Saturday, June 18, 2011

ភាព​តានតឹង​​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​លើ​ជោគ​វាសនា​នៃ​ជន​ភៀសខ្លួន​កូរ៉េ​ខាង​ជើង​៩​នាក់​


សេអ៊ូល​ឆ្លើយ​”ទេ”​ជាមួយ​ព្យុងយ៉ាង។ នៅ​ថ្ងៃ​សុក្រ​១៧​មិថុនា​នេះ សេអ៊ូល បាន​​ច្រាន​ចោល​សំណើ​ព្យុងយ៉ាង ស្តីពី​ មាតុភូមិនិវត្តន៍​ជន​ភៀសខ្លួន​កូរ៉េខាង​ជើង​មួយ​គ្រួរ​ដែល​មាន​គ្នា​៩​នាក់គឺ​បុរស​​៣​​នាក់​ ស្រ្តី​​២​​នាក់​ និង​​ក្មេងៗ​​​៤​​នាក់​។

ជនកូរ៉េខាងជើង៩នាក់នេះ បាន​រត់​​ភៀសខ្លួន​ពី​កូរ៉េ​ខាង​​​ជើង​​​​​ដោយ​​បាន​​​ឆ្លង​​កាត់​​​ព្រំដែន​​សមុទ្រ​​លឿង ​កាលពី​​ថ្ងៃ​សៅរ៍​ទី​១១ មិថុនា​មុន​តាម​កាណូត​​តូច​មួយ​គ្រឿង។​ព្យុងយ៉ាង បាន​ទាមទារ​នៅ​ថ្ងៃ​ព្រហស្ប​តិ៍​១៦​មិថុនា​ម្សិលមិញ ឲ្យ​សេអ៊ូល ធ្វើ​មាតុភូមិនិវត្តន៍​ជន​កូរ៉េ​ខាង​ជើងទំាងអស់ ដោយ​គូស​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរនឹង​កាន់តែ​តានតឹង​ខ្លាំងថែមទៀត​​ប្រសិន​បើ​កូរ៉េខាង​ត្បូង​បដិសេធ​សំណើ​កូរ៉េ​ខាងជើង។
“ជន​កូរ៉េ​ខាង​ជើង​៩​នាក់​នោះ ​បានទទូចសុំ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន- ​ដូច្នេះ​យើង​នឹងត្រូវ​ដោះ ស្រាយ ​ទៅ​តាម​ឆន្ទៈរបស់ពួកគេ”។ នេះ​ជាសេចក្តីថ្លែង​របស់​អង្គការ​កាកបាទក្រហម​កូរ៉េ​ខាង​ត្បូង​នៅក្នុង​សារមួយជូន​ចំពោះ​អង្គការ​កាក​បាទ​ក្រហម​កូរ៉េខាងជើង។

គួររំលឹកថា ចាប់តាំងពី​សង្គ្រាមនៅឧបទ្វីបកូរ៉េ​ បានបិទ​បញ្ចប់​នៅឆ្នាំ ១៩៥៣ គេ​ប៉ាន់​ស្មាន​ថា ​មានជនភៀសខ្លួនកូរ៉េខាងជើង​ចំនួន ២ ម៉ឺន​១ពាន់នាក់​ហើយ ដែល​បាន​រត់​ភៀស​ខ្លួន​មក​ដល់​កូរ៉េខាងត្បូងដោយជោគជ័យ។ ចំណែក​ កូរ៉េ​ខាងត្បូង មាននយោបាយ​អនុគ្រោះ​ដល់ជនជាតិ​កូរ៉េ​ខាងជើងណាស់! មិនថា​ជនជាតិ​កូរ៉េខាងជើង មានចេតនា​ឬ គិត​ទុកជាមុន​ឬ​ក៏​ដោយហេតុ​ចៃដន្យ​​ទេ កូរ៉េខាងត្បូង សុខចិត្ត​ទទួល​ឲ្យពួកគេ​ជ្រកកោនទាំងអស់ លើកលែងតែ​ពួកគេ​ស្ម័គ្រ​ចិត្ត ត្រឡប់ទៅ​​កាន់ស្រុកកំណើត​វិញ ទើប​កូរ៉េ​ខាងត្បូង​យល់ព្រម​ធ្វើមាតុភូមិនិវត្តន៍។

