​តប​ត​នឹង​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​ ហើយ​ជា​ពិសេស​ទៅ​ទៀត​កូរ៉េ​ខាង​ជើង​​បាន​យល់​ព្រមបើក​ទ្វារ​​ឲ្យ​ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ AIEA វិល​ទៅ​ត្រួត​ពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៀត​ផង។


លទ្ធផល​នៃ​ទស្សនកិច្ច​​របស់​លោក ​Bill Richardson នៅ​ទីក្រុង​ព្យុងយ៉ាង ​អាច​​ទទួល​យក​បានដោយ​មោទនភាព ព្រោះ​ក្នុង​ពេល​ដែល​ក្រុង​សេអ៊ូល​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​មែនទែន កូរ៉េ​ខាង​ជើង​អាច​រក្សា​ភាព​ស្ងប់​ស្ងាត់​ ទប់​ចិត្ត​ទប់​ថ្លើម​មិន​តប​ត ដូច​​បាន​​ព្រមាន​កាលពី​សប្តាហ៍​​មុនៗ​ទេ។ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​បានបើក​ទ្វារ​ទទួល​ សហគមន៍​​អន្តរជាតិ ឲ្យ​វិល​ទៅ​ត្រួត​ពិនិត្យ​​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ថ្មី និង​ហាក់​ដូច​ជាចង់​វិល​មក​រក​តុ​​ចរចា​វិញ។ ដូច្នេះ​ពេល​នេះ ជា​វេលា​នៃ​ការ​បង្ហាញ​សកម្មភាព​ជាក់​ស្តែង។

​​វា​ជា​​ការ​កម្រ​ណាស់ ដែល​គេ​ឃើញ​កូរ៉េ​ខាង​ជើង បើក​ទ្វារ​ទទួល​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ លើ​ទឹក​ដី​របស់ខ្លួន។​ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​​​ទទួល​យក​សំណើ​របស់​ក្រុង​ព្យុងយ៉ាង ដោយ​​ប្រុង​ប្រយ័ត្នបំផុត ព្រោះ​ជានិច្ចកាល កូរ៉េ​ខាង​ជើង​តែង​ប្រើ​ក្បួន​បង្ក​ហេតុ​រក​រឿង​ឲ្យ​ដល់​កំរិត​តាន​តឹង​ខ្លាំង ទើប​ធ្វើ​ជា​ងាក​មក​យល់​ព្រម​ចូល​ចរចា ដើម្បី​ងាយ​ទាញ​យក​ចំណេញ​នយោបាយ​ និង​ទាញ​យក​ជំនួយ​សេដ្ឋកិច្ច។

​សហរដ្ឋ​អាមេរិក​ និង​ជប៉ុន ​មិន​ទាន់​យល់​ព្រម​នឹង​សំណើ​សុំ​ចរចា​​​នុយក្លេអ៊ែរនេះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀតអំពី​លក្ខខណ្ឌ​ នៃ​ការ​ចាប់​ផ្តើម​ ប្រាប់​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ថា​មិន​ចង់​ឃើញ​កូរ៉េ​ខាង​ជើង​ជា​អ្នក​កំណត់​ពេល​ និង​ជា​អ្នក​កំណត់​លទ្ធផល​នេះ​ការ​ចរចា ដោយ​ចង់​ដើរ​ចេញ​ពី​តុ​វិញ​ស្រេច​តែ​ចិត្ត​ ដូច​លើក​មុនៗ​ឡើយ។

ចំណែក​ខាង​បារាំង និង​អង់គ្លេស​វិញ មិន​សូវ ជា​តឹង​តែ​ង​ពេក​ទេ ចំពោះ​ការ​ដែល​ទី​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​យុងព្យុន ប៉ុន្តែ​គេ​ទាមទារ​ចង់​ចូល​ដល់​មជ្ឈមណ្ឌល​ចម្រើន​ធាតុ​អ៊ុយរ៉ានីញូម​ថ្មី ដែល​​ទើប​បង្ហើប​ដឹង​។

