Wednesday, February 23, 2011

ការពារ​គ្រោះ​កើត​ជំងឺ​បេះដូង​ និង​ប្រព័ន្ធ​សសៃ​ឈាម

ជំងឺ​បេះដូង​និង​សសៃ​ឈាម​ ជា​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់ និង​ជា​ទូទៅ​តែ​មាន​លក្ខណៈធ្ងន់ធ្ងរ​ខ្លាំង​ទៀត​ផង។ នៅ​ប្រទេស​បារាំង​ជំងឺ​នេះ​ជា​មូលហេតុ​ទីមួយ​នៃ​មរណៈភាព។ ជា​សំណាង​ល្អ​គេ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​បាន​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលណា​ក៏​ដោយ។ តើ​បុព្វហេតុ​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មា​ន​ជំងឺ​នេះ ?​ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ខ្លះ​នោះ ?



តើ​អ្វី​ទៅ​ជា​គ្រោះ​នៃ​ការ​កើត​​ជំងឺ​បេះដូង និង​ជំងឺ​សសៃ​ឈាម ?

ជំងឺ​បេះដូង និង​សសៃឈាម គឺ​សំដៅ​លើ​ជំងឺ​ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​​ប្រព័ន្ធ​បេះដូង និង​ប្រព័ន្ធ​សសៃឈាម​ទាំងមូល​ក្នុង​ខ្លួន​យើង។ ជំងឺ​នេះ គឺ​ជា​ជំងឺ​ដែល​ធ្វើ​ការ​វិវឌ្ឍន៍​ដោយ​សន្សឹមៗ និង​ដោយ​ស្ងាត់​កំបាំង​បំផុត។
វា​ជា​ជំងឺ​ដែល​បះ​ពាល់​បន្តិច​ម្តង​ៗ​ទៅ​លើ​សសៃ​​​​ឈាមក្រហម​នៅ​ក្នុង​ខ្លួន​របស់​យើង។ កំណកសារជាតិ​Cholestérole បន្តិចៗ​ម្តង​នឹង​ធ្វើ​ឲ្យ​សសៃ​ស្ទះ។ ​សសៃ​ឈាម​គឺ​​បំពង់​បង្ហូរ​មួយ​ដឹក​នាំ​ឈាម​សំរាប់​យក​ទៅ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស។ នៅ​ពេល​​ដែល​ឈាម​ហូរ​មិន​ស្រួល​ដោយ​ត្រូវ​កក​ស្ទះ​ដោយ​​ប្រការ​ណា​មួយ​នោះ​ នោះ​នឹ​ង​ធ្វើ​ឲ្យ​សរីរាង្គណាមួយ​ជួប​បញ្ហា​។ កំណក​ស្ទះ​នេះ​ហើយ​ដែល​ជា​ប្រភព​បង្ក​​គ្រោះ​ថ្នាក់​​ដ៏​ចំបង​មួយ​ដល់​សុខភាព​​ និង​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ដោយ​ភ្លាម​ៗ​ទៀត​ផង។

មាន ​“កត្តា​" ជា​ច្រើន​ដែល​​នាំ​ឲ្យ​បេះដូង​ និង​សសៃ​ឈាម​មាន​ជំងឺ ព្រោះ​ដូច​ដែល​នាង​ខ្ញុំ​បាន​ជំរាប​ពី​ខាង​ដើម​អញ្ចឹង​ថា បើ​​ចរន្ត​ឈាម​ហូរ​មិន​ស្រួល ដោយ​ត្រូវ​កក​ស្ទះនៅ​ត្រង់​ចំណុច​ណាមួយ​ នោះ​សរីរៈ​ខ្លះ​នឹង​ពុំ​អាច​ធ្វើ​ការ​​វិវឌ្ឍន៍​បាន​តាម​សម្រួល​ទេ។ ក៏​ប៉ុន្តែ​ គ្រោះ​កើត​ជំងឺ​បេះ​ដូង​ និង​សសែ​ឈាម​នេះ​ វា​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ទៅ​តាម​ស្ថានភាព​​ជីវិត​រស់​នៅ​ និង​ការ​ប្រតិបត្តិ​របស់​យើង។
ក្នុង​ចំណោម​សរីរាង្គកាយ​ទាំង​អស់​របស់​មនុស្ស​យើង​ មាន​សរីរៈបី​ ដែល​ងាយ​នឹង​ទទួល​ផល​បះពាល់​​ជាង​គេ ៖

១- ​ខួរ​ក្បាល។ ខួរ​ក្បាលអាច​ទទួល​ផល​បះពាល់​ពីរ​យ៉ាង។ ដំបូង​គឺ​ជា​ផល​ប៉ះពាល់​​ដែល​គេ​ទទួល​រង​តែ​​មួយ​រយៈ​ខ្លី។ នោះ​គឺ​​អ្នក​ជំងឺ​អាច​សន្លប់​ ឬ​ដួល​ ឬ​​ងងឹត​ភ្នែក​មើល​អ្វី​មិន​ឃើញ​មួយ​រយៈ។ នេះ​គឺ​ជា​សារ​ព្រមានមួយ​ដែល​មាន​រយៈពេល​តែ​ពីរ​ ឬ​បី​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ផល​ប៉ះ​ពាល់​​ទី​ពីរ​ដែល​សំខាន់​ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​​ខ្លាំងនោះជាប់​ជា​ប្រចាំ​អស់​មួយ​ជីវិត គឺ​អ្នក​ជំងឺ​អាច​នឹង​ជួប​គ្រោះ​ដាច់​សសៃឈាម ឬ​ក៏​សសៃ​ឈាម​ត្រូវ​កក​ស្ទះ​ ស្ពៀតទាំងស្រុង ដែល​ធ្វើ​ឲ្យ​គាត់​ដួល​​​-​ស្លាប់​មួយ​ចំហៀង​ខ្លួន​លែង​កំរើក​បាន​។

២- ​បេះដូង។ ក៏​មិន​ខុស​ពី​ខួរ​ក្បាល​ដែរ បេះដូង​អាច​ទទួល​ផល​​ប៉ះ​ពាល់​ ជា​លក្ខណៈ​​សន្សឹមៗ ប៉ុន្តែ​កាន់​តែ​ធ្ងន់​ឡើងៗ​ ជា​រៀង​រាល់​ថ្ងៃ។​ សាច់ដុំបេះដូង​​នឹង​ចុះ​​ខ្សោយ​ជា​លំដាប់ ដែល​​ធ្វើ​​ឲ្យ​​​អ្នក​ជំងឺ​មាន​អារម្មណ៍​ចុក​ណែន​ និងឈឺ​ក្នុង​ទ្រូង។ នេះ​ជា​គ្រោះ​ថ្នាក់​ដែល​វិវឌ្ឍ​ទៅ​មុខ​បន្តិច​ម្តងៗជា​និច្ច។ ផល​ប៉ះ​ពាល់​មួយ​ទៀត​ដែល​បេះដូង​អាច​ជួប​ប្រទះ​ជា​លក្ខណៈ​បន្ទាន់​ ឬ​ភ្លាម​មួយ​រំពេច​នោះ ​សាច់​ដុំបេះដូង​​ត្រូវ​ស្វិត​ស្លោក ឬ​រលួយ​​ ​ និង​ជា​ពិសេស​វា​អាច​ធ្វើ​ឲ្យ​បេះដូង​គាំង​លែង​ដំណើរ​ការ​ភ្លាម​មួយ​រំពេច​តែ​ម្តង។

៣- អវៈយវៈ​​ជើង។ នៅ​ពេល​ដំណើរ​ឈាម​ជួប​នឹង​ភាព​រអាក់​រអួល នោះ​ អាការៈ​ ​ឈឺ​ចុក​ចាប់ ស្ពឹក​ស្រពន់​ ឬ​រមួល​ក្រពើ​ នៅ​កំភួន​ជើង អវៈយវៈ​ផ្នែក​ខាង​ក្រោម ​(ជើង​ទាំងពីរ)​ នឹង​លេច​ឡើង​បន្ទាប់​ពី​បាន​ឈរ ឬ​ដើរ​យូរបន្តិច ប៉ុន្តែ​យូរៗ​ទៅ​អាការៈ​នេះ កាន់​តែ​ដុនដាប​ឡើងៗ​ អ្នក​ជំងឺ​អាច​មាន​អាការៈឈឺ​កំភួន​ជើង​ មិន​អាច​ដើរ​បាន​ឆ្ងាយ​សោះ​ឡើយ។ អាការៈ​បែប​នេះ​ជា​សញ្ញា​ប្រាប់​ថា​អ្នក​មាន​រោគ​សញ្ញា​រលាក​សសៃឈាម នៅ​ជើង។

ភ្នាក់ងារ​បង្ក​គ្រោះ​ថ្នាក់-​សត្រូវ​នឹង​បេះដូង

សូម​ជម្រាប​ថា​ ជំងឺ​បេះដូង និង​សសៃ​ឈាម គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​ជា​​ញឹកញាប់ និង​ជាទូទៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផង។ ហើយ​ដូច​ដែល​នាង​ខ្ញុំ​បាន​រៀបរាប់​ពី​ខាង​ដើម​ស្រាប់​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​យើង​មាន​​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​នេះ។ កត្តា​គ្រោះ​ថ្នាក់​មាន​ច្រើន​ ដែល​ត្រូវបាន​គេ​បែង​ចែក​ជា​ពីរ​ប្រភេទ។

