បើសិនជាដូចពាក្យគេថា “អតិថិជនជាស្តេច” មែន ក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី គឺជាស្តេច នៅក្នុងពិព័រណ៍យន្តហោះប៉ារីស នៅឆ្នាំ២០១១នេះ។ យន្តហោះរាប់រយគ្រឿង គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ នឹងត្រូវបញ្ជាទិញដោយក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី ជាពិសេស មកពីម៉ាឡេស៊ី និងឥណ្ឌា។
ពិព័រណ៍យន្តហោះប៉ារីស (ឬពិព័រណ៍ Bourget) បានចាប់ផ្តើមបើកទ្វារជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ២០ មិថុនា ២០១១នេះ សម្រាប់រយៈពេល ៧ថ្ងៃ។ នេះគឺជាពិព័រណ៍យន្តហោះដ៏ធំបំផុត នៅលើពិភពលោក ដែលគេតែងតែរៀបចំធ្វើជារៀងរាល់ពីរឆ្នាំម្តង។ ក្រៅពីការដាក់តាំង និងការហោះហើរបង្ហាញយន្តហោះថ្មីៗ ទំនើបៗ ពិព័រណ៍យន្តហោះ Bourget ក៏ជាឱកាសដ៏ល្អមួយដែរ ការទិញ-លក់យន្តហោះ។
ពិព័រណ៍យន្តហោះឆ្នាំនេះ បានចាប់ផ្តើមបើកទ្វារឡើង ជាមួយនឹងក្តីសង្ឃឹមថា ទីផ្សារអាកាសចរណ៍នឹងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ពីឆ្នាំ២០០៨មក។ យន្តហោះរាប់រយគ្រឿង ជាពិសេស យន្តហោះរបស់ក្រុមហ៊ុន Airbus នឹងត្រូវបញ្ជាទិញដោយក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី។
ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ម៉ាឡេស៊ី ឈ្មោះ Air Asia (ទើបនឹងបង្កើតឡើងបាន ៩ឆ្នាំ) នឹងបញ្ជាទិញយន្តហោះធុន A320 របស់ក្រុមហ៊ុន Airbus ចំនួន ២០០គ្រឿង គិតជាទឹកប្រាក់ ១៧ពាន់លានដុល្លារ។ នេះគឺជាការបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិទីផ្សារអាកាសចរណ៍។
ការបញ្ជាទិញដ៏ធំពីរទៀត គឺមកពីក្រុមហ៊ុនឥណ្ឌា (ក្រុមហ៊ុន Indigo និង Go Air)។ Indigo នឹងបញ្ជាទិញយន្តហោះ Airbus ចំនួន ១៨០គ្រឿង ចំណែក Go Air ទិញ ៧២គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតមកពីអាស៊ី ដូចជា ហ្វ៊ីលីពីន និងថៃ ជាដើម ក៏នឹងបញ្ជាទិញយន្តហោះជាច្រើនគ្រឿងដែរ ក្នុងឱកាសពិព័រណ៍នេះ។
ការបញ្ជាទិញយន្តហោះដ៏ច្រើនសន្ធឹកសន្ធាប់ដោយក្រុមហ៊ុនអាកាសចរណ៍អាស៊ីនេះ គឺជាការបញ្ជាក់ថា អាស៊ីពិតជាបានងើបចេញពីវិបត្តិសេដ្ឋកិច្ចបានលឿនជាងតំបន់ផ្សេងទៀតមែន។ ព្រមជាមួយនឹងសក្តានុពលដ៏ធំធេងនៃទីផ្សារដឹកជញ្ជូនតាមអាកាសផងនោះ អាស៊ីគឺជាមុខសញ្ញាទីមួយរបស់ក្រុមហ៊ុនផលិតយន្តហោះ ដូចជា Boeing និង Airbus ។
អាស៊ីគឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ក្នុងនោះ ចិន និងឥណ្ឌា សុទ្ធសឹងជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ១ និងលេខ២ (ប្រជាជនចិនមានប្រមាណ ១ពាន់ ៣រយលាននាក់ ចំណែកឥណ្ឌា មានប្រមាណ ១ពាន់ ២រយលាននាក់)។ គិតជាសរុប ប្រជាជននៅអាស៊ីមានរហូតដល់ទៅជាង ៤ពាន់លាននាក់ (ជាង ៦០% នៃប្រជាជនពិភពលោក)។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងចំនួនប្រជាជន។
តាមរយៈកំណើនសេដ្ឋកិច្ច ដែលមានអត្រាខ្ពស់ជារៀងរាល់ឆ្នាំ គេរំពឹងថា ប្រជាជននៅអាស៊ី ដែលមានចំណូលមធ្យមនឹងមានការកើនឡើងខ្ពស់។ តម្រូវការនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក៏នឹងមានការកើនឡើងយ៉ាងខ្លាំងដែរ នៅពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន Boeing និង Airbus រំពឹងថា ដល់ពេលនោះ ក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីប្រាកដជាត្រូវការយន្តហោះច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ចិនក៏កំពុងចាប់ផ្តើមបោះជំហានចូលក្នុងឧស្សាហកម្មផលិតយន្តហោះដែរ នៅពេលនេះ។ នៅឆ្នាំនេះ ចិនបានយកយន្តហោះរបស់ខ្លួនមកដាក់តាំងបង្ហាញជាលើកទីមួយ នៅក្នុងពិព័រណ៍យន្តហោះ Bourget ។ ទៅថ្ងៃអនាគត ចិនអាចនឹងក្លាយទៅជាគូប្រជែងមួយរបស់ Boeing និង Airbus ជាពិសេស សម្រាប់ទីផ្សារ នៅអាស៊ី៕
No comments:
Post a Comment