Monday, June 20, 2011

ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​ធ្វើ "ស្តេច" នៅ​ពិព័រណ៍​យន្តហោះ​ប៉ារីស

បើ​សិន​ជា​ដូច​ពាក្យ​គេថា “អតិថិជន​ជាស្តេច” មែន ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​អាស៊ី គឺ​​ជា​ស្តេច នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​ប៉ារីស នៅ​ឆ្នាំ​២០១១​នេះ។ យន្តហោះ​រាប់រយ​គ្រឿង​ គិតជាទឹកប្រាក់​រាប់​សិបពាន់លាន​ដុល្លារ នឹង​ត្រូវ​បញ្ជាទិញ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​​អាស៊ី ជាពិសេស​ មកពី​ម៉ាឡេស៊ី និង​ឥណ្ឌា។
ពិព័រណ៍​យន្តហោះ​ប៉ារីស (ឬ​ពិព័រណ៍ Bourget) បានចាប់ផ្តើម​បើកទ្វារ​ជាផ្លូវការ នៅ​ព្រឹកថ្ងៃ​ចន្ទ ២០​ មិថុនា ២០១១​នេះ សម្រាប់​រយៈពេល ៧ថ្ងៃ។ នេះ​គឺ​ជា​ពិព័រណ៍​យន្តហោះ​ដ៏ធំបំផុត នៅលើពិភពលោក ដែល​គេ​តែងតែ​រៀបចំ​ធ្វើ​ជារៀងរាល់ពីរឆ្នាំម្តង។ ក្រៅពី​ការ​ដាក់តាំង និង​ការ​ហោះហើរ​បង្ហាញ​យន្តហោះ​ថ្មីៗ ទំនើបៗ ពិព័រណ៍​យន្តហោះ Bourget ក៏​ជា​ឱកាស​​ដ៏ល្អមួយដែរ ការ​ទិញ-លក់​យន្តហោះ។

ពិព័រណ៍​យន្តហោះ​ឆ្នាំ​នេះ បាន​ចាប់ផ្តើម​បើកទ្វារឡើង ជាមួយ​នឹង​ក្តីសង្ឃឹមថា ទីផ្សារ​អាកាសចរណ៍​នឹង​ចាប់ផ្តើម​ងើបឡើងវិញ បន្ទាប់​ពី​បាន​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច ពី​ឆ្នាំ​២០០៨​មក។ យន្តហោះ​រាប់រយគ្រឿង ជាពិសេស យន្តហោះ​របស់​ក្រុមហ៊ុន Airbus ​នឹង​ត្រូវ​បញ្ជាទិញ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​អាស៊ី។

ក្រុមហ៊ុន​អាកាសចរណ៍​​មួយ​​របស់​ម៉ាឡេស៊ី ឈ្មោះ Air Asia (ទើប​នឹង​បង្កើតឡើង​បាន ៩ឆ្នាំ) នឹង​បញ្ជាទិញ​យន្តហោះធុន A320 របស់​ក្រុមហ៊ុន​ Airbus ចំនួន ២០០​គ្រឿង គិតជាទឹកប្រាក់ ១៧ពាន់លាន​ដុល្លារ។ នេះ​គឺ​ជា​ការ​បញ្ជាទិញ​ដ៏ច្រើន​សន្ធឹកសន្ធាប់​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​ទីផ្សារ​អាកាសចរណ៍។

ការបញ្ជាទិញ​ដ៏​ធំ​ពីរទៀត គឺ​មក​ពី​​ក្រុមហ៊ុន​ឥណ្ឌា (​​ក្រុមហ៊ុន Indigo និង Go Air)។ Indigo នឹង​បញ្ជាទិញ​យន្តហោះ​ Airbus ចំនួន ១៨០​គ្រឿង ចំណែក Go Air ទិញ ៧២​គ្រឿង។​ ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​មកពី​អាស៊ី ដូចជា ហ្វ៊ីលីពីន និង​ថៃ ជាដើម ក៏​នឹង​បញ្ជាទិញ​យន្តហោះ​ជាច្រើន​គ្រឿង​ដែរ ក្នុង​ឱកាស​ពិព័រណ៍​នេះ។

ការ​បញ្ជាទិញ​យន្តហោះ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​​អាស៊ីនេះ គឺ​ជា​ការ​បញ្ជាក់​ថា អាស៊ី​ពិត​ជា​បាន​ងើបចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​លឿន​ជាង​តំបន់​ផ្សេងទៀត​មែន។ ព្រមជាមួយ​នឹង​សក្តានុពល​ដ៏ធំធេង​នៃ​​ទីផ្សារ​ដឹកជញ្ជូន​តាម​អាកាស​ផង​នោះ អាស៊ី​​គឺ​ជាមុខសញ្ញា​ទីមួយ​របស់​ក្រុមហ៊ុន​ផលិតយន្តហោះ ដូចជា Boeing និង Airbus ។

អាស៊ី​គឺ​ជា​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេបំផុត នៅលើពិភពលោក ក្នុង​នោះ ចិន និង​ឥណ្ឌា សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​លេខ១ និង​លេខ២ (ប្រជាជន​ចិន​មាន​ប្រមាណ ១ពាន់ ៣រយ​លាន​នាក់ ចំណែក​ឥណ្ឌា មាន​ប្រមាណ ១ពាន់ ២រយលាន​នាក់)។ គិតជាសរុប ប្រជាជន​នៅអាស៊ី​មាន​រហូតដល់ទៅ​ជាង ៤ពាន់​លាន​នាក់ (ជាង ៦០% នៃ​ប្រជាជន​ពិភពលោក)។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស នៅមាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន។

តាមរយៈ​កំណើន​សេដ្ឋកិច្ច ដែល​មាន​អត្រា​​ខ្ពស់​ជារៀងរាល់​ឆ្នាំ គេរំពឹង​ថា ប្រជាជន​នៅអាស៊ី ដែល​មាន​ចំណូល​មធ្យម​នឹង​មានការ​កើនឡើង​ខ្ពស់។ តម្រូវការ​នៃសេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ក៏​នឹង​មាន​ការ​កើនឡើង​យ៉ាងខ្លាំង​ដែរ នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។ ក្រុមហ៊ុន Boeing និង Airbus រំពឹង​ថា ដល់ពេលនោះ ក្រុមហ៊ុន​អាកាសចរណ៍​នៅអាស៊ី​ប្រាកដ​ជា​ត្រូវ​ការ​យន្តហោះ​ច្រើន ដើម្បី​​បំពេញ​តម្រូវការទីផ្សារ។

ក៏ប៉ុន្តែ ក្នុងពេលជាមួយ​គ្នា​នេះ ចិន​ក៏​កំពុង​ចាប់ផ្តើម​បោះជំហាន​ចូល​ក្នុង​ឧស្សាហកម្ម​ផលិតយន្តហោះ​ដែរ នៅពេលនេះ។ នៅ​ឆ្នាំ​នេះ ចិន​បាន​យក​យន្តហោះ​របស់ខ្លួន​មក​ដាក់តាំង​បង្ហាញ​ជាលើក​ទីមួយ នៅក្នុង​ពិព័រណ៍​យន្តហោះ​ Bourget ។ ទៅថ្ងៃ​អនាគត ចិន​​អាច​នឹង​ក្លាយ​ទៅជា​គូប្រជែង​​មួយ​របស់​ Boeing និង Airbus ជាពិសេស សម្រាប់​ទីផ្សារ នៅ​អាស៊ី៕

No comments:

Post a Comment