Sunday, February 27, 2011

ការបះបោរ​នៅ​ក្នុង​ពិភព​អារ៉ាប​និង"សង្គ្រាម​ចិត្តសាស្ត្រ" រវាង​ប្រទេស​កូរ៉េ​ទាំងពីរ


តំណាង​រាស្រ្ត​កូរ៉េ​ខាង​ត្បូង​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​

តើ​ខ្យល់​នៃ​ការបះបោរ​ដែល​បក់​ទៅ​លើ​ពិភព​អារ៉ាប​អាច​នឹង​ទៅ​ដល់​កូរ៉េ​ខាង​ជើង​ឬ​ទេ?​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​ -នេះ​ជា​សេចក្តីប៉ង​ប្រាថ្នា​ខ្លាំង​ណាស់​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ចង់​ប្រើ​ព្រឹត្តិការណ៍​នៅ​ទុយនីស៊ី​ ​ នៅ​អេហ្ស៊ីប​និង​ឥឡូវ​នៅ​លីប៊ី​ ដើម្បី​ធ្វើ​”​ សង្គ្រាម​ចិត្តសាស្ត្រ​ “​សំដៅ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​កូរ៉េ​ខាង​ជើង​។

“​ រាល់​របប​ផ្តាច់ការ​ត្រូវ​តែ​ស្រុត​រលំ​ “​-នេះ​ហើយ​ជា​ពាក្យ​ពេចន៍​នៅ​លើ​ខិត្តប័ណ្ណ​ចំនួន​២លាន​៤សែន​សន្លឹក​ដែល​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ផ្ញើ​ទៅ​កូរ៉េ​ខាង​ជើង​ ចាប់​ពី​ដើម​ខែ​នេះ​មក។ ខិត្តប័ណ្ណ​ដែល​ជម្រាប​ប្រាប់​បណ្តាជន​កូរ៉េ​ខាង​ជើង​ឱ្យ​ដឹង​អំពី​ការបះបោរ​នា​ពេល​ថ្មីៗ​ដែល​កំពុង​តែ​បោស​សម្អាត​ពិភព​អារ៉ាប​។

ស្រប​តាម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​អំពី​សង្គ្រាម​ចិត្តសាស្ត្រ​នេះ​ ​ ខិត្តប័ណ្ណ​ទាំង​នេះ​ត្រូវ​បាន​ផ្ញើ​​តាម​គោម​ហោះ​កាត់​ពី​លើ​ព្រំដែន​ខ័ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ​។។គោម​ហោះ​ដែល​ក៏​មាន​ផ្ទុក​ទាំង​ចំណី​អាហារ​ ​ សម្លៀក​បំពាក់​កក់​ក្តៅ​ ​ ថ្នាំដុស​ធ្មេញ​និង​ជា​ពិសេស​វិទ្យុ​ ។

ពីព្រោះ​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រទេស​មួយ​បិទ​ជិត​ស្លុង​ចំពោះ​ពិភពលោក​។បណ្តាញ​អាំងទែរណេត​ត្រូវ​របប​ផ្តាច់ការ​ហាម​ប្រាម​។​បណ្តាជន​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​បង្ខាំង​មិន​ឱ្យ​ស្តាប់​ឮ​រាល់​ព័ត៌មាន​មក​ពី​អាហ្វ្រិក​ខាង​ជើង​ ​ ដោយ​ហេតុ​តែ​របប​ផ្តាច់ការ​មិន​ចង់​ឃើញ​ប្រជាជន​ខ្លួន​យក​តម្រាប់​តាម​គេ​។

ប៉ុន្តែ​នេះ​ហើយ​ជា​សេចក្តី​ប៉ង​ប្រាថ្នា​នៅ​កូរ៉េ​ខាង​ត្បូង​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​រមែង​ផ្ញើ​ជា​រឿយៗ​ទៅ​កាន់​កូរ៉េ​ខាង​ជើង​តាម​រយៈ​គោមហោះ​នូវ​រូបថត​នៃ​បដិវត្តន៍​នៅ​ប្រទេស​ទុយនីស៊ី​និង​អេហ្ស៊ីប​។​ប៉ុន្តែ​ជា​លើក​ទី១​ហើយ​ ចាប់​តាំង​ពី​១០ឆ្នាំ​មក​ដែល​កងទ័ព​កូរ៉េ​ខាង​ត្បូង​ធ្វើ​”​ សង្គ្រាម​ចិត្តសាស្ត្រ​ “​​ បែប​នេះ​។​ក៏​ប៉ុន្តែ​សំរាប់​អ្នក​ធ្វើ​វិភាគ​មួយ​ចំនួន​ធំ​នៅ​សេអ៊ូល​ ​ លទ្ធភាព​នៃ​ការក្រោក​ឈរ​ឡើង​បះបោរ​ នៅ​កូរ៉េ​ខាង​ជើង​ នៅ​តែ​មាន​សភាព​តិច​តួច​ស្តួច​ស្តើង​ណាស់៕

No comments:

Post a Comment