Friday, July 22, 2011
ការបើកកិច្ចចរចារវាងកូរ៉េទាំងពីរស្តីពីកម្មវិធីនុយក្លេអ៊ែរនៅកោះបាលី
អន្តរការីកូរ៉េខាងត្បូង លោក Wi Sung-lac (ស្តាំ)និងអន្តរការីកូរ៉េខាងជើងលោក Ri Yong-Ho ដែលជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងចាប់ដៃគ្នានាពេលជួបគ្នានៅសណ្ឋាគារនៅNusa Dua,Bali, ២២កក្កដា២០១១។
អន្តរការីកូរ៉េខាងត្បូងនិងខាងជើង បានជួបគ្នានាថ្ងៃសុក្រ២២កក្កដានេះនៅលើកោះបាលីប្រទេសឥណ្ឌូណេស៊ី។ គឺជាកិច្ចចរចាដ៏សំខាន់និងលើកទីមួយរវាងភាគីកូរ៉េទាំងពីរ ស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ ២០០៨មក។ ម្យ៉ាងទៀត ជំនួបនេះ គឺដើម្បីរៀបចំនូវជំនួបប្រាស្រ័យមួយថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kim Sung-Hwan និងសមភាគីកូរ៉េខាងជើងលោក Pak Ui-Chun នៅកោះបាលី ជាជាទីដែលមានសម័យប្រជុំមួយរបស់អាស៊ានស្តីពីសន្តិសុខក្នុងតំបន់ដែរ។
គឺជាជំនួបប្រាស្រ័យលើកទីមួយរវាងអន្តរការីរបស់កូរ៉េទាំងពីរ ចាប់តាំងពី ពីរឆ្នាំ៧ខែមកហើយ។ នេះ ជាការគូសបញ្ជាក់របស់ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងត្បូងដែលបានអះអាងទៀតថា ជំនួបនេះ បានផ្តើមឡើងនៅម៉ោង ៧ ម៉ោងសកល រវាង អន្តរការីកូរ៉េខាងត្បូង លោក Wi Sung-Lac និងអន្តរការីកូរ៉េខាងជើង លោក Ri Yong-Ho។
ជាការចរចាប្រកបដោយលក្ខណៈស្ថាបនា ព្រោះ ភាគីទាំងពីរ សុទ្ធតែបានបង្ហាញពីចេតនា វិលទៅកាន់តុចរចា ៦ ភាគី ក្នុងពេលដ៏ខ្លីខាងមុខ តាមតែអាចធ្វើទៅបាន។
គួររំលឹកថា កូរ៉េខាងជើង ធ្លាប់បានដើរចេញពីតុចរចារ៦ភាគី( កូរ៉េទាំងពីរ សហរដ្ឋអាមេរិក រុស្ស៊ី ចិននិងជប៉ុន) ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីខែធ្នូឆ្នាំ២០០៨។ ដោយថែមទាំងបានផ្គើន សហគមន៍អន្តរជាតិតាមរយៈការបាញ់សាកល្បងកាំជ្រួចនុយក្លេអ៊ែរជាលើកទីពីរ។ តាំងពីពេលនោះមក កូរ៉េខាងជើង បានច្រានចោលកិច្ចចរចា ជាឧភតោភាគីជាមួយកូរ៉េខាងត្បូងស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទៀតដោយកូរ៉េខាងជើងសំអាងថា អាវុធនុយក្លេអ៊ែរនេះ ជាមធ្យោបាយតែមួយគត់ សំរាប់ប្រឆាំងតទល់នឹងសហរដ្ឋអាមេរិក។
ប្រទេសចិនវិញ ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើងតែងបានខិតខំនិយាយបញ្ចុះបញ្ចូលដើម្បីជំរុញកូរ៉េខាងជើងឲ្យសុខចិត្តធ្វើការចរចាជាមួយកូរ៉េខាងត្បូង មុននឹងចូលចរចា ជាមួយ ៦ភាគី។
យ៉ាងណាមិញ កិច្ចសន្ទនានៅថ្ងៃ សុក្រ ២២ កក្កដានេះ ត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានធ្លាក់ចុះយ៉ាងដុនដាប អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ។
កូរ៉េខាងត្បូង ទាមទារឲ្យទីក្រុងព្យុងយ៉ាង សុំទោសខ្លួន បន្ទាប់ពីមានឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរពីរកើតឡើងនៅឆ្នាំ ២០១០ ។ គឺនៅខែមីនា កូរ៉េជាងជើង-បានបាញ់ផ្លោងគ្រាប់បែកប្រឆាំងទល់នឹងនាវាមុជទឹកកូរ៉េខាងត្បូង និង ម្តងទៀតនៅខែវិច្ឆិកា បានបាញ់គ្រាប់បែកទៀតប្រឆាំងទៅលើកោះមួយរបស់កូរ៉េខាងត្បូង។ ក៏ប៉ុន្តែមកទល់ពេលនេះ កូរ៉េខាងជើង បានបដិសេធជានិច្ច ចំពោះ ការចោទប្រកាន់ទាំងពីរលើករបស់កូរ៉េខាងត្បូងនេះ៕
Link:http://www.khmer.rfi.fr/The%20nuclear%20envoys%20of%20Southe%20and%20North%20Korea%20meet%20%20on%20the%20sidelines%20of%20an%20Asian%20forum%20in%20Bali%20on%20Friday%20to%20talk%20about%20nuclear.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment