Friday, January 7, 2011

ទីក្រុងព្យុងយ៉ាង ​សេអ៊ូល ​និង វ៉ាស៊ីនតោន​ បន្ថយ​កម្រិត​ភាពអាសន្ន​

ប្រទេស​កូរ៉េ​ខាងជើង​បាន​បន្ថយ​កម្រិត​ភាពអាសន្ន​មក​នៅ​កម្រិត​មុន​ពេល​មាន​វិបត្តិ​នៅ​ចុងខែ​វិច្ឆិកា​កន្លងទៅ​ ​ ដែល​ទាំងនេះ​បាន​នាំឲ្យ​មាន​សកម្មភាព​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​កងកម្លាំង​យោធា​កូរ៉េ​ខាងត្បូង​និង​កងកម្លាំង​យោធា​អាមេរិក។​ នេះ​ពិត​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ។

បើ​យោងតាម​ប្រភព​ព័ត៌មាន​បាន​មកពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​ ទីក្រុង​ព្យុងយ៉ាង​បាន​លើក​ចេញ​នូវ​កម្រិត​ភាព​អាសន្ន​ពិសេស​ដែល​ខ្លួន​បាន​ដាក់​នៅ​ថ្ងៃ​ទី២១​វិច្ឆិកា​ទៅលើ​កងកម្លាំង​យោធា​​ដែល​ដាក់​ពង្រាយ​នៅ​ជិត​ព្រំដែន​សមុទ្រ​ជាប់​នឹង​កូរ៉េ​ខាងត្បូង។

ដូចគ្នា​អ៊ីចឹងដែរ​ ​ កងកម្លាំង​យោធា​កូរ៉េ​ខាងត្បូង​និង​ កងកម្លាំង​យោធា​អាមេរិក​ដែល​មាន​វត្តមាន​​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏បាន​ធ្វើការ​បន្ថយ​កម្រិត​ភាពអាសន្ន​មក​នៅ​កម្រិត​”​ធម្មតា​”​ឡើងវិញ។​ ហើយ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការពារជាតិ​ពុំ​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឬ​ផ្តល់​ព័ត៌មាន​អ្វី​ផ្សេង​ទៀតឡើយ។

សូមបញ្ជាក់ថា​ ​ ភាពតានតឹង​ខ្លាំង​បាន​កើតមាន​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​ ​ នៅខណៈពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​បំផ្លោង​ទៅលើ​កោះ​កូរ៉េ​ខាងត្បូង​ដែល​ឋិត​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​ ​ ហើយ​ដែល​ជា​តំបន់​អធិករណ៍​ពុំ​ព្រម​ទទួល​ស្គាល់​ដោយ​ទីក្រុង​ព្យុងយ៉ាង។​ ការបាញ់បំផ្លោង​ដោយ​កងកម្លាំង​យោធា​នៃ​ទីក្រុង​ព្យុងយ៉ាង​ទៅលើ​តំបន់​ស៊ីវិល​បែបនេះ​ ជា​លើក​ទីមួយ​ហើយ​ដែលបាន​កើតមាន​ចាប់តាំង​ពី​សង្គ្រាម​កូរ៉េ​បាន​បិទ​បញ្ជាប់​នៅ​ឆ្នាំ១៩៥៣​មក។

នៅថ្ងៃពុធ​កន្លងទៅ​នេះ​ ​ ទីក្រុង​ព្យុងយ៉ាង​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ចរចា​”​ឧភតោភាគី​”​ជាមួយ​ទីក្រុង​សេអ៊ូល​ក្នុង​គោល​បំណង​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ប្រក្រតី​ឡើងវិញ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។​ ក៏​ប៉ុន្តែ​ទីក្រុង​សេអ៊ូល​និង​ទីក្រុង​វ៉ាស៊ីនតោន​ទទួល​សំណើ​របស់​កូរ៉េ​ខាងជើង​នេះ​ដោយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ ​ ហើយ​បាន​ទាំង​ថ្លែង​ថា​ ​ ទីក្រុង​ព្យុងយ៉ាង​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​​នូវ​សុឆន្ទៈ​របស់​ខ្លួន​ ​ ដោយ​ត្រូវ​មាន​សកម្មភាព​ពិត​ប្រាកដ​ ​ ពុំ​មែន​មាន​តែ​សេច​ក្តី​ប្រកាស​ប៉ុណ្ណោះ​ឡើយ៕

No comments:

Post a Comment