ភាព​តាន​តឹង​នៅ​តែ​បន្ត

​មួយ​ថ្ងៃ​ក្រោយ​​ការ​អត់​ធ្មត់​ទប់​ចិត្ត​ទប់​ថ្លើម​​របស់​កូរ៉េ​ខាង​ជើង​ និង​​ការ​យល់​ព្រម​​​បើក​ទ្វារ​ទទួល​ទីភ្នាក់​ងារ​ថាមពល​បរមាណូអន្តរជាតិ នៅ​ថ្ងៃ​អង្គារ​នេះ ​កូរ៉េ​ខាង​ត្បូង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​ជានិច្ច។ នៅ​ចំពោះ​មុខ​រដ្ឋ​សភា​ជាតិ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​ថា​ “​នេះ​ជា​វិបត្តិការពារ​ជាតិ​ដ៏​ធ្ងន់ធ្ងរបំផុត​ជាង​ពេល​ណាៗ​ទាំង​អស់​ គិត​ចាប់​ពី​សង្គ្រាម​ឆ្នាំ​១៩៥០-៥៣​មក។ រាល់​គ្រប់​កម្លាំង​ទ័ព​ជើង​ទឹក​ត្រូវ​តែ​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​កំរិត​ខ្ពស់ ក្រែង​មាន​ការ​វាយ​បក​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ជា​បង​ប្អូន​សត្រូវ ជា​យថាហេតុ​ណាមួយ​”។

​នៅ​តាម​ព្រំ​ដែន​ ​ភាគ​ពាយ័ព្យ កង​កម្លាំង​ទ័ព​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ និង​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​អាសន្ន​​កំរិត​ខ្ពស់​បំផុត។ ព្រឹក​មិញ​ ជាលើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៤​មក (ឆ្នាំ​ដែល​កូរ៉េ​ខាង​ពីរ​បាន​យល់​ព្រម​គ្នា​​ថា នឹង​មិន​ធ្វើ​សកម្មភាព​ដែល​មាន​លក្ខណៈ​បំផុស​បំផុល​ឃោសនា នៅ​តាម​ព្រំដែន​) ក្រុម​អ្នក​កាន់​សាសនា​ប្រូតេស្តង់ កូរ៉េ​ខាង​ត្បូង បានទទួល​ការ​អនុញ្ញាត ឲ្យ​​រៀប​ចំតុប​​តែង រំយោល​​​ភ្លើងអគ្គិសនី លម្អ​​ដើម​ស្រល់ (Sapin) ដ៏​ធំ​ស្កឹមស្កៃ នៅ​ជាប់​ព្រំ​ប្រទល់​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល។ ដើម​ស្រល់​ ដែល​ស្ថិត​នៅ​កំពូល​កូន​ភ្នំ បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ព្រំដែន ជា​តំណាង​នៃ​ភាព​មាន​បាន​ ស្តុកស្តម្ភ សម្បូរបែប​​របស់​បណ្តា​ជន​កូរ៉េ​ខាង​ត្បូង ហើយ​ដែល​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​កូរ៉េ​ខាង​ជើង។

សំរាប់​ក្រុម​ប្រូតេស្តង់ ការ​លម្អ​ដើម​ស្រល់​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធីបុណ្យ​​សាសនា សុទ្ធសាធ​ ប៉ុន្តែ​​​កូរ៉េ​ខាង​ជើង​បាន​ប្រឆាំង​ដាច់​ខាត និង​ហាម​មិន​ឲ្យ​អុជ​​ភ្លើងបំភ្លឺ​​អបអរ​ថ្ងៃ​បុណ្យ​ណូអែល​ទេ។ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា​នឹង​បាញ់​កម្ទេច​ដើម​ស្រល់​នោះ​ភ្លាម​បើ​ឃើញ​មាន​ភ្លើង​លម្អ​ឆេះ៕
By rfi...

No comments:

Post a Comment