Saturday, November 27, 2010

សេអ៊ូល ប្រកាស​សង​សឹក​ ប្រឆាំង​ក្រុង​ព្យុងយ៉ាង Korea will take revenge on Pyongyang

មួយ​ថ្ងៃ​មុន​ការ​បើក​ធ្វើ​សម​យុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សមុទ្ទ​លឿង កូរ៉េ​ខាង​ត្បូង​បាន​សន្យា​នៅ​ថ្ងៃ​សៅរ៍​នេះ ថា​នឹង​សង​សឹក​ ដោយ​គ្មាន​ការ​អនុគ្រោះ​ប្រឆាំង​កូរ៉េ​ខាង​ជើង​ ដែល​​បាន​សម្លាប់​​​ទាហាន​ របស់​ខ្លួន​ចំនួន​ពីរ​នាក់​ស្លាប់ ដោយ​​ការ​បាញ់​កាំ​ភ្លើង​ធំ​ផ្លោង​ទៅ​លើ​កោះ​យ៉ុនព្យុង នៅ​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​អង្គារ​។

ពិធី​បុណ្យ​សព​ទាហាន​​កូរ៉េ​ខាង​ត្បូង​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​​​ថ្ងៃសៅរ៍​ ​នេះ នៅ​ជិតទីក្រុង​សេអ៊ូល ​ ត្រូវ​បាន​គេ​​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កូរ៉េ​ខាង​ត្បូង ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ឥស្សរជន​នយោបាយ​ និង​យោធា ជា​ច្រើន​រូប ព្រម​ទាំង​គ្រួសារសព​ផង ប្រកប​ដោយ​ទឹក​ចិត្ត​សោក​សៅ​បំផុត និង​ពោរ​ពេញ​ទៅ​ដោយ​គំនុំ​យ៉ាង​ពើត​ផ្សា។

“យើង​​ធានា​ថា​នឹង​សង​សឹក​ជូនព្រលឹង​​អ្នក​វិញ!” នេះ​ជា​​ប្រសាសន៍​របស់​អគ្គ​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹកកូរ៉េ​ខាង​ត្បូង នៅ​ចំពោះមុខ​​រូប​ថត​សពទាហាន​ទាំង​ពីរ​រូប ដែល​លម្អ​ទៅ​ដោយ​កម្រង​ផ្កា​ពណ៌​ស។ “ប្រសិន​បើ​​មាន​ការ​វាយ​ប្រហារ​ទៀត សេអ៊ូល​នឹង​សងសឹក​យ៉ាង​ចាស់​ដៃ និងដោយ​​ទាន់​ហន់​ប្រឆាំង​ទល់​នឹង​ក្រុង​ព្យុង​យ៉ាង​ មួយ​រយ​ដង​លើស​ពី​អ្វី​ដែល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ចំពោះ​ខ្លួន” ! នេះ​ជា​សេចក្តី​ថ្លែង​ការណ៍​ដំបូង​​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៅ​ថ្ងៃ​នេះ។ ចំណែក​ក្រុម​ទាហាន​​វិញ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា ស្រែក​ប្រកាស​ត្រៀម​ខ្លួន​ចូល​​សមរភូមិ ​នៅ​កណ្តាល​ទីក្រុង​សេអ៊ូល ដុត​បំផ្លាញ​ទង់​ជាតិ​ និង​រូប​ថត​ប្រមុខ​កូរ៉េ​ខាង​ជើង​​ គីម​ ជុង​អ៊ីល និង​គីមជុង​អ៊ុន។

អាយុ​២០ និង​២២​ឆ្នាំ ទាហាន​ទាំង​ពីរ​រូប​នេះ​ បាន​ពលី​ជីវិត​​ក្នុង​សមរភូមិ ​​​ដោយ​ត្រូវ​គ្រាប់​សំណ​កូរ៉េ​ខាង​ជើង​ដែល​បាន​បាញ់​ផ្លោង​​មក​លើ​​កោះ​ យ៉ុងព្យុន ក្នុង​សមុទ្ទ​លឿង ក្បែរ​ព្រំ​ដែនខណ្ឌ​ចែក​​កូរ៉េ​ទាំង​ពីរ​ ជាមួយ​នឹង​​​ជន​ស៊ីវិល​ពីរ​នាក់​ផ្សេង​ទៀត កាលពីថ្ងៃ​អង្គារ​។ ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ មិន​ធ្លាប់​មាន​តាំង​ពី​៦០​ឆ្នាំ​កន្លង​មកនេះ​ ហាក់​​បានដាស់​ស្មារតី​​កូរ៉េ​ខាង​ត្បូង​ ឲ្យ​ភ្ញាក់​ខ្លួន​ ​រៀប​ចំ​កម្លាំង​ទ័ព​ឡើង​វិញ ដើម្បី​​​ត្រៀមវាយ​បក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។ កូរ៉េ​ខាង​ជើង ដែល​អត់​ឃ្លាន តែ​មាន​សមត្ថភាព​យោធា​ ហួស​ពី​ការ​គិត។

នៅ​ថ្ងៃ​ស្អែក សមយុទ្ធ​​កូរ៉េ​ខាង​ត្បូង-​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​ចាប់​ផ្តើម នៅ​ក្នុងសមុទ្ទ​លឿង។ ​កូរ៉េខាង​ជើង​បាន​ព្រមាន​សាជា​ថ្មី​ នៅ​ថ្ងៃ​នេះ​ ថា​​កាំ​ភ្លើង​ធំ​របស់​ខ្លួន​បាន​បែរ​កាណុង រួច​ជា​ស្រេច​នឹង​វាយ​ប្រហារ​​ ដោយ​គ្មាន​អាសូរ​​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​ ប្រសិន​បើ​មាន​ករណី​រំលោភ​បំពាន​ទៅ​​លើ​បូរណភាព​ដែន​ដី ដែន​ទឹក​ និង​ដែន​អាកាស​របស់​ខ្លួន​នោះ៕

By RFI...

No comments:

Post a Comment