មួយថ្ងៃមុនការបើកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក នៅក្នុងសមុទ្ទលឿង កូរ៉េខាងត្បូងបានសន្យានៅថ្ងៃសៅរ៍នេះ ថានឹងសងសឹក ដោយគ្មានការអនុគ្រោះប្រឆាំងកូរ៉េខាងជើង ដែលបានសម្លាប់ទាហាន របស់ខ្លួនចំនួនពីរនាក់ស្លាប់ ដោយការបាញ់កាំភ្លើងធំផ្លោងទៅលើកោះយ៉ុនព្យុង នៅកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ។
ពិធីបុណ្យសពទាហានកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃសៅរ៍ នេះ នៅជិតទីក្រុងសេអ៊ូល ត្រូវបានគេចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់ឥស្សរជននយោបាយ និងយោធា ជាច្រើនរូប ព្រមទាំងគ្រួសារសពផង ប្រកបដោយទឹកចិត្តសោកសៅបំផុត និងពោរពេញទៅដោយគំនុំយ៉ាងពើតផ្សា។
“យើងធានាថានឹងសងសឹកជូនព្រលឹងអ្នកវិញ!” នេះជាប្រសាសន៍របស់អគ្គមេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅចំពោះមុខរូបថតសពទាហានទាំងពីររូប ដែលលម្អទៅដោយកម្រងផ្កាពណ៌ស។ “ប្រសិនបើមានការវាយប្រហារទៀត សេអ៊ូលនឹងសងសឹកយ៉ាងចាស់ដៃ និងដោយទាន់ហន់ប្រឆាំងទល់នឹងក្រុងព្យុងយ៉ាង មួយរយដងលើសពីអ្វីដែលកូរ៉េខាងជើងបានធ្វើចំពោះខ្លួន” ! នេះជាសេចក្តីថ្លែងការណ៍ដំបូងរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៅថ្ងៃនេះ។ ចំណែកក្រុមទាហានវិញ ពួកគេបានប្រមូលផ្តុំគ្នា ស្រែកប្រកាសត្រៀមខ្លួនចូលសមរភូមិ នៅកណ្តាលទីក្រុងសេអ៊ូល ដុតបំផ្លាញទង់ជាតិ និងរូបថតប្រមុខកូរ៉េខាងជើង គីម ជុងអ៊ីល និងគីមជុងអ៊ុន។
អាយុ២០ និង២២ឆ្នាំ ទាហានទាំងពីររូបនេះ បានពលីជីវិតក្នុងសមរភូមិ ដោយត្រូវគ្រាប់សំណកូរ៉េខាងជើងដែលបានបាញ់ផ្លោងមកលើកោះ យ៉ុងព្យុន ក្នុងសមុទ្ទលឿង ក្បែរព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ ជាមួយនឹងជនស៊ីវិលពីរនាក់ផ្សេងទៀត កាលពីថ្ងៃអង្គារ។ ការវាយប្រហារទ្រង់ទ្រាយធំ មិនធ្លាប់មានតាំងពី៦០ឆ្នាំកន្លងមកនេះ ហាក់បានដាស់ស្មារតីកូរ៉េខាងត្បូង ឲ្យភ្ញាក់ខ្លួន រៀបចំកម្លាំងទ័ពឡើងវិញ ដើម្បីត្រៀមវាយបកប្រឆាំងនឹងកូរ៉េខាងជើង។ កូរ៉េខាងជើង ដែលអត់ឃ្លាន តែមានសមត្ថភាពយោធា ហួសពីការគិត។
នៅថ្ងៃស្អែក សមយុទ្ធកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នឹងត្រូវចាប់ផ្តើម នៅក្នុងសមុទ្ទលឿង។ កូរ៉េខាងជើងបានព្រមានសាជាថ្មី នៅថ្ងៃនេះ ថាកាំភ្លើងធំរបស់ខ្លួនបានបែរកាណុង រួចជាស្រេចនឹងវាយប្រហារ ដោយគ្មានអាសូរទៅលើកូរ៉េខាងត្បូង ប្រសិនបើមានករណីរំលោភបំពានទៅលើបូរណភាពដែនដី ដែនទឹក និងដែនអាកាសរបស់ខ្លួននោះ៕
By RFI...
No comments:
Post a Comment