Saturday, June 18, 2011
ទាហានកូរ៉េខាងត្បូងច្រឡំបាញ់យន្តហោះដឹកអ្នកដំណើរស៊ីវិល
ទាហានកូរ៉េខាងត្បូងបានបាញ់ទៅលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដោយច្រឡំស្មានតែជាយន្តហោះយោធារបស់កូរ៉េខាងជើង។ នេះបើយោងតាមមន្រ្តីក្រុមហ៊ុនអាកាសចរណ៍ និងបណ្តាញព័ត៌មានកូរ៉េខាងត្បូង Yunhap ។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យអ្នកដំណើរបាត់បង់ជីវិត ឬរបួសនោះទេ។
បើយោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ Yunhap ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសុក្រ ១៧ មិថុនា ២០១១។ យន្តហោះដែលទាហានកូរ៉េខាងត្បូងបាញ់នោះ គឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងខ្លួនឯង ឈ្មោះ Asiana Airlines។ នៅលើយន្តហោះនោះ មានផ្ទុកអ្នកដំណើរចំនួន ១១៩នាក់ ធ្វើដំណើរមកពីប្រទេសចិន ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិក្រុងសេអ៊ូល (កូរ៉េខាងត្បូង)។
អ្នកនាំពាក្យរបស់កងម៉ារីនកូរ៉េខាងត្បូងបានឲ្យដឹងថា នៅពេលដែលយន្តហោះក្រុមហ៊ុន Asiana កំពុងបន្ទាបខ្លួន ដើម្បីចុះចតនៅព្រលានយន្តហោះសេអ៊ូល ទាហានកូរ៉េខាងត្បូង២រូប ដែលកំពុងយាមនៅលើកោះក្បែរព្រំដែនកូរ៉េខាងជើង ក៏បានធ្វើការបាញ់ប្រហារ ដោយស្មានតែជាយន្តហោះយោធារបស់កូរ៉េខាងជើង។ ការបាញ់ប្រហារនេះបានធ្វើឡើងប្រមាណជា ១០នាទី ក៏ប៉ុន្តែ ប្រើសុទ្ធតែកាំភ្លើងដៃប៉ុណ្ណោះ មិនបានប្រើកាំភ្លើងសម្រាប់បាញ់យន្តហោះនោះទេ។ ហេតុដូច្នេះហើយបានជាមិនបណ្តាលឲ្យមានការខូចខាតលើតួយន្តហោះ ហើយក៏មិនបណ្តាលឲ្យមានអ្នកដំណើរណាម្នាក់ស្លាប់ ឬរបួសដែរ។
កងម៉ារីនកូរ៉េខាងត្បូងបានអះអាងថា ហេតុការណ៍នេះកើតឡើងដោយសារតែយន្តហោះដឹកអ្នកដំណើរនេះហោះខុសផ្លូវ ក៏ប៉ុន្តែ មន្រ្តីក្រុមហ៊ុន Asiana បានអះអាងថា យន្តហោះនេះហោះហើរតាមគន្លងផ្លូវអាកាសជាធម្មតា។
គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិក្រុងសេអ៊ូល ស្ថិតនៅចម្ងាយប្រមាណតែ ៤០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនរវាងកូរ៉េទាំងពីរ។ កាលពីឆ្នាំទៅមិញនេះ កូរ៉េខាងត្បូងបានទទួលរងការវាយប្រហារដល់ទៅពីរលើក បណ្តាលឲ្យបាត់បង់ជីវិតមនុស្សប្រមាណ ៥០នាក់ ក្នុងនោះ ក៏មានជនស៊ីវិលផងដែរ។
ហេតុការណ៍បាញ់ច្រឡំលើយន្តហោះស៊ីវិលនៅពេលនេះ បង្ហាញកាន់តែច្បាស់ថែមទៀតអំពីសភាពតានតឹងរវាងកូរ៉េទាំងពីរ។ ទាហានកូរ៉េខាងត្បូងទំនងជាកំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្ន រំពៃមើលជាប់ជានិច្ចខ្លាចមានការវាយឆ្មក់ណាមួយពីកូរ៉េខាងជើង៕
Link:http://www.khmer.rfi.fr/south-korea-soldiers-mistakenly-fired-at-civilian-jet
Subscribe to:
Post Comments (Atom)
No comments:
Post a Comment