ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ដែលតែងមានទំនាក់ទំនងមិនសូវរលូននឹងគ្នា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគត្រីភាគី នៅខែឧសភា ២០១១ខាងមុខនេះ ដើម្បីបង្កើនការធ្វើវិនិយោគឆ្លងព្រំដែន និងដើម្បីការពារច្បាប់កម្មសិទ្ធិបញ្ញា ឲ្យបានកាន់តែប្រសើរឡើង។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគត្រីភាគី នឹងប្រព្រឹត្តទៅក្នុងឱកាសដែលប្រមុខដឹកនាំប្រទេសទាំងបីជួបគ្នា នៅខែឧសភា ២០១១។ បន្ទាប់មកកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅដំណាច់ឆ្នាំ២០១២។ បើតាមសារព័ត៌មានជប៉ុន Nikkei ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ប្រទេសទាំងបីបានចំណាយពេលចរចាអស់រយៈពេលបួនឆ្នាំទម្រាំសម្រេចបានលទ្ធផលនៅថ្ងៃនេះ។
តាមពិត ចិន ជប៉ុន កូរ៉េខាងត្បូង មានកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការវិនិយោគ រួចស្រេចទៅហើយ។ នៅក្នុងកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីចិន-ជប៉ុន ការរក្សានិងការពារកម្មសិទ្ធិបញ្ញារបស់ជប៉ុនត្រូវផ្អែកទៅលើច្បាប់របស់ចិន។
ប៉ុន្តែ កិច្ចព្រមព្រៀងត្រីភាគីថ្មីនេះ នឹងអនុញ្ញាតឲ្យប្រទេសទាំងបី ដោះស្រាយជម្លោះស្តីពីបញ្ហាកម្មសិទ្ធិបញ្ញាបាន ដោយឈរលើច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ទាំងជប៉ុន ទាំងកូរ៉េខាងត្បូង អាចមានសិទ្ធិស្នើសុំសេចក្តីពន្យល់បំភ្លឺ នៅពេលណាក្រុងប៉េកាំងចង់អនុវត្ត ឬកែប្រែច្បាប់របស់ខ្លួន ដែលមានលក្ខណៈស្មុគស្មាញ ពិបាកយល់។
សារព័ត៌មាន Nikkei ជប៉ុនដដែលបានបញ្ជាក់បន្ថែមទៀតថា ពេលនេះ ប្រទេសទាំងបីកំពុងតែបន្តពិចារណារកកិច្ចព្រមព្រៀងត្រីភាគី ស្តីពីការផ្តោះប្តូរពាណិជ្ជកម្មដោយសេរី។ ជាកិច្ចចរចា ដែលមានកំរិតឧបសគ្គច្រើនជាងការស្វែងរកកិច្ចព្រមព្រៀងវិនិយោគទៅទៀត៕
Link : http://www.khmer.rfi.fr/China%20Japan%20and%20South%20Korea%20is%20preparing%20a%20tripartite%20agreement%20on%20investment
No comments:
Post a Comment