ប្រភេទ​ទី​មួយ គឺ​ជា​កត្តា​ដែល​មិន​អាច​ចៀសវាង​បាន​ នោះ​គឺ​កត្តាអាយុ​ និង​កត្តា​ភេទ ព្រម​ទាំង​កត្តា​​គ្រួសារ។ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ មាន​វ័យ​កាន់​តែ​​​ជ្រេ​ គ្រោះ​កើត​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​ក៏​កាន់​តែកើន​ឡើង​ដែរ​ ហើយ​ជាទូទៅ​​ធម្មជាតិ​បាន​តម្រូវ​ថា​មនុស្ស​ប្រុស​ងាយ​ទទួល​គ្រោះ​ថ្នាក់​ជាង​ស្ត្រី​ច្រើន​ នៅ​ក្នុង​ប្រភេទ​ជំងឺ​នេះ។ បុរស​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង​ទៅ ងាយ​រង​គ្រោះ​កើត​ជំងឺ​បេះដូង​ណាស់ ចំណែក​ឯស្ត្រី​វិញ ទាល់​តែ​ដល់​អាយុ​៥៥​ឆ្នាំ​ ឬ​ទាល់​តែ​អស់​រដូវ​ទើប​អត្រា​ភាគ​រយ​នៃ​គ្រោះ​ថ្នាក់​មាន​កំរិត​ស្មើបុរស។ ប្រសិន​បើ​នៅ​មាន​សមាជិក​ណាម្នាក់​ក្នុង​គ្រួសារ​ស្លាប់​មុន​អាយុ​៦៥​ឆ្នាំ​ ព្រោះ​តែ​ជំងឺ​បេះដូង​ នោះ​កូន​ចៅ​ស្រករ​ក្រោយ​​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ​ ជាង​គ្រួសារ​ដែល​គ្មាន​ប្រវត្តិ​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​ដែរ។

កត្តា​ទីពី​រ គឺ​កត្តា​ដែល​ចៀសវាង​បាន។ យើង​អាច​កើត​ជំងឺ​បេះដូង​ ព្រោះ​តែ​ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន​ដូច​ជា ជក់​បារី បរិភោគ​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​ ជាតិ​ស្ករ​ច្រើន​ជ្រុល​ ​ទាល់​តែ​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម Cholestérole មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម​ និង​ធាត់។ ​នៅ​ពេល​ដែល​​មនុស្ស​ម្នាក់ៗ​មិន​សូវ​ធ្វើ​ការហាត់​ប្រាណ ធ្វើ​កីឡា ឬ​បញ្ចេញ​កម្លាំង​កាយ​ ចូល​ចិត្ត​ភាព​ស្រណុក​ស្រួល​ នោះសារជាតិ​ខ្លាញ់​​មិន​ល្អ​នឹង​ងាយ​​​កើន​ឡើង​នៅ​ក្នុង​ឈាម​ណាស់។ មិន​ធ្វើ​កីឡា​ មិន​បញ្ចេញ​កម្លាំង​ពលកម្ម​សោះ​ពេក នឹង​ជម្រុញ​ឲ្យ​ឆាប់​មាន​ជំងឺ​​សម្ពាធ​ឈាម (ជម្រុញ​​ឲ្យ​មាន​ជំងឺ​លើស​ឈាម)។​ សូម​ជំរាប​ថា ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ខ្លាញ់​​ច្រើន​ជ្រុល​​ជា​ញឹកញាប់ពេក នោះ​អត្រា​ជាតិ​ខ្លាញ់​ ប្រូតេអ៊ីន ក៏​មាន​ច្រើន​ក្នុង​ឈាម​ដែរ។ ហើយ​បើ​ឈាម​មាន​អត្រា​ជាតិ​ខ្លាញ់​ ឬ​ប្រូតេអ៊ីន​ខ្ពស់​ពេក បំពង់​សសៃ​ឈាម​ក៏​ងាយ​នឹង​កក​ស្ទះ​ដែរ។ ​ជា​ពិសេស​វា​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ឡើង​ទម្ងន់ ដែល​ជា​បុព្វហេតុ​នាំ​ឲ្យ​បេះ​ដូង​​ត្រូវ​ប្រឹង​ធ្វើ​ការ​ហួស​ធម្មតា​។ ចំពោះ​អ្នក​​ដែល​ទទួល​ទាន​បារី និង​មាន​អាយុ​ក្រោម​៤៥ ឆ្នាំ​វិញ គាត់​ងាយ​នឹង​កើត​ជំងឺ​ស្លោក​សាច់​ដុំ​បេះដូង​​ច្រើន​ជាង​អ្នក​មិន​ជក់​បារី​ដល់​ទៅ​៨​ដង។

​មធ្យោបាយ​​ការពារ​ ?

