ចិននៅតែមានក្តីសង្ឃឹម ក្នុងការខិតខំជួយចូកជួយចែវ ឲ្យមានការចរចា៦ភាគី ជាបន្ទាន់ ជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយសម្ពាធក្នុងឧបទ្វីបកូរ៉េ ទោះបីជាពេលនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបដិសេធនឹងសំណើនេះហើយក៏ដោយ។
« ពិគ្រោះ-ចរចា គឺជាការចាំបាច់ និងបន្ទាន់បំផុតសំរាប់បន្ធូរបន្ថយសម្ពាធក្នុងឧបទ្វីបកូរ៉េ ! » នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ ដែលនៅតែបង្ហាញពីសុទិដ្ឋិនិយមថា ភាគីពាក់ព័ន្ធ គួរតែសិក្សាអំពីសំណើនេះយ៉ាងហ្មត់ចត់ និងឆ្លើយតបជាវិជ្ជមាន។
ប៉ុន្តែ សំណើរបស់ចិននេះត្រូវបានក្រុងវ៉ាស៊ីនតោន និងសេអ៊ូលច្រានចោល ព្រោះសំរាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ការចរចា៦ភាគី ដើម្បីបិទបញ្ចប់ឥរិយាបថដ៏ច្រឡោងខាម (ការផ្លោងគ្រាប់បែកកាលពីសប្តាហ៍មុន) និងដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ ដោយគ្មានការយល់ព្រមពីកូរ៉េខាងជើង គ្រាន់តែជាប្រតិបត្តិការស្តារទំនាក់ទំនងសាធារណៈប៉ុណ្ណោះ។ កូរ៉េខាងជើងខ្លួនឯង មិនបានបញ្ចេញសកម្មភាពអ្វី ដែលបង្ហាញពីចេតនាចង់បន្ធូរបន្ថយបរិយាកាសសោះ។ លើសពីនេះទៅទៀត ក្រុងព្យុងយ៉ាងបានផ្គើនបន្ថែមនៅថ្ងៃនេះថា ម៉ាស៊ីនចម្រើនធាតុអ៊ុយរ៉ានីយ៉ូមជាច្រើនពាន់កំពុងដំណើរការ។
ចំពោះជប៉ុនវិញ ជប៉ុនបានរក្សាសិទ្ធិសិក្សាសិន តែបានសម្រេចបញ្ជូនអ្នកឯកទេសខាងកូរ៉េខាងជើងម្នាក់ទៅក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាជាមួយសមភាគីចិន។ ជួនចំពេលជាមួយគ្នានេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់កូរ៉េខាងជើងពីរនាក់ ដែលជាមនុស្សជំនិតរបស់ប្រមុខគីមជុងអ៊ីល ក៏បានទៅដល់ ក្រុងប៉េកាំងដែរនៅថ្ងៃនេះ។
សូមបញ្ជាក់ថា សំណើសុំបើកការចរចា នៅដើមខែធ្នូ ស្តីពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានចិនលើកឡើង នៅថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់ផ្លោងទៅលើកោះយុនព្យ៉ុង របស់កូរ៉េខាងត្បូង។ ជាការចរចាដែលមានការចូលរួមពីសំណាក់ ប្រទេសចិន កូរ៉េទាំងពីរ ជប៉ុន សហរដ្ឋអាមេរិក និង រុស្ស៊ី ៕
By rfi....
No comments:
Post a Comment