អាជ្ញាធរកូរ៉េខាងជើងបានជីកផ្លូវរូងក្នុងដីមួយដែលប្រហែលជានឹង ប្រើសំរាប់ពិសោធសាកល្បងគ្រាប់បែកបរមាណូលើកទី៣របស់ខ្លួន នៅនិទាឃរដូវឆ្នាំក្រោយ -យោងតាមទិនានុប្បវត្តិកូរ៉េខាងត្បូង Chosun Ilbo ចេញផ្សាយនៅថ្ងៃពុធ១៥ធ្នូនេះ។
ទិនានុប្បវត្តិកូរ៉េខាងត្បូង Chosun Ilbo ដែលសំអាងទៅលើប្រភពស៊ើបការសម្ងាត់មួយ ពោលបន្ថែមថា ចំនួនដីដែលពូនគរចាប់តាំងពីការចាប់ផ្តើមជីកមក នៅទីតាំងPunggye(នៅប៉ែកឦសានប្រទេស ) បញ្ជាក់ប្រាប់ថា ផ្លូវរូងក្នុងដីមានជម្រៅដល់៥០០ម៉ែត្រគឺពាក់កណ្តាលនៃអ្វីជាចាំបាច់ សំរាប់ធ្វើការពិសោធន៍សាកល្បងអាវុធនុយក្លេអ៊ែរ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ឃ្លាំតាមមើលដោយយកចិត្តទុកដាក់ខ្លាំងណាស់ទីតាំង ប៉ុន្តែគ្មានអ្វីមួយដ៏ជាក់ស្តែងបង្ហាញភស្តុតាងថា កូរ៉េខាងជើងកំពុងធ្វើការរៀបចំពិសោធសាកល្បងជាថ្មីមួយទៀតនោះទេ។ កូរ៉េខាងជើងបានពិសោធសាកល្បងគ្រាប់បែកបរមាណូ២លើករួចមកហើយនៅទីតាំងPunggyeគឺនៅឆ្នាំ២០០៦និងឆ្នាំ២០០៩។
“ បើគិតតាមល្បឿននៃការជីក ជម្រៅ១០០០ម៉ែត្រដែលចាំបាច់សំរាប់ពិសោធសាកល្បងគ្រាប់បែកបរមាណូនឹងទៅដល់ក្នុងចន្លោះពេលពីខែមីនាទៅខែឩសភាឆ្នាំក្រោយ២០១១ “ -នេះជាការបញ្ជាក់ប្រាប់របស់ប្រភពស៊ើបការសម្ងាត់ទី២ចុះផ្សាយឱ្យដឹងដោយកាសែត Chosun Ilbo។
ក្រុមអ្នកជំនាញការខាងបញ្ហាកូរ៉េខាងជើងយល់ឃើញថា កិច្ចការរៀបចំទាំងនេះ ក៏ព្រមទាំងការបង្ហើបឱ្យដឹងនាពេលថ្មីៗអំពីការមានទីតាំងសំរាប់ចម្រើនធាតុuranium ត្រូវតែធ្វើវិភាគបកស្រាយថា ជាឆន្ទៈនៃរបបព្យុងយ៉ាងចាប់បង្ខំក្រុមប្រទេសមហាអំណាចក្នុងភូមិភាគឱ្យវិលត្រឡប់មកកាន់តុចរចាវិញ។
ការចរចាអំពីកូរ៉េនៅអតីតកាល បានអនុញ្ញាតឱ្យរបបព្យុងយ៉ាងទទួលបានជំនួយសេដ្ឋកិច្ចនិងសម្រាលភាពឯកោអនាថោខាងផ្លូវទូតរបស់ខ្លួន៕
By rfi...
No comments:
Post a Comment