ការការពារ​ពិត​ជា​មាន​ ! ហើយ​មិន​​ងាយ​ស្រួល​​ទេ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្លាំង​ណាស់ ប្រសិន​បើ​អស់​លោក​អ្នកនាង​អាច​ព្យាយាម​ធ្វើ​ការ​ការពារ​បាន។
តែ​សូម​ចង​ចាំថា ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​ មាន​លក្ខណៈងាយ​ស្រួល​ ល្គិក​ណា​ការ​ការពារ​ផ្តើម​ធ្វើ​តាំង​ពី​ដំបូង។ វិធានការ​ចាំបាច់​សំខាន់ៗ​សំរាប់​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បេះដូង និង​សសៃ​ឈាម​មាន​បួន​ប្រការ​ធំៗ ៖
១- ឈប់​ជក់​បារី
២- ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ដ៏​ប្រពៃៗ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទម្លាប់​អាក្រក់​ដែល​ចូល​ចិត្ត​តែ​ភាព​ស្រណុក ខ្លាច​រអា​នឹង​ការ​បញ្ចេញ​កំលាំង។ ទាំង​នេះ​មិន​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​តែ​អញ្ជើញ​ទៅ​ធ្វើ​កីឡា​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ ដើរ ឬ​រត់​១០​នាទី​មួយ​ថ្ងៃ វា​ប្រសើរ​ណាស់​ទៅ​ហើយ​សំរាប់​សុខភាព។ ចំពោះ​ការ​បរិភោគ​ទៀត​សោត តោង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​មុខ មាន​បន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់​ធញ្ញជាតិ​បាយ សណ្តែក ពោត។ ប្រសិន​បើ​អាច​ពិសារ​បន្លែ​បៃតង ឬ​ផ្លែឈើ​បាន​កាន់​តែ​ច្រើន​ នោះ​កាន់​តែ​ប្រសើរ។ ចំណែក​សាច់ ​ម្ហូប​ចៀន ឬ ចំណី​ខ្លាញ់​វិញ ជា​ពិសេស​ជាមួយ​ខ្លាញ់​ជ្រូក ខ្លាញ់​គោ ឬ បឺរ ​សុទ្ធ​សឹង​ជា​សត្រូវ​លេខ​មួយ​របស់​បេះដូង និង​សសៃ​ឈាម​ហើយ ហើយ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ឆាប់​ឡើង​ទម្ងន់​ណាស់។ បេះដូង​នឹង​ត្រូវ​ធ្វើ​ការ​ហួស​ពី​កំរិត​ធម្មតា ប្រសិន​បើ​លោក​អ្នកនាង​កាន់​តែ​ធាត់។ សុរា​ក៏​យ៉ាង​ដូច្នេះ​ដែរ បើ​លោក​អ្នក​នាង​ជា​អ្នក​ធ្លាប់​ទទួល​ទាន​វា សូម​កុំ​ឲ្យ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។
៣- នាង​ខ្ញុំ​ហាក់​ដូច​ជា​វិល​មក​និយាយ​ជាន់​គ្នា​ដដែលៗ ម្តង​ហើយ​ម្តង​ទៀត​ ពី​បញ្ហា​របប​អាហារ។ ដ្បិត​របប​អាហារ​ត្រឹមត្រូវ​ អាច​ជួយ​កាត់​បន្ថយ​សារជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន។ ហើយ​ម្យ៉ាង​វិញ​ទៀត ដូច​ បាន​និយាយ​​ពី​ខាង​ដើម​ស្រាប់​មក​ហើយ​ថា មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាប់​កាយ​ គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែល​ជំរុញ​ឲ្យ​យើង​ងាយ​មាន​ជំងឺ​បេះដូង​និង​សសៃ​ឈាម។ ដូច្នេះ​ត្រូវ​តែ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​និង​សារជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​កំរិត​សមរម្យ​ តាម​រយៈ​ការ​ធ្វើ​របប​អាហារ ឬ​តាម​រយៈ​ការ​ទទួល​ទាន​ថ្នាំ។
៤- ត្រូវ​តាម​ដាន​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប្រសិន​បើ​​អ្នក​មាន​ជំងឺ​លើស​ឈាម លោក​អ្នក​គួរ​តែ​ព្យាបាល​ជំងឺ​នេះ​កុំ​ឲ្យ​ដាច់ និង​មិន​ត្រូវ​ឈប់​ទទួល​ទាន​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ៕
Link: http://www.khmer.rfi.fr/cambodia/20110223-ការពារ%E2%80%8Bគ្រោះ%E2%80%8Bកើត%E2%80%8Bជំងឺ%E2%80%8Bបេះដូង%E2%80%8B-និង%E2%80%8Bប្រព័ន្ធ%E2%80%8Bសសៃ%E2%80%8Bឈាម

No comments:

Post a Comment