សមយុទ្ធរវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានចាប់បើកធ្វើហើយ នៅថ្ងៃអាទិត្យនេះ នៅក្នុងសមុទ្រលឿង។ កូរ៉េខាងជើងបានព្រមានជាថ្មីទៀតថានឹងប្រើកម្លាំងយោធាតបតវិញ ប្រសិនបើមានការរំលោភចូលក្នុងដែនសមុទ្ររបស់ខ្លួន។ មីស៊ីលជាច្រើនដើមត្រូវបានកងទ័ពកូរ៉េខាងជើងដំឡើងជាស្រេច ដោយតម្រង់ទៅសមុទ្រលឿង។ មីស៊ីលប្រឆាំងយន្តហោះក៏ត្រូវបានកូរ៉េខាងជើងចល័តទៅក្បែរព្រំដែន ដែរ។ ក្នុងពេលដែលភាពតានតឹងកំពុងកើនឡើងដល់កំពូល ចិនបានដាក់សំណើឲ្យបើកកិច្ចចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកូរ៉េ។
បទវិភាគរបស់ សេង ឌីណា
តើភាពតានតឹងនៅកូរ៉េពេលនេះអាចឈានដល់ការផ្ទុះសង្រ្គាមដែរឬទេ?
សមយុទ្ធទ្រង់ទ្រាយធំ ដោយមាននាវាផ្ទុកយន្តហោះដ៏ទំនើបចូលរួមផងនោះ បានចាប់ផ្តើមធ្វើ នៅថ្ងៃអាទិត្យនេះ នៅក្នុងសមុទ្រលឿង ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនសមុទ្រជាមួយកូរ៉េខាងជើង និងប្រមាណ ៤០គីឡូម៉ែត្រពីឆ្នេរកូរ៉េខាងត្បូង។ សមយុទ្ធនេះនឹងត្រូវប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ក្នុងគោលដៅកំញើញកូរ៉េខាងជើងឲ្យបញ្ឈប់ទង្វើបង្កហេតុលើកូរ៉េ ខាងត្បូង។
ក៏ប៉ុន្តែ សមយុទ្ធនេះត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល ចិន។ ចិនតែងតែប្រឆាំងចំពោះរាល់វត្តមាននាវាចម្បាំងអាមេរិក នៅក្នុងសមុទ្រលឿង ដែលចិនចាត់ទុកថាជាតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខរបស់ខ្លួន។
កូរ៉េខាងជើងវិញ ក៏បានព្រមានផងដែរថា នឹងធ្វើការវាយប្រហារតបតវិញ ប្រសិនបើមានការរំលោភចូលក្នុងដែនសមុទ្ររបស់ខ្លួន។ ព្រំដែនសមុទ្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺជារឿងដ៏ចម្រូងចម្រាសបំផុត ដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនទទួលស្គាល់បន្ទាត់ព្រំដែន បច្ចុប្បន្ន ដែលគូសដោយអ.ស.ប.។
នៅថ្ងៃអាទិត្យនេះ អាជ្ញាធរកូរ៉េខាងត្បូងបានប្រាប់អ្នកកាសែតទាំងអស់ឲ្យចាកចេញពីកោះ Yeonpyeong ទីដែលទទួលរងការបាញ់ផ្លោងពីសំណាក់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ។ អ្នកភូមិនៅលើកោះនេះបាននាំគ្នារត់រកជម្រកការពារគ្រាប់ ជាថ្មីម្តងទៀត ក្រោយពីបានឮសំឡេងគ្រាប់កាំភ្លើងផ្លោងចេញពីទឹកដីកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហាប់ (Yunhap) បានផ្សព្វផ្សាយឲ្យដឹងថា កូរ៉េខាងជើងបានដំឡើងមីស៊ីលដាក់តម្រង់ទៅសមុទ្រលឿង ហើយមីស៊ីលប្រឆាំងយន្តហោះក៏ត្រូវបានកងទ័ពកូរ៉េខាងជើងចល័តទៅ ក្បែរព្រំដែនជាមួយកូរ៉េខាងត្បូងដែរ។
ក្នុងស្ថានភាពដ៏តានតឹងនេះចិនបានអំពាវនាវឲ្យមានការចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។ ចិនបានស្នើឲ្យតំណាងប្រទេស ក្នុងកិច្ចចរចា ៦ភាគី ជួបពិភាក្សាគ្នា នៅដើមខែធ្នូខាងមុខ។ ក៏ប៉ុន្តែ ប្រភពស្និទ្ធនឹងប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូងមិនចាប់អារម្មណ៍នឹងការចរចា ៦ភាគីទេ នៅពេលនេះ។ រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញនូវជំហរប្រយ័ត្នប្រយែងដែរ ឆ្លើយតបនឹងសំណើឲ្យមានការចរចានេះ។
គួរបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់របស់ចិនទើបនឹងបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយបានសន្យាថា នឹងខិតខំជួយទប់ស្កាត់កុំឲ្យស្ថានភាពកាន់តែដុនដាបថែមទៀត រវាងកូរ៉េទាំងពីរ។ ចំណែកកូរ៉េខាងត្បូងវិញបានអំពាវនាវឲ្យចិនប្រកាន់នូវជំហរ យុត្តិធម៌រវាងកូរ៉េទាំងពីរ។
បណ្តាញព័ត៌មានចិនបានផ្សព្វផ្សាយឲ្យដឹងថា ប្រធានសភាកូរ៉េខាងជើង ដែលជាមនុស្សជំនិតរបស់លោកគីម ជុងអ៊ីល នឹងទៅបំពេញទស្សនកិច្ច នៅចិននៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។ នៅពេលនេះ ចិនកំពុងតែទទួលរងនូវសម្ពាធពីសំណាក់សហគមន៍អន្តរជាតិឲ្យចូលខ្លួន មកជួយដោះស្រាយវិបត្តិកូរ៉េ ពីព្រោះថា ចិន គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់របបកុម្មុយនិស្ត ព្យុងយ៉ាង៕
By RFI.....
No comments:
Post a Comment