កាលពីខែកុម្ភៈមុន កប៉ាល់កូរ៉េខាងជើងមួយគ្រឿង ដឹកអ្នកដំណើរ​​ចំនួន៣១ នាក់ បាន​វង្វេ​ង​ទិសដៅ និងបានឆ្លង​ព្រំដែនចូលដល់កូរ៉េខាងត្បូងដោយចៃដន្យ។ បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង​និង​សេអ៊ូល​ ធ្វើ​ការ​ចរចា​គ្នា​យ៉ាង​តឹង​សរសៃក​ដាក់គ្នា អស់​​២​ខែ​កន្លងមក ទីបំផុត សេអ៊ូល បាន​​បញ្ជូន​អ្នកដំណើរ​កូរ៉េ​ខាងជើង ​២៧​នាក់​​ទៅកាន់កូរ៉េខាងជើងវិញ។ ក៏ប៉ុន្តែ សេអ៊ូល បដិសេធ​មិន​ព្រម​បញ្ជូន​ខ្លួន​ជនកូរ៉េខាងជើង​៤នាក់ផ្សេងទៀតទេ ពីព្រោះអ្នក​​ទាំង​បួន​នាក់​នោះ បាន​សម្រេចចិត្ត​រស់នៅលើទឹកដីកូរ៉េខាងត្បូង ​ទោះបីជាក្រុម​គ្រួសារ​របស់​គេ​បាន​និយាយ​​អង្វរករ​​យ៉ាងណាក្តី ការអង្វរករ ដែលត្រូវបានគេចាក់ផ្សាយតាម vidéo។

ការប្រឈមមុខគ្នាដោយពាក្យសំដី ស្តីពី​ជន​ភៀសខ្លួន​កូរ៉េ​ខាង​ជើង​រត់​ចូល​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​​បាន​ប្រព្រឹត្ត​ទៅ ​ខណៈពេល​ដែល​កូរ៉េ​ទាំង​ពីរ ​មាន​ភាព​តានតឹង​ជាមួយគ្នា រួច​​ស្រេច​ទៅ​ហើយ​ ​ចាប់តាំងពី​ដើមឆ្នាំ២០១០មក និង បន្ទាប់ពី​ការវាយប្រហារ​របស់​កងទ័ពជើង​​ប្រឆាំង​នាវា​ចម្បាំង​​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង ដែល​ជាហេតុបណ្តាល​ឲ្យ​ស្លាប់​កងទ័ព​កូរ៉េ​ខាង​ត្បូង​៤៦ នាក់។ មិនតែប៉ុណ្ណោះ កាលពីខែវិច្ឆិកា ២០១០ ការ​បាញ់​ផ្លោង​គ្រាប់បែក​របស់​កូរ៉េ​ខាង​ជើង​ប្រឆាំង​កោះ​កូរ៉េខាងត្បូង ដែលបណ្តាល​ឲ្យ​​ស្លាប់​មនុស្ស​ចំនួន​៤នាក់ទៀត បាន​ជំរុញ​​ឲ្យ​​អធិករណ៍​រវាង​កូរ៉េទាំងពីរ ​ក្លាយទៅជាវិបត្តិ​អន្តរជាតិ។

យោង​តាមសាព័ត៌មានកូរ៉េខាងត្បូង នៅ​ថ្ងៃសុក្រ១៧មិថុនានេះ ទីក្រុងសេអ៊ូល បាន​ដាក់​ពង្រាយ​​​កាំជ្រួចមីស្ស៊ីល sol-sol ដែលអាចបាញ់ទៅដល់រដ្ឋធានីព្យុងយ៉ាង។ ព័ត៌មាននេះ ត្រូ​វ​បាន​ក្រសួងការពារជាតិកូរ៉េខាងត្បូងបដិសេធ ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន​yonhap និង Dong-A llbo​ អះអាង ថា ការដាក់ពង្រាយកាំជ្រួចមីស្ស៊ីលនេះ គឺ​ដោយហេតុ តែមាន​ភាព​តាន​​តឹង​​ខ្លាំង​នៅក្នុង​ឧបទ្វីបកូរ៉េ​នាពេលបច្ចុប្បន្ននេះ៕
Link:http://www.khmer.rfi.fr/S%C3%A9oul%20refuse%20the%20%20Nord%20Korean%20deman%20%20to%20repatriate%20the%20refugees%20%27sNorth%20Korea%20

No comments:

Post a Comment