Tuesday, February 8, 2011

កូរ៉េទាំងពីរ​ជួបគ្នា​ដើម្បីកាត់​បន្ថយ​ភាពតានតឹង​


កូរ៉េ​ខាង​ជើង​​និង​កូរ៉េ​ខាងត្បូង​​បាន​ជួប​គ្នា​នៅ​ថ្ងៃ​​អង្គារ​​ទី​៨​ ​កុម្ភៈ ឆ្នាំ២០១១

គណប្រតិភូ​កូរ៉េ​ខាង​ជើង​និង​គណប្រតិភូ​កូរ៉េ​ខាងត្បូង​បាន​ជួប​គ្នា នៅ​ថ្ងៃ​អង្គារ​ទី​៨​កុម្ភៈ​នេះ។​ គឺ​ជា​លើក​ទី​មួយ​ហើយ តាំង​ពី​មាន​ការ​បាញ់​ផ្លោង​ដោយ​កូរ៉េខាងជើង ទៅ​លើ​កោះ​មួយ​របស់​កូរ៉េ​ខាងត្បូង​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ ដែល​ប្រទេស​បងប្អូន​គូសត្រូវ​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា។


គោលដៅ​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ដែល​ប្រព្រឹត្ត​ទៅ នៅ​ភូមិ​Panmunjun ក្នុង​តំបន់​ទ្រនាប់​គ្មាន​កងទ័ព​ គឺ​រៀបចំ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី នា​ពេល​ខាង​មុខ​រវាង​កូរ៉េ​ទាំង​ពីរ។



ជំនួប​នៅ​ថ្ងៃ​នេះ​រវាង​គណប្រតិភូ​នៃ​ប្រទេស​បងប្អូន​គូសត្រូវ​ទាំង​ពីរ ជា​ឱកាស​មួយ​សម្រាប់​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​ស្ទង់​មើល​ឆន្ទៈ​ពិត​ប្រាកដ​របស់​កូរ៉េ​ខាង​ជើង ស្ទង់​មើល​ថា​តើ​កូរ៉េខាង​ជើង​ពិត​ជា​មាន​បំណង​ចង់​រំងាប់​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​មែន​ឬ​ទេ។

ចូរ​កុំ​ភ្លេច​ថា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​ ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ពីរ​បាន​កើត​ឡើង។ ទីមួយ​ គឺ​ការ​បាញ់​ពន្លិច​ដោយ​ទ័ព​កូរ៉េ​ខាង​ជើង នាវា​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​នាវិក​៤៦​នាក់។
ទីពីរ គឺ​ការ​បាញ់ផ្លោង​ដោយ​កូរ៉េ​ខាង​ជើង ទៅ​លើ​កោះ​មួយ​របស់​កូរ៉េ​ខាង​ត្បូង ជាហេតុ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ស៊ីវិល​ពីរ​នាក់​និង​ទាហាន​ពីរ​នាក់។

ជា​ច្រើន​ខែ​មក​ហើយ ទាំង​សហរដ្ឋអាមេរិក ទាំង​ប្រទេស​ចិន បាន​ជម្រុញ​កូរ៉េ​ទាំង​ពីរ​ឲ្យ​ជួប​គ្នា​និង​ផ្តើម​កិច្ចសន្ទនា​សា​ឡើង​វិញ។ គឺ​ប្រហែល​ជា​អ៊ីចឹង​ហើយ បាន​ជា​នៅ​ថ្ងៃ​នេះ កូរ៉េ​ទាំង​ពីរ​បាន​ផ្តើម​ជួប​ចរចា​គ្នា​ត្រឹម​ថ្នាក់​ឧត្តម​មន្ត្រី។ បើ​សិន​ជា​បាន​ផល​ល្អ អង្គប្រជុំ​ដើម​ដំបូង​នេះ អាច​នឹង​ត្រូវ​បន្ត​នា​ពេល​ឆាប់ៗ​ខាង​មុខ លើក​នេះ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ម្តង៕
Link : http://www.khmer.rfi.fr/asia/20110208-កូរ៉េទាំងពីរ%E2%80%8Bជួបគ្នា%E2%80%8Bដើម្បីកាត់%E2%80%8Bបន្ថយ%E2%80%8Bភាពតានតឹង%E2%80%8B

No comments:

Post a Comment